Connect with us

ព័ត៌មាន

ទីភ្នាក់ទេសចរណ៍បីប្រទេស មកសិក្សារៀបចំកញ្ចប់ទេសចរណ៍នាំទេសចរមកទស្សនាកម្ពុជា

នៅថ្ងៃទី៥ ខែកញ្ញា នេះ មានក្រុមហ៊ុនការីទេសចរណ៍ មកពីប្រទេសនេប៉ាល់ មីយ៉ាន់ម៉ា និង​ប្រទេស​ហ្វីលីពីន (ដែលមានអ្នកផលិតមាតិកាប្រមាណ៤០រូប) បានមកដល់​កម្ពុ​ជា​ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​ជំនួ​បពាណិជ្ជកម្មទេសចរណ៍កម្ពុជា CTM 2026 Mini-Series ជុំទី៥ បំណង​ស្វែង​យល់​ដោយ​ផ្ទាល់នូ​វបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងស្វែងរក​ឱកាស​បង្កើត​ផលិត​ផល និងកញ្ចប់ទេសចរណ៍ថ្មីៗនាំទេសចរនានាមកទស្សនាកម្ពុជា។

អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រធាន និងតំណាង​ប្រធាន​ក្រុម​ហ៊ុន​ការីទេ​សចរណ៍​មក​ពីប្រទេសមីយ៉ាន់ម៉ា បានប្រាប់BTV ថា ការធ្វើដំណើរមកកម្ពុជានាពេលនេះ បំណង​ចូល​រួម​ព្រឹត្តិការរណ៍CTM ដែលរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកPATA នៅ​កម្ពុជា ​មានរយៈពេល៦យប់៧ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកញ្ញា ហើយក្នុង​រយៈ​ពេល​នេះ ​បណ្តាក្រុមហ៊ុនការីទេសចរណ៍ទាំងអស់គ្នា នឹងធ្វើដំណើរសិក្សាស្វែងយល់ដោយផ្ទាល់ អំពី​សក្តា​នុពលទេសចរណ៍កម្ពុជា នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តកំពត កែប ហើយ​ផ្សព្វ​ផ្សាយ​គោល​ដៅទេសចរណ៍កម្ពុជាទាំងនោះ នៅក្នុងប្រទេសគេ និងនាំគ្នាភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​។

បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកPATAនៅកម្ពុជា ថ្លែងថា កម្មវិធី CTM 2026 Mini-Series ជុំទី៥នេះ គឺមានការទទួលស្វាគមន៍ក្រុមហ៊ុនភាគីទិញ Hosted Buyers ចំនួន ៤០រូប ក្នុងនោះការីទេសចរណ៍ មកពីប្រទេសមីយ៉ាន់ម៉ា ២៤ក្រុមហ៊ុន ប្រទេស​នេប៉ាល់ ១៣ក្រុមហ៊ុន និងប្រទេសហ្វីលីពីន ៣ក្រុមហ៊ុន មានសមាស​ភាព​ជា​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ទេសចរណ៍ អ្នកគ្រប់គ្រងជាន់ខ្ពស់ Tour Operators និងអ្នកជំនាញផ្នែកលក់ និងទីផ្សារ។

លោកបណ្ឌិតបានបន្តថា កម្មវធីCTMលើកនេះ នឹងបង្ហាញថា កម្ពុជាគឺ​មិន​មែន​មាន​តែ​គោល​ដៅ​ទេសចរណ៍​បេតិកភណ្ឌមួយមុខនោះទេ ពោលគឺកម្ពុជា​មាន​គោល​ដៅ​ទេសចរ​ណ៍​ល្អ​ប្រណីត​ច្រើន​កន្លែង​ទៀត ​ដែលអាចផ្តល់បទពិសោធន៍ចម្រុះ ចាប់ពីអរិយធម៌ និងវប្បធម៌ ជីវិតទីក្រុង និង​ម្ហូប​អាហារ រហូតដល់ធម្មជាតិ សហគមន៍ សមុទ្រ និងការសម្រាកលំហែដ៏ល្អឯក នៅខេត្តកំពត និង​ខេត្តកែប​។

បណ្ឌិត ធួន ស៊ីណាន ក៏បានអំពាវនាវដល់សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋាន សេវាដឹកជញ្ជូន ក្រុមហ៊ុនអាកាសចរណ៍ និងដៃគូពាក់ព័ន្ធ ចូលរួម​ប្រើប្រាស់​វេទិកា​នេះ ​ដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ ពង្រីកបណ្តាញអាជីវកម្ម និងនាំ​ផលិត​ផល​ទេសចរណ៍​កម្ពុជាទៅកាន់ទីផ្សារថ្មីៗ និងជំរុញការផ្សព្វផ្សាយ​កម្ពុជា​ទៅកា​ន់​ពិភព​លោក​ឲ្យ​​ទូលំ​ទូលាយ​៕ ​អត្ថបទ៖ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia