ព័ត៌មាន
គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងប្រគល់-ទទួល គម្រោងលើកកម្រិតគុណភាពផ្លូវបេតុង ១ខ្សែ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់-ទទួល លើគម្រោងការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១.៣៥០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
គម្រោងនេះ មិនត្រឹមតែផ្តោតលើការស្ថាបនាផ្លូវបេតុងប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលទាំងការស្ថាបនាសំណង់ដោះទឹករាងអក្សរវី (V) សងខាងផ្លូវប្រវែងសរុប ២.៣៥០ម៉ែត្រ ការដំឡើងស្លាកសញ្ញាចរាចរណ៍ចំនួន ១៤ផ្លាក គំនូស ៥៧៥ដើម និងរនាំងដែកសុវត្ថិភាពប្រវែង ៤៥០ម៉ែត្រ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ ។ ដោយការងារនេះ ត្រូវបានអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដោយប្រើប្រាស់ថវិកាជំពូក២១ របស់រាជរដ្ឋាភិបាល ។
ក្នុងឱកាសចុះត្រួតពិនិត្យផ្លូវ១ខ្សែនេះ ឯកឧត្តម ប៉ែន ពេជ្រសាលី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងបានធ្វើការកោតសរសើរខ្ពស់ ចំពោះការបំពេញការងាររបស់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលបានខិតខំស្ថាបនាផ្លូវបេតុងនេះ ដើម្បីបម្រើផលប្រយោជន៍ដល់មូលដ្ឋាន ។
ឯកឧត្តមបានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗ គឺទី១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង, ទី២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ តាមរយៈជំរុញអត្រាគ្របដណ្ដប់ នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០ភាគរយ, ទី៣. ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ តាមរយៈការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ដែលជាការអភិវឌ្ឍភូមិចម្រុះឱ្យប្រែក្លាយទៅជាភូមិគំរូ, ទី៤. លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត និងទី៥. ការពង្រឹងស្ថាប័ន និងកិច្ចការតាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំនូវសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើ និងស្នើមន្ត្រីជំនាញនាយកដ្ឋានកងវិស្វកម្មបន្តត្រួតពិនិត្យ លើការងារថែទាំផ្លូវខាងលើឱ្យបានល្អ ដើម្បីធានាគុណភាព សោភ័ណភាព និងសុវត្ថិភាព ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការណែនាំប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាផ្លូវទាំងនេះ ជាពិសេសហាមឃាត់ មិនឱ្យមានការដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវឱ្យនៅគង់វង្សយូរអង្វែង ។
គួរបញ្ជាក់ថា សម្រាប់ការការចុះត្រួតពិនិត្យ និងវាយតម្លៃនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងស្ថាប័នពាក់ព័ន្ធ ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ តាមរយៈគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ៕ អត្ថបទ បាន សុខរិទ្ធិ






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង