ព័ត៌មាន
ឯកឧត្តម ខៀវ កាញារីទ្ធ៖ ថ្ងៃ៧ មករា ជាសក្ខីភាពដែលធ្វើឱ្យកម្ពុជារស់ ហើយមកដល់ឥឡូវនេះគឺធ្វើឱ្យកម្ពុជារឹងមាំ
ឯកឧត្តម ខៀវ កាញារីទ្ធ ជាសមាជិកគណៈកម្មាធិកណ្តាលគណបក្សប្រជាជនកម្ពុជា បានលើកឡើងពីភាពពិតនៃប្រវត្តិសាស្ត្រកម្ពុជាថា ថ្ងៃ៧ មករា ជាសក្ខីភាពដែលធ្វើឱ្យកម្ពុជារស់ ហើយមកដល់ឥឡូវនេះគឺធ្វើឱ្យកម្ពុជារឹងមាំ។
ការលើកឡើងនេះ ធ្វើឡើងក្នុងបាឋកថាជាស៊េរី “កេរដំណែលរស់៖ គុណតម្លៃ ៧មករា” ក្រោមប្រធានបទ “វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ” នៅសាលប្រជុំ នៃវិមាន ៧ មករា ដែលរៀបចំឡើងនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦។
ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានរំលឹកដល់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលដោះស្រាយបញ្ហាពាក់ព័ន្ធនឹងគម្រោងនាំយករថយន្តអគ្គិសនីមកបម្រើសេវាដឹកជញ្ជូនភ្ញៀវទេសចរនៅតំបន់អង្គរ ជំនួសការប្រើប្រាស់រថយន្តប្រើប្រេងឥន្ធនៈ ដើម្បីរួមចំណែកថែរក្សាបរិស្ថាន និងបេតិកភណ្ឌវប្បធម៌។ ទោះបីមន្ត្រីពាក់ព័ន្ធមួយចំនួនបានឯកភាពលើគម្រោងនេះក៏ដោយ ក៏បងប្អូនប្រកបរបរដឹកជញ្ជូនតាមម៉ូតូឌុប និងរ៉ឺម៉កម៉ូតូមួយចំនួនបានសម្ដែងការមិនពេញចិត្ត ដោយសារព្រួយបារម្ភពីផលប៉ះពាល់ដល់មុខរបរ និងជីវភាពរស់នៅរបស់ពួកគាត់។ នៅចំពោះមុខបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំណួរគន្លឹះថា៖ «តើយើងអភិវឌ្ឍវិស័យទេសចរណ៍ដើម្បីអ្នកណា? ក្រែងដើម្បីឱ្យប្រជាជនក្រីក្រមានជីវភាពរីកចម្រើន?»។
ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា សំណួរដ៏ខ្លីនេះបានឆ្លុះបញ្ចាំងពីគោលដៅស្នូលនៃការអភិវឌ្ឍជាតិ ដែលត្រូវតម្កល់ផលប្រយោជន៍ និងជីវភាពរបស់ប្រជាជនជាធំ។ ក្នុងន័យនេះ ការបន្តរក្សាកេរដំណែល និងគុណតម្លៃ ៧ មករា គឺមិនត្រឹមតែធានាឱ្យកម្ពុជាបន្តរស់រានប៉ុណ្ណោះទេ ប៉ុន្តែត្រូវបន្តពង្រឹងភាពរឹងមាំ ជំរុញការអភិវឌ្ឍ និងនាំប្រទេសជាតិឱ្យរីកចម្រើនកាន់តែខ្លាំងក្លា ស្របតាមគោលនយោបាយអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ ឯកឧត្តមបានរំលឹកពីឧបសគ្គ និងបញ្ហាដែលប្រជាជនកម្ពុជាជួបប្រទះក្នុងសម័យ៧០ ដែលប្រទេសកម្ពុជាបានឆ្លងកាត់នូវវិនាសកម្ម សោកនាដកម្ម ការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ព្រមទាំងដកហូតសិទ្ធិរស់រានមានជីវិត រួមទាំងការជម្លៀសខ្លួនទៅបរទេសជាដើម។ ឆ្លងកាត់ទំព័រដ៏ខ្មៅងងឹតនេះ យើងអាចយល់កាន់តែច្បាស់ថាគុណតម្លៃ ៧ មករា ដែលកើតឡើងពីការលះបង់របស់អ្នកជំនាន់មុន បាននាំមកនូវការបើកសករាជថ្មីសម្រាប់កម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព សំដៅដល់ការធ្វើអោយកម្ពុជារស់ឡើងវិញ ដោយមកដល់ឥឡូវនេះ ថ្នាក់ដឹកនាំបច្ចុប្បន្ននឹងរក្សាកេរដំណេលនេះតាមរយៈការអភិវឌ្ឍ និងធ្វើយ៉ាងណាអោយព្រះរាជាណាចក្រកម្ពុជាកាន់តែរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់តទៅមុខទៀត។







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣