ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអធិការកិច្ចអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចនៅថ្នាក់ក្រោមជាតិ
ក្រចេះ៖នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ ដោយមានការចូលរួមពី ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ, ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងអធិការកិច្ច និងមន្ទីរអធិការកិច្ច, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះ លោក អ៊ន មុនទ្រី ដែលទើបត្រូវបានប្រកាសចូលកាន់មុខតំណែង និងបានគូសបញ្ជាក់ថា មុខតំណែងថ្មីនេះជាការឆ្លុះបញ្ចាំងពីសមត្ថភាព និងស្នាដៃ ព្រមទាំងកាតព្វកិច្ច និងការទទួលខុសត្រូវកាន់តែធំធេងចំពោះស្ថាប័ន និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តក្រចេះ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រាប់ការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរអធិការកិច្ច នាពេលកន្លងមក។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចអំពីមគ្គុទ្ទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកសាងគ្រឹះសុខសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើ «ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច» និងគោលនយោបាយគាំទ្រសំខាន់ៗនានា។ ក្នុងក្របខណ្ឌនេះ ក្រសួងអធិការកិច្ច ជាស្ថាប័នគន្លឹះមួយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល លើការងារកែទម្រង់ និងអភិបាលអភិបាលកិច្ច ដោយក្នុងនោះក្រសួងបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រ «ព៤ជ៤» ដើម្បីចូលរួមអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលនិងដោះស្រាយបញ្ហាប្រឈមនៃវិស័យអធិការកិច្ច សំដៅចូលរួមពង្រឹងអភិបាលកិច្ចនិងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកអំពីការចុះសួរសុខទុក្ខកងទ័ពជួរមុខកន្លងមករបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង នៅខេត្តព្រះវិហារ ព្រមទាំងបានថ្កោលទោសការវាយប្រហារនាពេលកន្លងមក ដែលទាហានថៃបានបាញ់ប្រហាររាប់សែនគ្រាប់មកលើតំបន់ប្រាសាទបុរាណរបស់កម្ពុជា ជាពិសេសប្រាសាទព្រះវិហារ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលអង្គការ UNESCO បានប្រកាសសម្តែងនូវការព្រួយបារម្ភ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះតាមរយៈការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញានេះ រវាងកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំនាពេលកន្លងមករបស់ លោក ញ៉ឹប វិចិត្រ អតីតប្រធានមន្ទីរដែលត្រូវចូលនិវត្តន៍ និងបានផ្តល់អនុសាសន៍ណែនាំជាត្រីវិស័យដល់ប្រធានមន្ទីរថ្មី និងមន្ត្រីរាជការនៃមន្ទីរអធិការកិច្ចខេត្តក្រចេះទាំងអស់ រួមមាន៖ (១) បន្តថែរក្សាសមិទ្ធផលចាស់ និងខិតខំកសាងសមិទ្ធផលថ្មី (២) ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង (៣) ពង្រឹងរបៀបរបបធ្វើការងារ លើកកម្ពស់សមត្ថភាព និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និង (៤) បង្កើនកិច្ចសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕









-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព