ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ជូនអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកថា កម្ពុជាបន្តកិច្ចសន្ទានាដោយសន្តិវិធី ក្នុងការដោះស្រាយភាពតានតឹងនូវជម្លោះព្រំដែន
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជូនឯកឧត្តម អេលប៊្រីដ ខូលប៊ី (ELBRIDGE A.COLBY) អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកថា កម្ពុជាបន្តកិច្ចសន្ទានាដោយសន្តិវិធីក្នុងការដោះស្រាយភាពតានតឹងនូវជម្លោះព្រំដែនកម្ពុជា-ថៃ។ ហើយសង្ឃឹមថាទាំងអាស៊ាន ជាពិសេសកិច្ចប្រជុំ ADMM -ADMM-Plus ខាងមុខនេះ សហរដ្ឋអាមេរិកនឹងដើរតួនាទីសម្របសម្រួលនូវកិច្ចការផ្សេងៗ និងការដោះស្រាយបញ្ហានៅក្នុងតំបន់។ ការបញ្ជាក់នេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ។
នៅក្នុងកិច្ចជំនួប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ជាពិសេសនៅក្នុងវិស័យការពារជាតិមានការកើនឡើងនូវទំនាក់ទំនងដ៏ល្អជាមួយគ្នា ។ ហើយវត្តមានរបស់ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម សហរដ្ឋអាមេរិក និងគណៈប្រតិភូ នាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ ការបង្កើននិងពង្រឹងនូវទំនាក់ទំនងរបស់កងទ័ពនៃប្រទេសទាំងពីរ ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងនូវអំណរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលកន្លងមកតែងតែយកចិត្តទុកដាក់ដល់ការងារមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយកចិត្តទុកដាក់ក្នុងការសម្របសម្រួលពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានថ្លែងអំណរអរគុណចំពោះឯកឧត្តម ប្រធានាធិបតី ដូណូល ត្រាំ ដែលបានជួយសម្របសម្រួលស្វែងរកសន្តិភាពជូនកម្ពុជាកន្លងមកនៅកូឡាឡាំពួរ ។ ក្នុងនោះ អនុព័ន្ធយោធាសហរដ្ឋអាមេរិក ក៏តែងបានចូលរួមជាមួយអ្នកសង្កេតការណ៍អាស៊ាន និងក៏បានចុះសង្កេតការណ៍នៅទីតាំងដោយផ្ទាល់ផងដែរ។
ឯកឧត្តម ទៀ សីហា បានលើកឡើងថា បច្ចុប្បន្ននេះ ក្រុមការងាររបស់យើងកំពុងសហការគ្នានិងសម្របសម្រួលនៃការទំនាក់ទំនងនៃក្រសួងការពារជាតិទាំងពីរ ក្នុងនោះយើងទទួលបានលទ្ធផលជាផ្លែងផ្កា ជាពិសេសការហ្វឹកហ្វឺនដោយទទួលសិក្ខាកាមកម្ពុជាទៅហ្វឹកហ្វឺននៅសហរដ្ឋអាមេរិក ដែលនៅក្នុងឆ្នាំ២០២៦នេះ មានការកើនឡើងនៃការទទួលយកសិក្ខាកាមកម្ពុជា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម អេលប៊្រីដ ខូលប៊ី (ELBRIDGE A.COLBY) អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ក្រសួងសង្គ្រាមយើងរីករាយណាស់ចំពោះការមើលឃើញនូវវឌ្ឍនភាពនៃទំនាក់ទំនងនៅក្នុងកម្រិតក្រសួងការពារជាតិទាំងពីរ ហើយយើងរំពឹងទុកចំពោះវឌ្ឍនភាពនៅពេលអនាគតបន្ថែមទៀត។ ឯកឧត្តម បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាបានទទួលស្វាគមន៍នាវាចម្បាំងសហរដ្ឋអាមេរិក នៅឯមូលដ្ឋានទ័ពរាម ហើយនៅថ្ងៃនេះសហការីរបស់លោកក៏នឹងទៅទស្សនកិច្ចនៅទីនោះផងដែរ ។
ឯកឧត្តម បានបញ្ជាក់ថា កាលពី៤-៥ខែមុន ឯកឧត្តមមានកិត្តិយសបានជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី នៅពេលដែលលោកមានវត្តមាននៅឯរដ្ឋធានីវ៉ាស៊ីតោន ចូលរួមនៅក្នុងកិច្ចសន្ទនាស្តីអំពីសន្តិភាពព្រំដែន ហើយលោកក៏បានចូលរួមនៅក្នុងគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធសន្តិភាពព្រំដែននេះ។ ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម សហរដ្ឋអាមេរិក ក៏បានបញ្ជាក់នូវគោលជំហរថា នៅតែបន្តគាំទ្រចំពោះសន្តិភាព និងស្វែងរកសន្តិភាពនៅក្នុងជម្លោះនេះ និងបទឈប់បាញ់ ។ ជាមួយគ្នានេះ ឯកឧត្តម ក៏ក៏បានជម្រាបជូនអំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ាអាគ្នេយ៍នេះ គឺបានចាប់ផ្តើមទស្សនកិច្ចនៅប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ និងព្រះរាជាណាចក្រកម្ពុជា ។ សារដែលចង់ជម្រាបជូននៅថ្ងៃនេះ គឺដូចគ្នាអ្វីដែលឯកឧត្តមបានជួបពិភាក្សាសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា កាលពី៤ និង៥ខែមុននោះដែរ។ ហើយសារទាំងនោះ គឺចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យទំនាក់ទំនងនៅក្នុងតំបន់នេះកាន់តែស៊ីជម្រៅ រួមទាំងប្រទេសកម្ពុជាផងដែរ ដោយផ្អែកទៅលើការគោរពគ្នាទៅវិញទៅមក ការប្រើប្រាស់នូវវិធីសាស្ត្រដែលពិតជាក់ស្តែង គោរពចំពោះជាតិនិយម គោរពចំពោះបូរណភាពទឹកដី ហើយនិងផលប្រយោជន៍ដែលសមស្របនានា មិនមែនជាការទំនាក់ទំនងដោយរឹងរួស ដោយមិនមានការប្រែប្រួលនោះទេ ហើយក៏មិនបានស្នើសុំដល់ប្រទេសទាំងនោះ រួមទាំងកម្ពុជាផង ត្រូវធ្វើការថាជ្រើសរើសយកភាគីណាមួយនោះដែរ គឺយើងព្យាយាមជួយធ្វើម៉េចឱ្យមានទំនាក់ទំនងមួយ ដែលមានស្ថេរភាព។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ជាថ្មីថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាបន្តកិច្ចសន្ទានាដោយសន្តិវិធី ធ្វើយ៉ាងណាដោះស្រាយភាពតានតឹងនូវជម្លោះព្រំដែន ។ ជាការពិតណាស់ក្នុងតំបន់ភាពជាសមាជិកនៃអាស៊ាន គឺប្រទេសផ្សេងៗមានផលលំបាកក្នុងការយកបញ្ហាមកដោះស្រាយនៅក្នុងវេទិកានេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាសង្ឃឹមថា ទាំងអាស៊ាន និងជាពិសេសកិច្ចប្រជុំ ADMM -ADMM-Plus ខាងមុខនេះ សហរដ្ឋអាមេរិកនឹងដើរតួនាទីសម្របសម្រួលនូវកិច្ចការផ្សេងៗ និងការដោះស្រាយបញ្ហានៅក្នុងតំបន់ ៕ អត្ថបទ: វង្ស សុភាព









-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា