Connect with us

ព័ត៌មាន

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី សម្រេចចិត្តជ្រើសរើស មូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរ ភាពយូរអង្វែង»

ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង បានជួបប្រជុំគ្នានៅថ្ងៃទី ១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅភ្នំពេញ រាជធានីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចចិត្តជ្រើសរើស «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរ ភាពយូរអង្វែង» ជាមូលបទសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ទទួលស្គាល់ អំពីបញ្ហាប្រឈមជាច្រើនដែលប្រជាជនរបស់យើងកំពុងជួបប្រទះ នៅក្នុងបរិបទនៃ សណ្តាប់ធ្នាប់អន្តរជាតិមួយដែលមានភាពកាន់តែមិនច្បាស់លាស់និងបែកបាក់ មិនធ្លាប់មានពីមុនមក; ក្នុងន័យនេះ យើងសូមគូសបញ្ជាក់ឡើងវិញនូវការប្រកាន់ខ្ជាប់ឥតងាករេរបស់យើងចំពោះពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងការយល់ច្បាស់អំពីតម្រូវការពង្រឹងសកម្មភាពរបស់ហ្វ្រង់កូ ហ្វូនី ដើម្បីផ្តល់ដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈមទាំងនេះ។

ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ជឿជាក់ថា សន្តិភាព វិបុលភាព និងស្ថិរភាព នៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង គឺមិនអាចកាត់ ផ្តាច់ពីគ្នាបានទេ ហើយកិច្ចសន្ទនាគឺជាមធ្យោបាយដ៏ចាំបាច់បំផុត ដើម្បីសម្រេចគោលបំណងទាំងនេះ។ ដោយបញ្ជាក់ឡើងវិញ ជាឱឡារឹកថា សន្តិភាព និងស្ថិរភាព មិនអាចឋិតថេរជានិរន្តរ៍និងជាស្ថាពរនោះ ទេ ប្រសិនបើគ្មានការថែរក្សាការពារ។

អាស្រ័យហេតុនេះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង សម្រេចចិត្តជ្រើសរើស «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរ ភាពយូរអង្វែង» ជាមូលបទសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០៖​

1). យើងសូមបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្ត ក្នុងការប្រមូលគ្រប់ស្ថាប័នហ្វ្រង់កូហ្វូនីទាំងអស់ឱ្យចូល រួមក្នុងសកម្មភាពនានា ដើម្បីសន្តិភាពនិងស្ថិរភាព;

2). ក្នុងន័យនេះ យើងគាំទ្រគ្រប់សកម្មភាពរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីក្នុងការលើកកម្ពស់ នីតិរដ្ឋ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ដែលនឹងជួយពង្រឹងប្រសិទ្ធភាពស្ថាប័ន និងប្រសិទ្ធិ ភាពនៃការបោះឆ្នោតប្រកបដោយទំនុកចិត្ត បរិយាបន្ននិងនិរន្តរភាព;

3). យើងលើកទឹកចិត្តឱ្យមានការពង្រឹងសកម្មភាពរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីចូលរួមទប់ ស្កាត់និងគ្រប់គ្រងវិបត្តិ ព្រមទាំងគាំទ្រដំណើរការសន្តិភាព ជាពិសេសតាមរយៈគំនិតផ្តួចផ្តើមក្នុង ការដើរតួនាទីជាអន្តរការី ក៏ដូចជាការចូលរួមគាំទ្រអន្តរកាលប្រជាធិបតេយ្យ;

4). យើងអំពាវនាវឱ្យមានការពង្រឹងយន្តការនៃកិច្ចសន្ទនារវាងអង្គការតំបន់និងអន្តរជាតិ; និងស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក្នុងការចូលរួមសម្របសម្រួលឱ្យកិច្ចសន្ទនា ទាំងនេះនាំមកនូវលទ្ធផល;

5). យើងគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងអង្គការអន្តរជាតិ ព្រមទាំងអង្គការតំបន់ផ្សេងៗទៀត ជាពិសេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង សហគមន៍ប៉ាស៊ីហ្វិក (CPS);

6). យើងបញ្ជាក់ជាថ្មីថា សកម្មភាពនានាដើម្បីយុវជន គឺជាអាទិភាពយុទ្ធសាស្ត្ររបស់ហ្វ្រង់កូហ្វូនី; យើង លើកទឹកចិត្តឱ្យមានការចូលរួមពីសំណាក់យុវជនក្នុងនាមជាពលរដ្ឋល្អ ក្នុងនាមជាកម្លាំងជម្រុ ញសាមគ្គីភាពនិងការផ្លាស់ប្តូរសង្គម ដើម្បីជាប្រយោជន៍ដល់សន្តិភាព សិទ្ធិមនុស្ស និងការអភិវឌ្ឍ ដោយ ចីរភាព។ ក្នុងន័យនេះ យើងប្តេជ្ញាជំរុញសកម្មភាពជាក់ស្តែង តាមរយៈបណ្តាញយុវជន ហ្វ្រង់កូហ្វូនី ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុក និងបំណងប្រាថ្នាសមស្របរបស់យុវជនដើម្បីអនាគត រួម ;

7). យើងតម្រូវឱ្យគ្រប់តួអង្គហ្វ្រង់កូហ្វូនីទាំងអស់ ឱ្យពង្រឹងនិងពង្រីកសកម្មភាពអប់រំដើម្បីសន្តិភាព ដែលសកម្មភាពទាំងនេះចូលរួមចំណែកដល់ការបង្ការនិងការដោះស្រាយជម្លោះផង ព្រមទាំងការ កាត់បន្ថយអំពើហិង្សាផង ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ A/RES/80/266 របស់មហា សន្និបាតអង្គការសហប្រជាជាតិ;

8). យើងនៅតែបន្តបារម្ភចំពោះនិន្នាការបាត់បង់ជំនឿលើស្ថាប័នផ្លូវការនានា និងផលវិបាករបស់វាទៅ លើដំណើរការប្រជាធិបតេយ្យ; យើងគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់សកម្មភាពអប់រំ ឱ្យទៅជាពលរដ្ឋល្អ; យើងលើកទឹកចិត្តហ្វ្រង់កូហ្វូនីឱ្យបន្តខំប្រឹងប្រែងលើកកម្ពស់នីតិរដ្ឋ អភិបាល កិច្ចបែបប្រជាធិបតេយ្យ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ កិច្ចសន្ទនាប្រកបដោយបរិយាបន្ន ការទទួលបានឱកាសដោយសមធម៌ និងភាពសុខដុមរមនាក្នុងសង្គមនៅក្នុងលំហហ្វ្រង់កូហ្វូនី;

9). យើងជឿជាក់ថា ការផ្លាស់ប្តូររវាងប្រជាជន គឺជាកត្តាសំខាន់សម្រាប់សាមគ្គីភាពនិងសន្តិភាព; ក្នុង ន័យនេះ យើងវាយតម្លៃខ្ពស់ចំពោះផលវិជ្ជមាននៃកម្មវិធីនានា ក្នុងការជំរុញសកម្មភាពយុវជនហ្វ្រង់កូ ហ្វូនី ជាពិសេសកម្មវិធីដែលត្រូវបានដាក់ឱ្យដំណើរការតាំងពីកិច្ចប្រជុំកំពូលវីឡេ-កូទើរ៉េ Villers-Cotterêts (ឆ្នាំ២០២៤) មក ព្រមទាំងសូមអំពាវនាវឱ្យបន្តផ្តល់អាទិភាពដល់ការគាំទ្រគំនិតផ្តួច ផ្តើមទាំងនេះ;

10). យើងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការរក្សាឱ្យបាននូវលំហព័ត៌មានមួយដែលមាន គុណភាពខ្ពស់គួរជាទីទុកចិត្តនិងត្រឹមត្រូវ ស្របតាមស្មារតីនៃ «សេចក្តីអំពាវនាវទីក្រុង Villers-Cotterêts» ដើម្បីឱ្យមានលំហឌីជីថលមួយប្រកបដោយភាពស្មោះត្រង់ និងគួរជាទីទុកចិត្ត នៅក្នុង លំហហ្វ្រង់កូហ្វូនី។ ក្នុងន័យនេះ យើងស្វាគមន៍ចំពោះការចូលរួមយ៉ាងសកម្មរបស់បណ្តាញ និយ័តករប្រព័ន្ធផ្សព្វផ្សាយហ្វ្រង់កូហ្វូនី (REFRAM) នៅក្នុងកិច្ចសន្ទនារវាងអាជ្ញាធរនិយ័តកម្មនិង ផ្ទាលឌីជីថលនានា ;

11). យើងអំពាវនាវ ឱ្យពង្រឹងការកៀរគរកម្លាំងនៅក្នុងលំហហ្វ្រង់កូហ្វូនីទាំងមូល ដើម្បីប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយព្រមទាំងការជ្រៀតជ្រែកពីបរទេស ដែលអាចបង្កអស្ថិរភាពដល់ស្ថាប័នប្រជាធិប តេយ្យ និងដើម្បីលើកកម្ពស់កម្មវិធីអប់រំផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន;

12). យើងបញ្ជាក់សាជាថ្មី អំពីភាពចាំបាច់ក្នុងការធានាឱ្យមានការគោរពពិតប្រាកដចំពោះសេរីភាព សារព័ត៌មាន និងការលើកកម្ពស់ពហុនិយមនៃប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈនិងការទទួលខុសត្រូវ ជាមួយនឹងការធានាបាននូវព័ត៌មានគួរឱ្យទុកចិត្តប្រកបដោយគុណភាព និងគ្មានភាសាញុះញង់ឱ្យ មានការស្អប់ខ្ពើមរើសអើង;

13). ក្នុងន័យនេះ យើងបញ្ជាក់ជាថ្មីអំពីសមានចិត្តរបស់យើងចំពោះទូរទស្សន៍ប៉ុស្តិ៍លេខ៥ (TV5) ដែល ជាបណ្តាញផ្សព្វផ្សាយចម្រុះសាធារណៈ និងដែលរួមចំណែកដល់ការផ្សព្វផ្សាយសេដ្ឋកិច្ចនិងវប្ប ធម៌របស់ហ្វ្រង់កូហ្វូនី ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពឱ្យគេស្គាល់នូវ មាតិកាសោតទស្សន៍របស់សហគមន៍ហ្វ្រង់កូហ្វូនី និងជំរុញការសិក្សាភាសាបារាំង ; យើងបញ្ជាក់ ជាថ្មី នូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការចាត់វិធានការសមស្រប ដើម្បីធានាថាការចាក់ផ្សាយនានា របស់ TV5MONDE ទាំងសម្រាប់កម្មវិធីទូទៅ ទាំងសម្រាប់កម្មវិធីកុមារ (TIVI5MONDE) និងទាំង លើផ្ទាលឌីជីថល (TV5MONDE+) ទទួលបានលក្ខខណ្ឌអំណោយផល ដូចគ្នាទៅនឹងបណ្តាញ ទូរទស្សន៍ជាតិ ហើយយើងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រ និងលើកកម្ពស់ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ;

14). យើងទទួលស្គាល់សក្តានុពលនៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត (IA) ដែលជានវានុវត្តន៍ផ្នែកបច្ចេក វិទ្យាឈានមុខ ថាជាកម្លាំងជំរុញផលិតភាព ជំរុញការប្រកួតប្រជែង និងជំរុញការធ្វើទំនើបកម្ម ដែលនឹងជួយលើកកម្ពស់វិបុលភាពរួម;

15). យើងប្រកាន់ជំហរដាច់ខាតថា មនុស្សត្រូវតែជាចំណុចស្នូលនៃការផ្លាស់ប្តូរនេះ ដើម្បីធានាថាការ អភិវឌ្ឍនិងការប្រើប្រាស់បញ្ញាសិប្បនិម្មិត គឺប្រកបដោយការទទួលខុសត្រូវ សីលធម៌ និងបរិយាបន្ន ដោយសារតែបញ្ញាសិប្បនិម្មិត បង្កប់នូវហានិភ័យនៃភាពលំអៀងមិនត្រឹមត្រូវ និងព័ត៌មានក្លែង ក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់ប្រជាជនដែលងាយរងគ្រោះ និងតុល្យភាពសង្គមយើង;

16). យើងទទួលស្គាល់ថា បញ្ញាសិប្បនិម្មិត មានឥទ្ធិពលខ្លាំងណាស់លើការបង្កើតថ្មី ការផ្សព្វផ្សាយ និង ការទទួលបាននូវមាតិកាវប្បធម៌; យើងផ្តល់តម្លៃទៅលើសារៈសំខាន់នៃការអភិវឌ្ឍប្រកបដោយការ ទទួលខុសត្រូវ ដែលការពារនិងលើកកម្ពស់ភាពចម្រុះនៃការបង្ហាញវប្បធម៌ ដោយធានាឱ្យបាននូវ ការផ្តល់ប្រាក់កម្រៃសមរម្យដល់អ្នកបង្កើត ស្របតាមច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងសិទ្ធិពាក់ព័ន្ធ;

17). យើងផ្តោតការយកចិត្តទុកដាក់លើទំហំយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការផលិត ការគ្រប់គ្រង និងការកែ លំអជាប្រចាំ គុណភាពនៃទិន្នន័យដែលចេញពីលំហហ្វ្រង់កូហ្វូនី ដើម្បីជួយសម្រួលដល់ការ អភិវឌ្ឍបញ្ញាសិប្បនិម្មិតមួយ ដែលគោរពនិងឆ្លុះបញ្ចាំងនូវភាពចម្រុះនេះ;

18). យើងអំពាវនាវដល់ហ្វ្រង់កូហ្វូនី ឱ្យពង្រឹងការរួមចំណែករបស់ខ្លួនក្នុងកិច្ចការអភិបាលកិច្ចឌីជីថល សកលនិងក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតមួយ ប្រកបដោយក្រមសីលធម៌និងទំនួលខុសត្រូវ ដែលផ្អែកលើគោលការណ៍រួមនៃបរិយាបន្ន និងសមធម៌ ស្របតាមកតិកាសញ្ញាឌីជីថលពិភពលោកអនុម័ តនៅឆ្នាំ ២០២៤ និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធផ្សេងទៀត ក្នុងគោលដៅបង្កើតឱ្យមានភាព អន្តរប្រតិបត្តិការមួយប្រកបដោយស័ក្តិសិទ្ធភាព;

19). ក្នុងន័យនេះ យើងលើកទឹកចិត្តហ្វ្រង់កូហ្វូនីឱ្យបន្តនិងពង្រឹងការចូលរួមរបស់ខ្លួនក្នុងវេទិកានៃកិច្ច ចរចានិងនៃសេចក្តីសម្រេចចិត្តនានា ដែលទាក់ទិននឹងគោលនយោបាយឌីជីថល ជាអាទិ៍ក្នុង ក្របខ័ណ្ឌនៃដំណើរការកិច្ចប្រជុំកំពូលពិភពលោកស្តីពីសង្គមព័ត៌មាន ក៏ដូចជាក្នុងក្របខ័ណ្ឌ នាពេលខាងមុខនៃកិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិតនាឆ្នាំ ២០២៧ នៅទីក្រុងហ្សឺណែវ;

20). យើងលើកទឹកចិត្តហ្វ្រង់កូហ្វូនី ឱ្យពង្រឹងសមត្ថភាពនិងជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញា សិប្បនិម្មិត ជាពិសេសក្នុងចំណោមយុវជននិងស្ត្រី ដើម្បីជំរុញឱ្យពួកគេទទួលបាននូវជំនាញត្រឹម ត្រូវនិងអាចចូលប្រឡូកក្នុងសង្គមសេដ្ឋកិច្ចបាន;

21). យើងបញ្ជាក់ជាថ្មីនូវសក្តានុពលនៃហ្វ្រង់កូហ្វូនីសេដ្ឋកិច្ច (Francophonie économique) និងការរួម ចំណែករបស់វាក្នុងការធ្វើឱ្យសង្គមនានារបស់យើងទទួលបានស្ថិរភាព និងវិបុលភាព; យើងលើក ទឹកចិត្តឱ្យមានការអនុវត្តគម្រោងធំៗដែលមានភាពច្បាស់លាស់ ឱ្យមានពិពិធកម្មភាពជាដៃគូ ឱ្យ មានភាពសុខុដុមនីយកម្មក្របខ័ណ្ឌបទប្បញ្ញត្តិ ឱ្យមានការសម្រួលនីតិវិធីរដ្ឋបាល ក៏ដូចជាឱ្យមានការ លើកកម្ពស់តម្លាភាពនិងឧត្តមានុវត្តន៍ ក្នុងគោលដៅជំរុញការវិនិយោគនិងកំណើនសេដ្ឋកិច្ចយូរ អង្វែង;

22). ក្នុងន័យនេះ យើងសម្រេចថានឹងពង្រឹងរចនាសម្ព័ន្ធនៃហ្វ្រង់កូហ្វូនីសេដ្ឋកិច្ច ដោយអំពាវនាវឱ្យរួម គ្នាគិតគូរអំពីតួនាទីរបស់តួអង្គពាក់ព័ន្ធ អំពីភាពស៊ីសង្វាក់គ្នារវាងសកម្មភាពរបស់ពួកគេ និងរបៀប បែបបទដើម្បីអនុវត្តគំនិតផ្តួចផ្តើមទាំងនោះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីទទួលបាននូវ លទ្ធផលដែលអាចវាស់វែងបាន តាមរយៈការតាមដានត្រួតពិនិត្យជាប្រចាំ;

23). យើងលើកទឹកចិត្តដល់គំនិតផ្តួចផ្តើមនានា ដែលលើកកម្ពស់ការទទួលបានការងារសហគ្រិនភាព ការអភិវឌ្ឍសមត្ថភាពនិងឱកាសសេដ្ឋកិច្ចសម្រាប់ស្ត្រីនិងយុវជន ជាអាទិ៍នៅក្នុងវិស័យផ្សេងៗដែល នាំឆ្ពោះទៅរកអន្តរកាលឌីជីថល សេដ្ឋកិច្ចបៃតង ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ព្រមទាំងនវានុត្តន៍;

24). យើងទទួលស្គាល់ថា ការកៀរគរបណ្តាតួអង្គសេដ្ឋកិច្ច គឺជាកត្តាជំរុញដ៏សំខាន់មួយនៃកិច្ចសហ ប្រតិបត្តិការរវាងបណ្តារដ្ឋនិងរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលការណ៍នេះត្រូវតែផ្ត ល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក; ក្នុងន័យនេះ យើងលើកទឹកចិត្តដល់រាល់គំនិតផ្តួចផ្តើមពាក់ព័ន្ធ ទាំងអស់ ដែលគោរពយ៉ាងពេញលេញអធិបតេយ្យភាពនិងក្របខ័ណ្ឌគតិយុត្តិនៃបណ្តាប្រទេស សមាជិកនានា;

25). យើងទទួលស្គាល់ថា ផលប៉ះពាល់ដល់សន្តិភាពនិងសន្តិសុខពីសំណាក់វិបត្តិសកលទាំងបី (បម្រែ បម្រួលអាកាសធាតុ, ការបាត់បង់ជីវចម្រុះ និងផ្សែងពុល) គឺជាបញ្ហាប្រឈមធំបំផុតសម្រាប់ មនុស្សជាតិ: ក្នុងន័យនេះ យើងអំពាវនាវឱ្យបណ្តាប្រទេសសមាជិកហ្វ្រង់កូហ្វូនី ពង្រឹងការចូលរួមចំណែករបស់ខ្លួន ក្នុងការអនុវត្តកិច្ចសន្យាអន្តរជាតិសំខាន់ៗ ដែលពាក់ព័ន្ធទៅនឹងបរិស្ថាន; ជា ពិសេសកិច្ចព្រមព្រៀងទីក្រុងប៉ារីស (ឆ្នាំ ២០១៥) ក្របខ័ណ្ឌសកលស្តីអំពីជីវចម្រុះទីក្រុងគុនមីង -ម៉ុងរ៉េអាល់ (ឆ្នាំ ២០២២) និងកិច្ចព្រមព្រៀងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិស មុទ្រ ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្នុងតំបន់ដែលស្ថិត នៅក្រៅដែនសមត្ថកិច្ចជាតិ (BBNJ) (ឆ្នាំ ២០២៣); យើងស្វាគមន៍លទ្ធផលបានមកពីសន្និសីទ លើកទី ១៧ ស្តីពីអាកាសធាតុ (COP17) អនុសញ្ញាស្តីពីជីវចម្រុះ (CBD) ដែលបានប្រព្រឹត្តទៅនៅ ទីក្រុងអេរ៉េវ៉ាន (ប្រទេសអាកមេនី) ក្នុងខែតុលា ឆ្នាំ២០២៦; យើងអំពាវនាវឱ្យមានការរួមចំណែក ប្រកបដោយប្រសិទ្ធផលពីសំណាក់អង្គការហ្វ្រង់កូហ្វូនី ក្នុងកិច្ចការនៃសន្និសីទលើកទី៣១ នៃ សន្និសីទបណ្តា ភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាស ធាតុ ដែលបានប្រព្រឹត្តទៅនៅទីក្រុងអង់តាល់យ៉ា (ប្រទេសតួកគី) នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ ព្រមទាំងនៅក្នុងសន្និសីទនៃរដ្ឋភាគីលើកទី ១ នៃកិច្ចព្រមព្រៀង BBNJ នៅឆ្នាំ ២០២៧;

26). យើងបញ្ជាក់ជាថ្មីថា ការគោរពនិងការការពារភាពចម្រុះវប្បធម៌និងភាសា មានសារៈសំខាន់ សម្រាប់កិច្ចសន្ទនារវាងបណ្តាប្រជាជន ដើម្បីបុព្វហេតុសន្តិភាព; យើងបញ្ជាក់ជាថ្មីនូវការគាំទ្រ របស់យើងចំពោះការតស៊ូមតិហ្វ្រង់កូហ្វូន ដែលដៅទៅរកភាពងាយស្រួលក្នុងការស្វែងរកខ្លឹមសារ នានានៅក្នុងផ្ទាលឌីជីថលទាំងឡាយ ស្របទៅតាមការប្តេជ្ញាចិត្តដែលមាននៅក្នុងសេចក្តីប្រកាស នៃសន្និសីទបណ្តារដ្ឋមន្ត្រីក្រសួងវប្បធម៌ហ្វ្រង់កូហ្វូនីលើកទី៥ (ទីក្រុងកេប៊ិក នៅខែឧសភា ឆ្នាំ ២០២៥); ក្នុងន័យនេះ យើងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អង្គការយូណេស្កូ ក្នុងការកែសម្រួល អនុសញ្ញាឆ្នាំ ២០០៥ ឱ្យកាន់តែសមស្របទៅនឹងបរិបទឌីជីថល;

27). យើងបញ្ជាក់សារជាថ្មីថា កីឡាក៏ដូចជាវប្បធម៌ដែរ គឺជាកត្តានាំឱ្យមានសុភមង្គលក្នុងការអភិវឌ្ឍខ្លួន ផ្ទាល់និងនាំឱ្យមានលំហនៃស្វ័យភាវូបនីយកម្ម ហើយយើងបញ្ជាក់សារជាថ្មីទៀតថា ព្រឹត្តិការណ៍ ប្រកួតកីឡាអន្តរជាតិ ពិតជាជួយសម្រួលដល់ការខិតចូលជិតគ្នារវាងបណ្តាប្រជាជននានា ជាពិសេស រវាងបណ្តាយុវជន; យើងបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃការពង្រឹងពង្រីកគោលនយោបាយកីឡា សម្រាប់យុវជន; យើងអបអរសាទរចំពោះការរៀបចំកីឡាអូឡាំពិកយុវជនលើកទី៤ ដែលបាន ប្រព្រឹត្តទៅនៅទីក្រុងដាកា (សេណេហ្គាល់) និងជាលើកដំបូងបង្អស់នៅក្នុងទ្វីបអាហ្វ្រិក; យើង ក៏លើកទឹកចិត្តផងដែរឱ្យមានការចូលរួមទូលំទូលាយក្នុងការប្រកួតកីឡាហ្វ្រង់កូហ្វូនីលើកទី១០ នៅទីក្រុងអេរ៉េវ៉ាន (អាកម៉េនី) នៅឆ្នាំ២០២៧ខាងមុខ ហើយយើងជូនពរឱ្យព្រឹត្តការណ៍កីឡានេះ ប្រព្រឹត្តទៅដោយជោគជ័យ;

28). យើងទទួលស្គាល់ថា បេតិកភណ្ឌវប្បធម៌និងធម្មជាតិ មិនត្រឹមតែតំណាងឱ្យការចងចាំជាសមូហភាព រួមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគន្លឹះយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព, សម្រាប់បរិយាបន្ន សង្គម-សេដ្ឋកិច្ច និងសម្រាប់ការផ្ទេរមរតកអស់ទាំងនេះដល់យុវជនគ្រប់ជំនាន់; យើងសម្រេច ពង្រឹងជំនាញនិងបទពិសោធន៍របស់ហ្វ្រង់កូហ្វូនី ពាក់ព័ន្ធនឹងការលើកកម្ពស់សមត្ថភាពជួស ជុលនិងសមត្ថភាពអភិរក្សបេតិកភណ្ឌនានា ទាំងក្នុងអំឡុងពេលជម្លោះនិងទាំងក្រោយជម្លោះ;

29). យើងកោតសរសើរជាពិសេស ចំពោះសកម្មភាពនៃបណ្តាញឌីជីថលហ្វ្រង់កូហ្វូនី (RFN) សម្រាប់ ជាប្រយោជន៍ដល់បេតិកភ័ណ្ឌឯកសារហ្វ្រង់កូហ្វូនី; ហើយយើងលើកទឹកចិត្តឱ្យបន្តសកម្មភាពទាំង អស់នេះ ដែលក្នុងនោះមានការពង្រឹងសមត្ថភាពសំដៅកាត់បន្ថយវិសមភាពឌីជីថល;

30). យើងរំឭកជាថ្មីឡើងវិញថា ភាពខ្លាំងរបស់ហ្វ្រង់កូហ្វូនី គឺឋិតនៅលើភាពចម្រុះនៃបណ្តាតួអង្គរបស់ ខ្លួន, និងសកម្មភាពរួមរបស់តួអង្គទាំងអស់នេះ តម្រង់ទៅកាន់ទិសតែមួយ; យើងផ្តល់ការគាំទ្រពេញ ទំហឹងដល់ប្រតិបត្តិករផ្ទាល់ និងដល់ប្រតិបត្តិករទទួលស្គាល់ដោយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ព្រម ទាំងដល់គ្រប់សន្និសីទរដ្ឋមន្ត្រីអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី; ហើយយើងអំពាវនាវឱ្យពង្រឹងសហថាមវ័ន្ត ដោយពឹងផ្អែកជាពិសេសលើក្រុមប្រឹក្សាសហប្រតិបត្តិការ (របស់អង្គការហ្វ្រង់កូហ្វូនី)។

31). យើងកោតសរសើរចំពោះសកម្មភាពរបស់សភាប្រើប្រាស់ភាសាបារាំង (APF) ដើម្បីសន្តិភាព ការ បង្ការជម្លោះនិងការលើកកម្ពស់នីតិរដ្ឋ និងកិច្ចសន្ទនាប្រជាធិបតេយ្យនៅកណ្តាលលំហហ្វ្រង់កូហ្វូនី; ហើយយើងទទួលដឹងឮនូវបំណងប្រាថ្នារបស់ស្ថាប័នខាងលើនេះ ក្នុងការក្លាយជាសមាជិកសង្កេត ការណ៍របស់អង្គការសហប្រជាជាតិ;

32). ជាចុងក្រោយយើងទទួលស្គាល់ ការចូលរួមចំណែកដ៏វិសេសវិសាល និងសំខាន់បំផុតរបស់គ្រប់ ប្រតិបត្តិករផ្ទាល់និងទទួលស្គាល់ដោយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលរួមចំណែកក្នុងបុព្វ ហេតុ សន្តិភាព ដើម្បីវិបុលភាពរួមនិងស្ថិរភាពយូរអង្វែង ដែលអនុវត្តសកម្មភាពជាប្រចាំថ្ងៃ យ៉ាងជិតស្និទ្ធជាមួយប្រជាជនរួមមាន៖ សមាគមអន្តរជាតិអភិបាលក្រុងនិយាយភាសាបារាំង (AIMF) តាមរយៈកម្មវិធីនានាដែលជំរុញកិច្ចសហប្រតិបត្តិការអន្តរព្រំដែននិងកិច្ចសន្ទនាតំបន់; សាកលវិទ្យាល័យ Senghor; បណ្តាញផ្សព្វផ្សាយសាធារណៈពហុភាគី TV5; និងទីភ្នាក់ងារឧត្តម សិក្សាប្រើប្រាស់ភាសាបារាំង (AUF); លើសពីនេះ យើងរំឭកជាថ្មីឡើងវិញ នូវភាពចាំបាច់បំផុត នៃការចូលរួមធ្វើការរួមគ្នា ដើម្បីធានានិរន្តរភាព និងការបន្តកៀរគរប្រភពហិរញ្ញវត្ថុសម្រាប់ស្ថាប័ន ទាំងនេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia