កីឡា
ចាន់ ប៊ុនលាភ ជួប គង់ សំបូរ ខណៈឯម សុធី ជួបវៀត ប៊ុនឌឿន នៅសង្វៀនវ៉ើកបាយ័នស្ទឹងមានជ័យ
អ្នកប្រដាល់ជើងខ្លាំង ចាន់ ប៊ុនលាភ ក្លិបនិរោធមានជ័យ ត្រូវបានគេផ្គូឲ្យជួបប្រកួតជាមួយគង់ សំបូរ អ្នកប្រដាល់ជើងខ្លាំងក្លិបគោព្រៃគុនខ្មែរ នាយប់ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០នេះ នៅលើសង្វៀនបិទទ្វារវ៉ើកបាយ័នស្ទឹងមានជ័យ។ គូពីរនេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម។

ចាន់ ប៊ុនលាភ គេមានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភជំនួស ប៊ុនលាភ នោះ គឺខ្លាចតែចាញ់កម្លាំងស៊ុហ្វគង់ សំបូរ តែប៉ុណ្ណោះ។ ចាន់ ប៊ុនលាភ ប្រកួតបីប្រកួត ចុងក្រោយនេះ វាយរាងល្អ និងខ្លាំងជាងមុន កម្លាំងកាយសម្បទាក៏រឹងមាំដែរ ដែលមើលទៅគឺមានលក្ខណៈល្អច្រើន។ ទោះជាយ៉ាងនេះក្តី គេមិនហ៊ានអះអាងមុនថា ប៊ុនលាភ ឈ្នះ គង់ សំបូរ នោះទេ សម្រាប់ការជួបគ្នាលើកដំបូងនេះ។
គង់ សំបូរ ជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ។ សំបូរលើកនេះ ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត សម្រាប់ការជួបចាន់ ប៊ុនលាភ។ យ៉ាងណា គង់ សំបូរ មិនអាចធ្វេសប្រហែសបានទេ ព្រោះអ្នកប្រដាល់ ប៊ុនលាភ នេះ វាយខ្លាំង និងមានក្បាច់គុនល្អ។
សម្រាប់ការប្រកួតជាមួយ ប៊ុនលាភ នេះ គង់ សំបូរ ត្រូវតែប្រយ័ត្នកណ្តាប់ដៃ និង ជង្គង់របស់គេ ព្រោះថាកណ្តាប់ដៃ និងជង្គង់របស់គេរហ័ស លឿន និង មុតស្រួចណាស់។
តែយ៉ាងណា ប៊ុនលាភ ក៏មិនជាស្រួលប៉ុន្មានដែរ ព្រោះគង់ សំបូរ គេក៏វាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ ពិសេសស្នៀតទាត់របស់សំបូរខ្លាំង មានទម្ងន់ធ្ងន់ ហើយមួយទៀត សំបូរក៏ធ្លាប់ផ្តួលអ្នកប្រដាល់ថៃជាច្រើននាក់រួចមកហើយ។
មិនទាន់ហ៊ានសន្និដ្ឋានថា គង់ សំបូរ ជួបសំណាងល្អនៅក្នុងការប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ចាន់ ប៊ុនលាភ នេះឡើយ ? ចាំមើល តើរវាងគង់ សំបូរនិងចាន់ ប៊ុនលាភ តើនរណាឈ្នះ?។
ចំណែកមួយគូទៀត ឯម សុធី អ្នកប្រដាល់កម្រិត ក ក្លិបថ្មគោលពោធិសែនជ័យ ត្រូវបានផ្គូឲ្យជួបប្រកួតជាមួយវៀត ប៊ុនឌឿន អ្នកប្រដាល់កម្រិត ក នៃក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប ដោយជួបគ្នាក្នុងទម្ងន់៦០គីឡូក្រាម ។
អ្នកប្រដាល់ទាំងពីរនាក់នេះ មិនធ្លាប់ដែលជួបគ្នាទេកន្លងមក ដោយសារអ្នកប្រដាល់ឯម សុធី ពីមុនគេមានកម្រិតបច្ចេកទេសក្រោម ប៊ុនឌឿន ទេ ទើបតែពេលនេះទេ ដែលសុធីឡើងកម្រិតបច្ចេកទេស ហើយត្រូវគេផ្គូឲឲ្យសាកសមត្ថភាពជាមួយវៀត ប៊ុនឌឿន នោះ។
សុធី គេជាអ្នកប្រដាល់ដែលទើបនឹងឡើងកម្រិតចាត់ចូលលំដាប់ខ្លាំង ក្រោយពីប្រកួតជាមួយថៃច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយដែលការប្រកួតលើកចុងក្រោយនេះ បានផ្តួលអ្នកប្រដាល់ថៃ ដកម៉ៃដែង ក្នុងទឹកទី៣ ប៉ុន្តែចុងក្រោយវាយចាញ់ជើងខ្លាំងរួមជាតិ ម៉ន សាម៉េត ក្លិបមកុដរាជសីហ៍ដោយពិន្ទុ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។
ទោះជាយ៉ាងនេះក្តី អ្នកប្រដាល់ ឯម សុធី មិនអាចមើលស្រាលចំពោះ វៀត ប៊ុនឌឿន បាននោះទេ ព្រោះថា ប៊ុនឌឿន គេមានកម្រិតសមត្ថភាព និងបច្ចេកទេសខ្ពស់ គ្រាន់តែចិត្តប្រដាល់របស់គេមិនសូវធំតែប៉ុណ្ណោះ។ ប៊ុនឌឿន គេមានថ្វីដៃល្អ និងមានស្នៀតទាត់ខ្លាំង ក្នុងការយកឈ្នះដៃគូប្រកួតកន្លងមក។ កណ្ដាប់ដៃ និងស្នៀតទាត់នេះ គឺជាស្នៀតប្រចាំត្រកូលរបស់ប៊ុនឌឿន ហើយ។
ទោះជាយ៉ាងនេះក្តី គេមិនទាន់ប្រាកដថា វៀត ប៊ុនឌឿន អាចឈ្នះឯម សុធី នោះទេ ព្រោះអ្នកប្រដាល់សុធីរូបនេះ គេក៏មានថ្វីដៃខ្លាំងគ្រាន់បើដែរ។ ដូច្នេះចាំមើល វៀត ប៊ុនឌឿន អាចយកឈ្នះឯម សុធី បានដែរឬអត់?។
ចំពោះព្រឹត្តិការណ៍ប្រកួតសន្សំប្រាក់លានវិញនោះ អេ អាំម៉ារីនភូថង អ្នកប្រដាល់ក្លិបប្រដាល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវជួបប្រកួតជាមួយរឿង សារិទ្ធ អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ ដោយជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ ពួកគេទាំងពីរនាក់នេះ ពុំធ្លាប់ជួបគ្នាទេកន្លងមក។
រឿង សារិទ្ធ តាមការសន្និដ្ឋានមុន ប្រហែលជាមិនអាចឈ្នះអេ អាំម៉ារីនភូថង អ្នកប្រដាល់វ័យក្មេងដៃជើងវែង និងខ្ពស់នេះឡើយ។ សារិទ្ធ ទើបតែវាយចាញ់ងួន គា ក្លិបរាជសីហ៍ខេត្តរតនគិរីដោយពិន្ទុកាលពីចុងសប្ដាហ៍កន្លងមក។
អេ អាំម៉ារីនភូថង ជាកូនបង្កើតរបស់ អេភូថង។ អ្នកប្រដាល់វ័យក្មេងរូបនេះ ថ្វីត្បិតតែមានកម្លាំងមិនសូវខ្លាំងរឹងមាំក្តី តែគេមានចិត្តប្រដាល់ធំ វាយមិនចេះថយទេ គឺសម្រុកចូលជានិច្ច ហើយរាល់ការវាយចេញរបស់គេភាគច្រើនចំគោលដៅល្អ។ ការប្រកួតចុងក្រោយគេនេះ អេ អាំម៉ារីនភូថង វាយឈ្នះជើងចាស់លាភ សំណាង ក្លិបកងពលតូចលេខ៧០ដោយពិន្ទុ៕
សូមចុចអាន ៖ ប្រកួតបិទទ្វារ ដណ្តើមប្រាក់លានសង្វៀនបាយ័នចុងសប្តាហ៍នេះ នរណាជាជើងឯក
អត្ថបទ ៖ វិសិទ្ធ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣