Connect with us

ព័ត៌មាន

កម្ពុជាលើកយកការវិនិយោគលើវប្បធម៌ សម្រាប់ដំណោះស្រាយថ្មីដើម្បីសេដ្ឋកិច្ចរុងរឿង ក្នុងកិច្ចប្រជុំតុមូលកម្រិតរដ្ឋមន្រ្តី

កិច្ចប្រជុំតុមូលកម្រិតរដ្ឋមន្រ្តីនៃប្រទេសសមាជិកហ្រ្វង់កូហ្វូនី ពិភាក្សា និងលើកយកការវិនិយោគលើវិស័យវប្បធម៌ ដើម្បីលើក តម្កើងវប្បធម៌សម្រាប់ជាមូលដ្ឋានពង្រឹងអត្តសញ្ញាជាតិ ឧត្តមគតិជាតិ និងព្រលឹងជាតិ និងក៏ជាដំណោះស្រាយបន្ថែម សម្រាប់គោល- នយោបាយដើម្បីសេដ្ឋកិច្ចរុងរឿង។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នៅទីស្តីការគណៈរដ្ឋមន្ត្រី លើកឡើងក្នុងកិច្ចពិភាក្សាតុមូលកម្រិតរដ្ឋមន្រ្តី ស្តីពីការវិនិយោគលើ វិស័យវប្បធម៌៖ បញ្ហាប្រឈម និងឱកាសក្នុងបរិបទសកល ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស-ទស្សនវិស័យហ្រ្វង់កូហ្វូនី នៅល្ងាចថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ជុំវិញបញ្ហាវិស័យវប្បធម៌នេះ តើរដ្ឋាភិបាលនានានៅគ្រប់ប្រទេស គួរវិនិយោគនៅក្នុងវប្បធម៌ដែរ ឬទេ? បញ្ហានេះ ឃើញថា វាគ្មិនទាំងអស់ក៏បានឯកភាពគ្នា នៅលើគោលការណ៍មួយចំនួនរួមមាន៖ សេដ្ឋកិច្ចធ្វើឱ្យប្រទេសរុងរឿង ប៉ុន្តែវប្បធម៌ធ្វើឱ្យអត្តសញ្ញាណជាតិខ្ពស់ និងមានព្រលឹងជាតិដែលអាចរស់ជាមួយគ្នាបាន។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត លើកឡើងបន្ថែមថា បញ្ហានេះបើប្រៀបធៀបទៅនិងការអភិវឌ្ឍដោយចីរភាព របស់អង្គការ សហប្រជាតិ គឺមានសរស្តម្ភចំនួន៣រួមមាន៖ សេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន ដែលក្នុងនោះមិនបានរំលេចអំពីវប្បធម៌ឡើយ។ ដូច្នេះ នៅក្នុងហ្រ្វង់កូហ្វូនី ថ្នាក់ដឹកនាំកំពូលក៏បានដាក់បញ្ជូលវប្បធម៌ ឱ្យទៅជាសរស្តម្ភថ្មីមួយ ដែលមានគោលដៅដ៏សំខាន់។ ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត បន្ថែមថា បញ្ហានេះ ទាំងអ្នករៀបចំគោលនយោបាយ ឬអ្នកស្រាវជ្រាវជាតិអន្តរជាតិ និងខាងរដ្ឋាភិបាលភិបាលក្តី គឺមិនអាចចែកពីគ្នាឱ្យដាច់នោះឡើយ។ សរុបជារួម, ដើម្បីឱ្យប្រទេសកាន់រុងរឿងទៅអនាគត គឺត្រូវតែលើកតម្កើងវប្បធម៌ឱ្យបានខ្ពស់ ដើម្បីជាមូលដ្ឋានពង្រឹងអត្តសញ្ញាណជាតិ ឧត្តមគតិជាតិ និងព្រលឹងជាតិរបស់យើង។

សូមបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាតុមូលកម្រិតរដ្ឋមន្រ្តី ស្តីពីការវិនិយោគលើវិស័យវប្បធម៌៖ បញ្ហាប្រឈម និងឱកាសក្នុងបរិបទសកល ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស-ទស្សនវិស័យហ្រ្វង់កូហ្វូនី គឺជាដោះស្រាយមួយបន្ថែមទៀត ត្រូវបានចាត់ទុកជាកត្តាជួយជំរុញការ លើកស្ទួយវប្បធម៌ចម្រុះ ការពង្រឹងអត្តសញ្ញាណជាតិ ព្រមទាំងការគាំទ្រដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ស្របតាមមូលបទនៃកិច្ច ប្រជុំ៖ ធ្វើឡើងក្រោមមូលបទ «វិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» របស់អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) ដែលមានប្រទេស និងរដ្ឋាភិបាលសមាជិកចំនួន ៩០។ ក្រៅពីនេះក៏ជាការពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ វេទិកាពង្រឹងចំណងសាមគ្គីភាព ការទូត និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌ក្នុងចំណោម រដ្ឋាភិបាលដែលប្រើប្រាស់ភាសាបារាំង៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia