ព័ត៌មាន
រាជរដ្ឋាភិបាលសម្រេចប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនអតីតបុរីVIP ដែលបានបង់ប្រាក់ផ្ដាច់១០០%
(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា មកទល់ពេលនេះ ការដោះស្រាយវិវាទរបស់អតិថិជនអតីតបុរី វី អាយ ភី បានដល់ដំណាក់កាលឯកភាពជំរុញបញ្ចប់ ដោយសម្រេចផ្ដល់ដំណោះស្រាយសមស្រប គឺការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន អតិថិជនដែលបានបង់ប្រាក់ផ្ដាច់១០០% ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនអតីតបុរី វី អាយ ភី ខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា មកទល់ពេលនេះ ការដោះស្រាយវិវាទ របស់អតិថិជនអតីតបុរី វី អាយ ភី បានធូរស្រាលច្រើន ដោយសារតែមានការប្រជុំពិភាក្សាជួយរកដំណោះស្រាយពីរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាក្រសួងរៀបចំដែនដីជាច្រើនលើកច្រើនសារ និងមានការជួយខ្នះ ខ្នែងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដើម្បីរកដំណោះស្រាយរួមមួយបញ្ចប់វិវាទឱ្យបានឆាប់រហ័ស រហូតមានការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជន។ លទ្ធផលសម្រេចបាន នាពេល នេះ គឺដោយសារប្រមុខរាជរដ្ឋាភិបាល បានឯកភាពជំរុញបញ្ចប់វិវាទដោយសម្រេចផ្ដល់ដំណោះស្រាយ ក្នុងការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជន ដែលបានបង់ប្រាក់ផ្ដាច់១០០% ។

ឯកឧត្តម បានស្នើដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រ នាពេលខាងមុខ សូមបន្តសហ ការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ក្នុងការរៀបចំលក្ខន្តិកៈនៃការរស់នៅដោយខ្លួនឯង ពីព្រោះប្រជាពលរដ្ឋ នឹងត្រូវសហការឯកភាពគ្នាក្នុង ការប្រើប្រាស់សេវាអគ្គិសនី ភ្លើងបំភ្លឺផ្លូវសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ ការថែទាំផ្លូវ ដាំដើមឈើ និង ការប្រមូលសំរាម ជាដើម។ ហើយ ការងារទាំងនេះ ក្រសួងរៀបចំដែនដី នឹងនៅជួយសម្របសម្រួល និង ការងារផ្សេងទៀតដែលអាចកើតមានឡើង ប្រសិនបើមានតម្រូវការ ដើម្បីប្រែក្លាយទៅជាភូមិឋានក្សេម ក្សាន្ត ជាទ្រនំសុភមង្គលជូនដល់ប្រជាពលរដ្ឋ ។
ឯកឧត្តម បានស្នើដល់អតិថិជនដែលមិនទាន់បានបង់ប្រាក់គ្រប់ សូមបន្តបង់ប្រាក់រំលស់ជាបន្ត បន្ទាប់តាមការកំណត់ ដើម្បីឱ្យការសាងសង់សំណង់បានបញ្ចប់តាមផែនការគ្រោងទុក ដោយក្រសួងនឹង ផ្ដល់ការជួយសម្របសម្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការលើសេវាធនាគារ ក្នុងការបង់ប្រាក់នេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពបង់ប្រាក់រំលស់រហូតទទួលបានលំនៅក្នុងក្តីស្រមៃ របស់ខ្លួនពិតប្រាកដ ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ច កោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូលការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី៣ចំណុច រួមមាន ការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពល រដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ១៥ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្ត បញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ៕ អត្ថបទ៖ បាន ចក់

















-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣