Connect with us

ព័ត៌មាន

ប្រជាពលរដ្ឋស្រុកអូរាំងឪ ទទួលបានការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​សុខភាពភ្នែកពិភពលោក ដែលរៀបចំឡើងនៅមណ្ឌលសុខភាពចក ស្ថិត​ក្នុង​ឃុំចក ​ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីលើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​អំពី​សារៈ​សំខាន់​នៃ​សុខភាពភ្នែក ជំរុញការថែទាំ និងការការពារគំហើញ កាត់បន្ថយហានិភ័យនៃជំងឺភ្នែក និង​បញ្ហាពិការភ្នែក តាមរយៈការផ្សព្វផ្សាយចំណេះដឹង ការពិនិត្យសុខភាពភ្នែក ការ​ផ្តល់​ការណែ​នាំ​ពី​ក្រុមគ្រូពេទ្យជំនាញ និងការផ្តល់វ៉ែនតាការពារភ្នែកជូនប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ពួក​គាត់​ទទួល​បាន​សេវា​ថែ​ទាំ​សុខ​ភាពភ្នែកទាន់ពេលវេលា និងមានគុណភាព។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បាន​មាន​ប្រសាសន៍​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​សុខ​ភាព​ភ្នែក ដែលជាផ្នែកមួយមិនអាចខ្វះបានក្នុងការរស់នៅប្រចាំថ្ងៃ ការសិក្សា ការប្រកបការងារ និង​ការចូលរួមក្នុងសកម្មភាពសង្គម។ លោកថា បញ្ហាសុខភាពភ្នែកមួយចំនួនអាចបង្ការបាន និង​អាច​ព្យាបាលបាន ប្រសិនបើប្រជាពលរដ្ឋមានការយល់ដឹង និងទទួល​បាន​ការ​ពិនិត្យ​ព្យាបាល​ទាន់​ពេល​វេលា​។

លោកប្រធានមន្ទីរក៏បានជំរុញដល់មន្ត្រីសុខាភិបាល និងអ្នកផ្តល់សេវាសុខភាពទាំងអស់ បន្ត​យក​ចិត្ត​ទុក​ដាក់លើការផ្សព្វផ្សាយអប់រំសុខភាព ការផ្តល់សេវាពិនិត្យ និងថែទាំ​សុខភាព​ភ្នែក​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ ពិសេសចំពោះកុមារ មនុស្សចាស់ និងប្រជាពលរដ្ឋដែលមានហានិភ័យខ្ពស់ ព្រម​ទាំង​លើក​ទឹកចិត្តឱ្យប្រជាពលរដ្ឋទៅពិនិត្យសុខភាពភ្នែកជាប្រចាំ ដើម្បីការពារបញ្ហាពិការភ្នែក និង​ការបាត់បង់គំហើញ។

ក្នុង​នោះ​លោកបានស្នើដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ បន្តសហការ​ជាមួយ​មន្ត្រី​សុខាភិបាល ក្នុងការផ្សព្វផ្សាយចំណេះដឹងអំពីការថែទាំសុខភាពភ្នែក ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ទទួល​បានព័ត៌មានត្រឹមត្រូវ និងមានលទ្ធភាព​ទទួល​បាន​សេវា​សុខាភិបាល​ប្រកប​ដោយ​គុណភាព​ សុវត្ថិភាព និងសមធម៌។

ក្នុងឱកាសនោះដែរលោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធាន​កម្ម​វិធី​សុខភាព​ភ្នែក​ខេត្ត ក៏បានធ្វើបទបង្ហាញ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលបានចូលរួម អំពី​បញ្ហា​សុខភាពភ្នែកដែលតែងកើតមាន កត្តាប្រឈមនានាដែលអាចប៉ះពាល់ដល់គំហើញ ព្រម​ទាំង​វិធី​សាស្ត្រក្នុងការថែទាំ និងការការពារសុខភាពភ្នែកឱ្យបានត្រឹមត្រូវ។ លោកក៏​បាន​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​ចេះថែរក្សាអនាម័យភ្នែក ជៀសវាងទម្លាប់ដែលអាចបង្កគ្រោះថ្នាក់ដល់ភ្នែក និង​ស្វែ​ង​រក​សេវាពិនិត្យសុខភាពភ្នែកនៅមូលដ្ឋានសុខាភិបាល ប្រសិនបើមានបញ្ហា ឬរោគ​សញ្ញា​មិន​ប្រក្រតី ​ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា៕ អត្ថបទ៖ សេងឡុង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia