ព័ត៌មាន
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមជម្រាបជូនថា រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋស៊ីវិល នៅតំបន់បឹងត្រកួនចំនួន ១៨៧០គ្រួសារ ស្មើនឹង ៨៧៩០នាក់ ក្នុងនោះមានកុមារចំនួន ១៩៨០នាក់ ដែលកំពុងភៀសសឹក ហើយនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយ ខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅទីតាំងខាងលើតាមរយៈការរាយបន្លាលួស ដាក់ពង្រាយទូកុងតឺន័រ រួមទាំងផ្ទះសម្បែងរបស់ពួកគាត់ក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។
ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាង លើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជា ដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនូវរាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា។








-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង