ព័ត៌មាន
គិតត្រឹមសប្តាហ៍ទី៣០ ក្នុងឆ្នាំ២០២៦ ជំងឺគ្រុនឈាមនៅទូទាំងប្រទេស កើតមាន ៤០,៩១៥ករណី និងបណ្តាលឱ្យមានអ្នកស្លាប់ ៥៨នាក់
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី ការថែទាំ និងព្យាបាលជំងឺគ្រុនឈាម សម្រាប់បុគ្គលិកសុខាភិបាល នៅខេត្តកំពង់ចាម កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមាន ប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នអ្នកកើតជំងឺគ្រុនឈាម កំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត។
ឯកឧត្តម បានគូសបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី៣០ ក្នុងឆ្នាំ២០២៦ ជំងឺគ្រុនឈាមនៅទូទាំងប្រទេស មានចំនួនសរុបដល់ទៅ ៤០,៩១៥ករណី និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៥៨នាក់។ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ករណីនេះ មានការកើនឡើងយ៉ាងគំហុក ពោលគឺករណីឆ្លងកើនឡើងចំនួន ១៦,៥១៨ករណី ស្មើនឹង ៦៧.៧% និងអត្រាស្លាប់ កើនឡើងចំនួន ១៨នាក់ ស្មើនឹង ៤៥%។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺក្នុងអំឡុងពេល ២សប្តាហ៍ចុងក្រោយនេះ អត្រាចម្លងបានបន្តកើនឡើងចំនួន៧% បន្ថែមទៀត។
ឯកឧត្តម មានប្រសាសន៍បន្ថែមថា ខេត្តកំពង់ចាម ក៏កំពុងស្ថិតក្នុងចំណោមខេត្តដែលមានករណីឆ្លងច្រើនជាងគេផងដែរ។ ផ្អែកតាមទិន្នន័យរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្ត បង្ហាញថា ត្រឹមខែកក្កដាកន្លងទៅនេះ ខេត្តកំពង់ចាមមានអ្នកជំងឺគ្រុនឈាម រហូតដល់ ២០២១ករណី។ ជំងឺនេះ មិនត្រឹមតែគំរាមកំហែងដល់សុខភាពសាធារណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆក់យកអាយុជីវិតរបស់កុមារ និងប្រជាពលរដ្ឋ បើមិនមានការសង្គ្រោះទាន់ពេលវេលានោះទេ។
ក្រសួងសុខាភិបាលបានព្រមានថា ប្រសិនបើលោកអ្នក ឬសមាជិកគ្រួសារមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗចាប់ពី ៣៩ ទៅ ៤០អង្សាសេ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងអំឡុង៤៨ម៉ោងយ៉ាងតិច និងសូមទូរសព្ទទៅលេខ ១១៥ បើមានសំណួរបន្ថែម ឬចូលរួមរាយការណ៍ ដោយកុំទិញថ្នាំឱ្យកូនលេបដោយខ្លួនឯង ការពន្យារពេលអាចធ្វើឱ្យជំងឺធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត។
ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរស្រប នឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»។
តាមការសិក្សាស្រាវជ្រាវ សត្វមូសខ្លាចូលចិត្តរស់នៅកន្លែងទឹកដក់ នៅក្នុងវត្ថុដក់ទឹក ដូចជា សំបកកង់ យានយន្តទុកចោលពាសវាលពាសកាល ត្រឡោកដូង កែវ ចានជ័រ/ស្ងោរ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជំរកសត្វមូសខ្លា។ សត្វមូសខ្លា ចូលចិត្តសំងំលាក់ខ្លួននៅក្នុងទីកន្លែងងងឹតៗ ឬមិនសូវមានពន្លឺថ្ងៃចូលដល់៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣