ព័ត៌មាន
អភិបាលរាជធានីភ្នំពេញស្នើឱ្យតំណាង UNESCO រាយការណ៍ពីការបំផ្លាញប្រាសាទព្រះវិហារដោយកងទ័ពថៃ
អភិបាលរាជធានីភ្នំពេញស្នើឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅយូណេស្កូ ពីការខូចខាតប្រាសាទព្រះវិហារ ដោយការទម្លាក់គ្រាប់ពីសំណាក់កងទ័ពថៃ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅអង្គការយូណេស្កូ ពីការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដោយការទម្លាក់គ្រាប់ពីសំណាក់កងទ័ពថៃ ឈ្លានពានមកលើទឹកដីកម្ពុជាក្នុងអំឡុង ឆ្នាំ២០២៥កន្លងទៅ។
ការស្នើនេះបានធ្វើឡើងនាជំនួបសម្តែងការគួរសមជាមួយលោក ផ្លាវីយ៉ូ បូណែតទី (Mr. Flavio Bonetti) តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា នៅពេលសង្រ្គាមបានកើតឡើងដោយការឈ្លានពានរបស់កងទ័ពថៃ កងទ័ពថៃបានទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រាសាទនៅតាមព្រំដែន ដូចជាប្រាសាទតាក្របី និងប្រាសាទព្រះវិហារជាដើម ហើយធ្វើឱ្យខ្ទេចខ្ទាំខ្លាំងជាងគេនោះ គឺប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក។ ខណៈពេលរៀបរាប់នោះ ឯកឧត្តម ឃួង ស្រេង បានស្រក់ទឹកភ្នែកសោកស្ដាយចំពោះការបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់ធ្វើឱ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័នានា ព្រមទាំងប្រាសាទខ្មែរ ដូចជាប្រាសាទតាក្របី ប្រាសាទតាមាន់ និងប្រាសាទព្រះវិហារ។
ឯកឧត្ដមបន្តថា ប្រាសាទព្រះវិហារមិនមែនត្រឹមជាសម្បត្តិបេតិកភណ្ឌសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ តែជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិរបស់ពិភពលោក។ ដូច្នេះជាសំណូមពររបស់រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅអង្គការយូណេស្កូ ពីការខ្ទេចខ្ទាំប្រាសាទព្រះវិហារ ដោយការទម្លាក់គ្រាប់របស់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជា។ បើគិតប្រវត្តិសាស្ត្រពីអតីតកាល កងទ័ពសៀមបានយកសត្វដំរីជាច្រើនមកទាញបំផ្លាញប្រាសាទព្រះវិហារ តែយើងមិនបានជឿទាំងស្រុងទេ ព្រោះយើងមិនបានឃើញដោយផ្ទាល់ តែជាក់ស្តែងគឺកាលពីខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ ប្រជាជនខ្មែរបានឃើញច្បាស់ពីអំពើអមនុស្សធម៌របស់កងទ័ពថៃ ដោយបានបំផ្លាញដោយផ្ទាល់លើប្រាសាទព្រះវិហារ។ ឯកឧត្តម ឃួង ស្រេង បន្តទៀតថា កម្ពុជាបានហែលឆ្លងសង្គ្រាមគ្រប់បែបយ៉ាង តែមិនធ្លាប់ឈឺចាប់ខ្លាំងដូចពេលដែលកងទ័ពថៃឈ្លានពានចូលដីកម្ពុជា និងបានបំផ្លាញសម្បតិ្តបេតិកភណ្ឌមនុស្សជាតិនោះទេ។
ជាការឆ្លើយតប លោក ផ្លាវីយ៉ូ បូណែតទី បានមានប្រសាសន៍ថា កាលពីខែមីនា កន្លងទៅនេះ លោក និងក្រុមការងារបានចុះទៅដល់ប្រាសាទព្រះវិហារ ដោយបានឱ្យក្រុមការងារពិនិត្យ និងវាយតម្លៃផលប៉ះពាល់តួប្រាសាទ និងសិក្សាគម្រោងជួសជុលប្រាសាទព្រះវិហារឡើងវិញ ដើម្បីគៀងគរជំនួយសម្រាប់ការជួសជុលនេះ។ លោកបានបន្តថា អង្គការមិនត្រឹមគិតគូរតែការថែទាំ និងជួសជុលប្រាសាទឡើងវិញប៉ុណ្ណោះទេ តែអ្វីដែលសំខាន់មួយទៀតនោះ គឺត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋជាជនភៀសសឹក មានសុខភាពល្អ ការរស់នៅក្នុងជីវភាពសមរម្យ និងពិសេសបានឆាប់ត្រឡប់ទៅលំនៅដ្ឋានរបស់វិញ។
លោក ផ្លាវីយ៉ូ បូណែតទី បានបន្តថា អង្គការយូណេស្កូកំពុងបំពេញបេសកកម្មក្នុងក្របខណ្ឌច្បាប់អន្តរជាតិ នឹងបន្តការងារយ៉ាងសកម្ម ដើម្បីគាំទ្រកម្ពុជាក្នុងការថែរក្សាបេតិកភណ្ឌ ដោយរាជធានីភ្នំពេញក៏ដូចជាព្រះរាជាណាចក្រកម្ពុជា មានសម្បត្តិបេតិកភណ្ឌយ៉ាងសំបូរបែប ទៅតាមផែនការ និងកញ្ចប់ថវិការបស់ខ្លួនដែលមាន៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣