Connect with us

ព័ត៌មាន

អង្គប្រជុំហ្រ្វង់កូហ្វូនីលើកទី២០ សម្រេចបើការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅប្រទេសកម្ពុជា

ភ្នំពេញ៖ អង្គប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានសម្រេចជាផ្លូវការកក្នុងការបើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅប្រទេសកម្ពុជា។ ការិយាល័យនេះ នឹងក្លាយជាច្រកទ្វារសេដ្ឋកិច្ចតភ្ជាប់កម្ពុជា ទៅកាន់បណ្តាប្រទេសនិយាយភាសាបារាំងប្រទេសជុំវិញពិភពលោក។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២៦នេះថា ដំណើរការនៃកិច្ចប្រជុំកំពូលនេះ ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ និងមោទនភាព ដែលថ្នាក់ដឹកនាំ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល បានផ្តល់នូវការកោតសរសើរចំពោះការរៀបចំរបស់កម្ពុជាបានយ៉ាងល្អ។ តាមរយៈកិច្ចប្រជុំកំពូលនេះ កម្ពុជាកំពុងប្រែក្លាយឱកាសការទូតទៅជាកាលានុវត្តភាពសេដ្ឋកិច្ច ហើយបើកទ្វារសម្រាប់ការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ការទាក់ទាញវិនិយោគ ការតភ្ជាប់សហគ្រាស ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស។ គោលដៅសំខាន់គឺធ្វើឱ្យទំនាក់ទំនងដែលកើតចេញពីកិច្ចប្រជុំកំពូល អាចបន្តទៅជាគម្រោងសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។

ឯកឧត្តម បញ្ជាក់ទៀតថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានសម្រេចបើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី នៅប្រទេសកម្ពុជាដែលជាការិយាល័យតំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់កម្ពុជា កិច្ចប្រជុំកំពូលនេះ គឺមិនត្រឹមតែជាជោគជ័យត្រចះត្រចង់នៃការរៀបចំព្រឹត្តិការណ៍ការទូតអន្តរជាតិកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏សំខាន់នៅក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ពង្រឹងទំនាក់ទំនងអន្តរជាតិ និងជាការបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោកថា សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាព និងស្ថិរភាពយូរអង្វែង។

ឯកឧត្តម មានប្រសាសន៍ថា៖ «ការិយាល័យតំបន់ត្រូវបានសម្រេចដាក់នៅក្នុងប្រទេសកម្ពុជាគឺជាការសម្រេចនេះ បង្ហាញយ៉ាងច្បាស់អំពីជំនឿទុកចិត្តមកលើប្រទេសកម្ពុជា។ ប្រសិនបើកម្ពុជាមិនមានសន្តិភាព មិនមានស្ថិរភាព ឬមិនមានការផ្តល់ទំនុកចិត្តដល់គេទេនោះ ប្រហែលជាបណ្តាប្រទេសជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មិនសម្រេចជាឯកច្ឆន្ទឱ្យបើកការិយាល័យមួយនៅក្នុងប្រទេសកម្ពុជានោះទេ។ នេះគឺជាចំណុចនៃមោទនភាពរបស់កម្ពុជា»។

សូមជម្រាបថា ការសម្រេចជាផ្លូវការក្នុងការបើកការិយាល័យសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី (Francophonie Economic Office) នៅកម្ពុជា ក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ គឺជាសមិទ្ធផលយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលការិយាល័យនេះនឹងក្លាយជាច្រកទ្វារសេដ្ឋកិច្ចតភ្ជាប់កម្ពុជា ទៅកាន់បណ្តាប្រទេសនិយាយភាសាបារាំងជិត ៩០ ប្រទេសជុំវិញពិភពលោក។ អង្គប្រជុំកំពូលក៏បានសម្រេចថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នឹងត្រូវរៀបចំនៅប្រទេសកាណាដា នៅឆ្នាំ២០២៨ ខាងមុខ៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia