Connect with us

ព័ត៌មាន

សម្តេចធិបតី នាយករដ្ឋមន្រ្ដី និងប្រធានាធិបតីបារាំង រួមជាមួយមេដឹកនាំប្រទេសមួយចំនួនទៀតអញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ FrancoTech និងកិច្ចប្រជុំសហគ្រិន Francophone

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីបារាំង ម៉ាក្រុង រួមជាមួយមេដឹកនាំប្រទេសមួយចំនួនទៀត បានអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦ (FrancoTech 2026) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។

ព្រឹត្តិការណ៍ FrancoTech 2026 និងកិច្ចប្រជុំសហគ្រិន Francophone (REF 2026) គឺជាព្រឹត្តិការណ៍អមផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏សំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (20th Francophonie Summit) ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមជម្រាបថា ព្រឹត្តិការណ៍ FrancoTech 2026 រៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្រោមប្រធានបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» ដើម្បីលើកកម្ពស់នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឌីជីថល។ ព្រឹត្តិការណ៍នេះប្រមូលផ្តុំអ្នកតាំងពិព័រណ៍អន្តរជាតិជាង ២០០ ស្ថាប័ន មកពីជាង ៩០ ប្រទេស និងរដ្ឋាភិបាល ដែលមានអ្នកចូលរួមទស្សនាជាង ៥,០០០ នាក់។ ក្នុងព្រឹត្តិការណ៍នេះ មានរៀបចំ វេទិកាពិភាក្សា ៧ ប្រធានបទ. កិច្ចពិភាក្សាផ្តោតលើ បញ្ញាសិប្បនិម្មិត (AI) រដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បច្ចេកវិទ្យាកសិកម្ម (AgriTech) ធុរកិច្ចថ្មីឌីជីថល ស្ត្រីក្នុងវិស័យនវានុវត្តន៍ និងបច្ចេកវិទ្យាសម្រាប់ទេសចរណ៍ និងវប្បធម៌។ ក្រៅពីនេះ ក៏មានការប្រកួតប្រជែងនវានុវត្តន៍. កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ដើម្បីលើកទឹកចិត្តដល់នវានុវត្តន៍ឌីជីថលល្អបំផុត និងសហគ្រិនបច្ចេកវិទ្យាស្ត្រីឆ្នើមក្នុងតំបន់ហ្វ្រង់កូហ្វូនី។

ចំណែក កិច្ចប្រជុំ Rencontre des Entrepreneurs Francophones (REF 2026) ត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា (CCC) សហការជាមួយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ក្រោមប្រធានបទ «នវានុវត្តន៍៖ កាតាលីករសម្រាប់ហ្វ្រង់កូហ្វូនីប្រកបដោយចីរភាព និងសមាហរណកម្ម»។ ព្រឹត្តិការណ៍នេះ ក៏ជាព្រឹត្តិការណ៍លើកដំបូងនៅអាស៊ីអាគ្នេយ៍ និងជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលវេទិកាធុរកិច្ចដ៏ធំរបស់ពិភពនិយាយភាសាបារាំងនេះត្រូវបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីប្រធានក្រុមហ៊ុន វិនិយោគិន និងអ្នកធ្វើគោលនយោបាយជាង ១,០០០ នាក់ មកពីប្រទេសនៃសមាជិកហ្រ្វង់កូហ្វូនី ដើម្បីភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសនិយាយភាសាបារាំង និងទីផ្សារអាស៊ាន (ASEAN)។ ក្នុងនោះក៏មាន ជំនួបពាណិជ្ជកម្ម (B2B និង B2G) ផ្តល់ឱកាសឱ្យសហគ្រាសក្នុងស្រុក និងអន្តរជាតិស្វែងរកដៃគូវិនិយោគ ពង្រីកទីផ្សារ និងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្ម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia