Connect with us

ព័ត៌មាន

ផលិតផលខ្មែរផលិតដោយដៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​បរទេស​ចម្រុះ​ជា​តិ​សាសន៍ និងបានទទួលការបញ្ជាទិញ

ផលិតផលខ្មែរ ដែលបានផលិតដោយដៃកូនខ្មែរ និងបានដាក់​តាំង​បង្ហាញ​តាម​ស្តង់​ពិព័រណ៍​ទំនិញ​ខ្មែរ ​ក្នុងភូមិហ្វ្រង់កូហ្វូនី ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវជាតិ ពិសេស​ភ្ញៀវ​បរទេស​ចម្រុះ​ជាតិសាសន៍តែម្តង​ និងបានទទួលការបញ្ជាទិញជាបន្តបន្ទាប់ផងដែរ។

បុគ្គលិក នៅស្តង់លក់ផលិតផលខ្មែរ ជាប្រភេទកាបូបដៃ សម្ភារប្រើប្រាស់ផ្ទាល់ខ្លួននានា ដ៏​ដូច​ជា​ស្តង់​លក់​សាច់​ក្រណាត់​សូត្រខ្មែរ និងផ្ទាំងរូបគំនូរបង្ហាញពីវប្បធម៌ទម្លាប់ទំនៀមទំលាប់ខ្មែរ បាន​ឲ្យ​ដឹងថា​​ រយៈពេល០៣ថ្ងៃ គិតត្រឹមថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៦នេះ មានភ្ញៀវជាតិ ពិសេស​ភ្ញៀវ​អន្តរជាតិ ដែលបានអញ្ជើញដើរទស្សនាកម្សាន្តក្នុងភូមិហ្វ្រង់កូហ្វូនី បានទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្វីដែ​លពួកគាត់ធ្លាប់បានប្រើប្រាស់ ដែលពុំមែនជាវត្ថុ សម្លៀកបំពាក់ ឬសម្ភារដែល​ត្រូវ​បាន​ផលិត​ចេញ​ពីដៃដោយផ្ទាល់បែបនេះ ខណៈផលិតផល នៃបណ្តាប្រទេសមួយចំនួន គឺជា​ផលិត​ផល​ដែល​ផលិត​ដោយម៉ាស៊ីន។

គិតត្រឹមល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដែល​ជាថ្ងៃទី៣​នៃ​ការ​បើក​ដំណើរ​ការ​ភូមិ​ហ្វ្រង់​កូហ្វូនី ​នៅតែមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានបន្ត​នាំ​គ្នា​អញ្ជើញ​ទៅ​ដើរ​លេង ទស្សនាកម្សាន្ត ពីការរៀបចំតុបតែងផ្ទាំងទស្សនីយ៍ភាព រូបភាព ការប្រគុំ​តន្ត្រី ​និងស្តង់ពិព័រណ៍ផលិតផលជាតិ ក៏ដូចជាផលិតផល នៃបណ្តាប្រ​ទេស​អន្តរជាតិ​នានា​ជា​ច្រើន ​ដែលជាសមាជិកក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ។

ប្រជាពលរដ្ឋខ្មែរ សម្តែងក្តីមោទនភាពក្រៃលែងជាទីបំផុត ដែលកម្ពុជា​ត្រូវ​បាន​អន្តរជា​តិផ្ញើ​សេចក្តី​ទុក​ចិត្ត​ ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រនេះ ។ ពួកគាត់ពិតជារីករាយ ក្នុង​ការចូលរួមដើរកម្សាន្ត ក្នុងភូមិហ្វ្រង់កូហ្វូនី ដែលជាបទសោធន៍ថ្មី អាចស្វែងយល់ពីអ្វីថ្មីៗ ដែល​ត្រូវបានរៀបចំតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍នេះ ។

គួរជម្រាបជូនថា ភូមិហ្វ្រង់កូហ្វូនី ជាព្រឹត្តិការណ៍ធំ អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែល​ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុង​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​ឆ្នាំ​២០២៦​នេះ ក្រោមប្រធានបទ « រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរ​អង្វែង»៕ អត្ថបទ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia