Connect with us

ព័ត៌មាន

សម្តេចធិបតី៖ ​កម្ពុជាយល់ច្បាស់តម្លៃសន្ដិភាព ព្រោះសន្ដិភាព​ត្រូវ​បាន​កសាង​ឡើង​ដោយ​ភាព​អត់ធ្មត់​រាល់​ថ្ងៃ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាយល់​យ៉ាង​ច្បាស់​អំពី​តម្លៃ​នៃ​សន្ដិភាព​ ហើយកាន់តែដឹងទៀតថា សន្ដិភាពត្រូវ​បាន​កសាង​ឡើង​ដោយ​ភាព​អត់ធ្មត់​ជា​រៀង​រាល់​ថ្ងៃ​។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យដំណើរការ «ភូមិហ្វ្រង់កូហ្វូនី» នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅ​ទីតាំង​សួន​ច្បារមុខវត្តបទុមវត្តី រាជធានីភ្នំពេញ។

សម្ដេចធិបតី បានថ្លែងថា ដោយ​យល់​អំពី​តម្លៃ​នៃ​សន្ដិភាព​នេះ​ហើយ​ទើប​បាន​ជា​មូលប​ទ​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានអត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​​បំផុ​ត​ចំពោះពួកយើងគឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

សម្ដេចធិបតី បានថ្លែងថា «កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព។ ពួកយើងដឹងថា សន្តិភាព​ត្រូវ​បានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មូល​បទ​នៃ​កិច្ច​ប្រជុំកំពូលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះពួកយើងគឺ៖ «រួមគ្នា​បន្ត​កសាង​សន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

សូមជម្រាបថា នេះជាលើកដំបូងដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់​ផ្ទះ​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​ ហើយក៏ជាលើកដំបូងផងដែរ, ចាប់តាំងពីកិច្ច​ប្រជុំ​កំពូល​នេះ​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ១៩៩៧ ហើយកិច្ច​ប្រជុំ​កំពូល​នេះ​បាន​វិល​ត្រឡប់​មក​កាន់ ​តំបន់អាស៊ីអាគ្នេយ៍សាជាថ្មីម្តងទៀតនៅប្រទេសកម្ពុជានាពេលនេះ។ សម្រាប់ប្រទេសកម្ពុជា កិច្ច​ប្រជុំកំពូលនាពេលនេះ គឺជាមោទនភាព និងជាពេលនៃសាមគ្គីភាព និងជា​ពេល​នៃ​ការ​អបអរ​ដ៏​រីករាយ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia