ព័ត៌មាន
រាជរដ្ឋាភិបាលនឹងបន្តលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
រាជរដ្ឋាភិបាលលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដោយផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែម, អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រា និងពន្ធលើអចលនទ្រព្យលើសំណង់ចុងក្រោយ និងលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្ម សិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីជូនដំណឹង ស្តីពីគោលការណ៍លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ, យោងអនុលោមតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លើលិខិតលេខ ៧៧៦៨ សហវ.លស ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជម្រាបជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ និងសាធារណជនឱ្យបានជ្រាប ដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រតាមរយៈការលើកលែង និងអនុគ្រោះផ្នែកពន្ធដាររួមមាន៖ ផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែម ចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរងពិន័យស្មើនឹង ១០០ ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់ ចំពោះដីកាអម ឬដីកាបញ្ជូនហួសរយៈពេល ៣ ខែ នៃកាលបរិច្ឆេទដែលចេញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត រហូតដល់ដំណាច់ឆ្នាំ២០២៧។
អនុញ្ញាតពន្យារសុពលភាពនៃសេចក្តីជូនដំណឹងលេខ ៣៦៧ សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ របស់ទីស្តីការគណៈ រដ្ឋមន្ត្រី ដោយអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយ ចំពោះករណីអចលនទ្រព្យដែលមានសាវតារ ផ្ទេរសិទ្ធិកាន់ កាប់បន្តដៃគ្នាច្រើនដង ត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦។
អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រា និងពន្ធលើអចលនទ្រព្យលើសំណង់ចុងក្រោយ ដោយគ្រាន់តែមានលិខិតអនុញ្ញាតសាងសង់ ឬមានការបញ្ជាក់ពីសំណង់ ដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ លើកាលបរិច្ឆេទសាងសង់។ និងការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណនិងតួនាទីភារកិច្ចពីអង្គភាពសាមី។ ការអនុគ្រោះនេះ ពុំមានអានុភាពប្រតិសកម្ម ចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។
បញ្ហានេះដែរ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់អចលនទ្រព្យដែលមាន ឯកសារ កំពុងដំណើរការនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ឬនៅរដ្ឋបាលសារពើពន្ធ សូមរួសរាន់ទៅ បំពេញបែបបទ និងនីតិវិធីនៃការចុះបញ្ជីដីធ្លី និងបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬ សិទ្ធិកាន់កាប់អចលនទ្រព្យ ឬពន្ធលើអចលន ទ្រព្យ ដើម្បីអាចទទួលបណ្ណកម្មសិទ្ធិបានឆាប់រហ័ស៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣