Connect with us

ព័ត៌មាន

ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរប្រមាណ ៨០ម៉ឺននាក់​បានចេញ​ដើរ​លេង​កម្សាន្ត​ទស្សនា​ខេត្តតាកែវ​ក្នុង​ព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ

តាកែវ៖ ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអ៊ំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ មាន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៨០ម៉ឺននាក់​បាន​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត​តាកែវ។ នេះបើតាម​របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត។

លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវបានថ្លែងឲ្យដឹងថា សម្រាប់​ខេត្ត​តាកែវ​រយៈ​ពេល​៣ថ្ងៃនៃព្រះរាជពិធីបុណ្យអ៊ំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ មានភ្ញៀវទេសចរ​ចំនួន​៨៤១,៧១៨ នាក់ ក្នុងនោះភ្ញៀវ​ទេសចរ​បរទេស​ចំនួន​៣៦៧នាក់​បាន​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្តតាកែវ ហើយក្នុងចំណោម​ភ្ញៀវទេសចរ​ទាំងអស់​ភាគ​ច្រើន​បាន​មកទ​ស្សនា​កម្សាន្ត​ក្នុង​ក្រុង​ដូនកែវ ដែលមានការតាំងរូបសំណាកបង្កងយក្សនៅបឹងតាកែវ។

បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ ចំនួន​ភ្ញៀវទេសចរ​ដែល​ចូល​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តតាកែវ​ក្នុង​ពិធី​បុណ្យ​អុំ​ទូកឆ្នាំ២០២៦នេះមានការកើនឡើងខ្ពស់ជាងឆ្នាំ២០២៥កន្លងមក ហើយមូលហេតុដែលនាំឲ្យមាកំណើនភ្ញៀវទេសចរ​មានការកើន​ឡើង​គឺ​បណ្ដាល​មក​ពី​ឆ្នាំ​នេះ​រដ្ឋបាល​ខេត្តតាកែវ​ក្រោមការដឹកនាំពីសំណាក់ឯកឧត្តម វ៉ី សំណាង បានកសាងរូបសំណាកបង្កង​យក្ស​នៅ​បឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ដែលធ្វើឲ្យមានការល្បីរន្ទឺ​តាម​បណ្ដាញ​សង្គម និង​ផ្ទុះ​ការ​ចាប់​អារម្មណ៍យ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយបងប្អូន​ប្រជាពលរដ្ឋ​គាត់​ចង់​មក​ទស្សនាដោយផ្ទាល់និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

ដោយឡែកពាក់ព័ន្ធទៅនិងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ក៏​ដូចជាភ្ញៀវទេសចរ​ជាតិ​ អន្តរជាតិដែលមកចូលលេងកម្សាន្តក្នុងខេត្តតាកែវ ត្រូវបានលោក​ឧត្តម​សេនីយ៍​ត្រី ​សៅ សារុន ស្នងការរងទទួល​បន្ទក​សេនា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរ​បាល​​ខេត្តតាកែវបានថ្លែងឲ្យឹងថា បញ្ហាសន្តិសុខ សុវត្ថិភាពជូនបង​ប្អូន​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សា​ន្ត​នៅ​ក្នុង​ខេត្ត​តាកែវ​នា​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូកត្រូ​វបា​ន​សមត្ថ​កិច្ច​ថែ​រក្សា​ការពារ​បាន​យ៉ាង​ល្អប្រសើរពុំមានបញ្ហាអ្វីកើតឡើងនោះទេ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia