Connect with us

ព័ត៌មាន

ឯកឧត្តម ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០

ភ្នំពេញ៖ដូចការគ្រោងទុក ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ព្រមទាំងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះនោះ។

ក្នុងឱកាសអញ្ជើញដល់កម្ពុជា ឯកឧត្តមប្រធានាធិបតីបង្ហញមនោសញ្ចេតនារីករាយ រាក់ទាក់ជាមួយគណៈប្រទិភូ និងពលរដ្ឋកម្ពុជាដែលកំពុងរងចាំទទួលដំណើរ នៅឯកអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង ព្រមទាំងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលនៃការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែល កម្ពុជជាធ្វើជាម្ចាស់ផ្ទះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតី នឹងជួបប្រជុំជាមួយសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនេះ ឯកឧត្តមប្រធានាធិបតី នឹងអញ្ជើញចូលរួម ជាអធិបតីជាមួយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាបផងដែរ។

សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ផងដែរថាទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំងមកកម្ពុជានេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលជាទស្សនកិច្ចផ្លូវរដ្ឋដំបូងបំផុត បន្ទាប់ពីទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតី ហ្សាល ដឺហ្គោល នៅឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ឯកឧត្តម ប្រធានាធិបតី ហ្រ្វង់ស្វ័រ មីតេរ៉ង់ នៅឆ្នាំ១៩៩៣។ ក្នុងឱកាសដំណើរទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ពាក់ព័ន្ធវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិជាដើម។ ទាំងនេះនឹងផ្ដល់នូវ កាលានុវត្តភាពក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី បើកទំព័រសករាជថ្មី នៃទំនាក់ទំនងកម្ពុជា-បារាំង

និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia