Connect with us

ព័ត៌មាន

កម្ពុជាទទួលបានកាលានុវត្តភាពថ្មីៗ ក្នុងវិស័យឡូជីស្ទិក និងដឹកជញ្ជូននៅក្នុងមហាសន្និបាត APSF

រដ្ឋនិងវិស័យឯកជន បានចូលរួមផ្លាស់ប្តូរនូវចំណេះដឹង និងឧត្តមានុវត្តន៍ថ្មីៗ លើវិស័យឡូជីស្ទិក និងដឹកជញ្ជូនជាអន្តរជាតិ ក្នុង មហាសន្និបាតលើកទី២១ នៃសហព័ន្ធប្រព័ន្ធប៉ាឡែតអាស៊ី នៅទីក្រុងសេអ៊ូល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាព ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។

លោកជំទាវ សន សុភាវត្តី អគ្គនាយកភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីរាជការអគ្គនាយក ដ្ឋានភស្តុភារកម្ម និងវិស័យឯកជនដឹកនាំដោយ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករ ដឹកជញ្ជូនខ្សែច្រវាក់ផ្គត់ផ្គង់ ភ្នាក់ងារ ជើងសានៅកម្ពុជា (LOSCBA) និងសមាជិកសមាគម ចូលរួមមហាសន្និបាតលើកទី២១ របស់សហព័ន្ធប្រព័ន្ធប៉ាឡែតអាស៊ី (APSF) ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៣–៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

មហាសន្និបាតនេះ រៀបចំដោយសមាគមកុងតឺន័រប៉ាឡែតកូរ៉េ (KPCA) ដោយមានការចូលរួមពីតំណាងប្រទេសសមាជិក APSF ដូចជា សាធារណរដ្ឋកូរ៉េ ចិន ជប៉ុន និងបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនរួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម និងថៃ។ មហាសន្និបាតបានផ្តោតលើ APSF Roadmap 2030, ប្រព័ន្ធ Unit Load System (ULS) ការធ្វើស្តង់ដារូបនីយកម្មក្នុងវិស័យភស្តុភារកម្ម និងកម្មវិធី ASEAN Smart ULS School ព្រមទាំងការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមរបស់ប្រទេសសមាជិក។ ក្នុងឱកាសនោះ, កម្ពុជាក៏បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃ APSF Roadmap 2030 និង ស្ថានភាពពាក់ព័ន្ធនឹងវិស័យប៉ាឡែត និងភស្តុភារកម្មនៅកម្ពុជា។

តាមរយៈមហាសន្និបាតខាងលើនេះ កម្ពុជាទទួលបានចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ថ្មីៗ លើវិស័យឡូជីស្ទិកនិង ដឹកជញ្ជូន ដើម្បីភាពប្រកួតប្រជែង ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការតភ្ជាប់ពាណិជ្ជកម្មរបស់កម្ពុជាជាអន្តរជាតិ។ បន្ទាប់ពីការមហាសន្និបាត តំណាងអ្នកពាក់ព័ន្ធមកពីបណ្តារប្រទេសទាំងអស់ បានចូលរួមទស្សនកិច្ចសិក្សា នៅ LogisALL Icheon Complex Logistics Center និង KCP Dong-Anseong Cold Chain Center ដើម្បីស្វែងយល់ពីការរៀបចំ និងប្រតិបត្តិការមជ្ឈ- មណ្ឌលភស្តុភារកម្ម ការគ្រប់គ្រងទំនិញ ប្រព័ន្ធខ្សែច្រវាក់ត្រជាក់ ព្រមទាំងការអនុវត្តបច្ចេកវិទ្យា និងប្រព័ន្ធភស្តុភារកម្មទំនើប។

សូមបញ្ជាក់ថា ការចូលរួមមហាសន្និបាត និងកម្មវិធីទស្សនកិច្ចសិក្សា នៅទីក្រុងសេអ៊ូលនេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ និងជំរុញកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia