ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម នៅសាធារណរដ្ឋកូរ៉េ។
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងក្ដីរីករាយ ដែលបានជួបលោកប្រធានក្រុមហ៊ុន SK Securities នៅពេលសម្ដេចអញ្ជើញមកកាន់ទីក្រុងអ៊ីនឈាន់ សាធារណរដ្ឋកូរ៉េ។
លោកប្រធានក្រុមហ៊ុន Jung Jun-Ho បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ហើយបានលើកឡើងថា លោកមានកិត្តិយសខ្លាំងណាស់ ដែលបានជួបសម្ដេចតេជោផ្ទាល់ដោយសារសម្ដេច គឺជាឥស្សរជនកម្ពុជាដែលល្បីនៅកូរ៉េ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ។
លោកប្រធានក្រុមហ៊ុន បានជម្រាបសម្ដេចតេជោថា ក្រុមហ៊ុនរបស់លោកមិនទាន់បានបង្កើតក្រុមហ៊ុននៅកម្ពុជានៅឡើយទេ ហើយតាមរយៈជំនួបនៅថ្ងៃនេះ ក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍នឹងវិនិយោគនៅកម្ពុជា ហើយធ្វើការទៅលើវិស័យជាច្រើន។ លោកបានរំលឹកថានៅពេលទស្សនកិច្ចរបស់សម្ដេចធិបតីនៅកូរ៉េ លោកបានរៀបចំជំនួបជាច្រើនរវាងសម្ដេចធិបតី ជាមួយនឹងក្រុមហ៊ុនកូរ៉េ និងបានពិភាក្សាទៅលើវិស័យផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគមនាគមន៍ ធារាសាស្ត្រ ព្រមទាំងអាកាសយានដ្ឋានថ្មីនៅកម្ពុជាផងដែរ។
លោក Jung Jun-Ho បានលើកឡើងថា ក្រុមហ៊ុន SK Securities គឺជាក្រុមហ៊ុនមូលបត្រដែលទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដែលទទួលបានអាជ្ញាប័ណ្ណហិរញ្ញវត្ថុដែលផ្ដោតទៅលើបរិស្ថាន។ ក្រុមហ៊ុន SK Securities កំពុងតែអនុវត្តគម្រោងមួយ គឺការអភិរក្សនៅព្រៃកោងកាង ក្នុងខេត្តកំពត ទំហំ៥០ហិកតា នៅក្នុងក្របខ័ណ្ឌនៃការពង្រឹងបរិស្ថាន។
លោកប្រធានក្រុមហ៊ុន SK Securities បានលើកឡើងថា ក្រុមហ៊ុនកូរ៉េភាគច្រើនបានចាប់អារម្មណ៍ទៅលើប្រទេសជិតខាងកម្ពុជា នៅក្នុងតំបន់អាស៊ាន ក៏ប៉ុន្តែ ក្រុមហ៊ុនរបស់លោក គឺចាប់អារម្មណ៍ទៅលើប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជា មានទីតាំងល្អ និងមានធនធានមនុស្ស។ ក្នុងទិសដៅនេះ លោកប្រធានក្រុមហ៊ុន SK Securities ក៏បានគោរពសុំការគាំទ្រពីសម្ដេចតេជោ ដល់ក្រុមហ៊ុនរបស់លោកដែលនឹងអាចឈានទៅដល់ការវិនិយោគនៅកម្ពុជា។
ជាកិច្ចឆ្លើយតប សម្ដេចតេជោហ៊ុនសែន បានអរគុណដល់ក្រុមហ៊ុន SK Securities ដែលបានឱ្យដឹងពីគោលបំណងរបស់ក្រុមហ៊ុនពីការមានវត្តមាននៅកម្ពុជា។ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាត្រូវការវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនកូរ៉េ។ ដោយក្រុមហ៊ុនកូរ៉េភាគច្រើនបានវិនិយោគនៅបណ្ដាប្រទេសជិតខាងកម្ពុជានៅក្នុងអាស៊ាន នៅកម្ពុជាការវិនិយោគនៅមានកម្រិតនៅឡើយ។ ដើម្បីវិនិយោគបានចំគោលដៅ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា ឱ្យសិក្សាលម្អិតថាតើចាប់យកចំណុចអ្វីដែលជាគោលដៅនៃការវិនិយោគ។
សម្ដេចបានបញ្ជាក់ទៀតថា ពាក់ព័ន្ធទៅនឹងអាកាសយានដ្ឋានថ្មី គឺមិនមានការចាំបាច់ក្នុងការធ្វើការសិក្សាទេ ពីព្រោះ កម្ពុជា ទើបតែបានដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប និងត្រៀមដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅខេត្តកណ្ដាល ហើយក៏មានអាកាសយានដ្ឋាននៅតំបន់មាត់សមុទ្រផងដែរ។
សម្តេចតេជោ បន្ថែមថា កម្ពុជាត្រូវការវិនិយោគលើឧស្សាហកម្មកែច្នៃ ពីព្រោះកម្ពុជា មានវត្ថុធាតុដើមច្រើន ដែលសមត្ថភាពនៃការកែច្នៃនៅមានកម្រិត។ ដោយទីផ្សារកូរ៉េ ត្រូវការនាំចូលផលិតផលជាស្បៀង, សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យសិក្សាអំពីការកែច្នៃលើផលិតផលស្បៀង។ នៅក្នុងផ្នែកឧស្សាហកម្ម កម្ពុជាត្រូវការបច្ចេកវិទ្យាពីកូរ៉េ, ដូច្នេះ កម្ពុជាចង់ទទួលបាននៅបច្ចេកវិទ្យាពីកូរ៉េ។ នៅក្នុងវិស័យមូលបត្រ កម្ពុជាក៏ត្រូវការជំរុញវិស័យនេះផងដែរ ដោយសារសព្វថ្ងៃនេះ មិនទាន់ឃើញមានការរីកចម្រើនខ្លាំងក្លានោះទេ។
សម្ដេចតេជោ បានគូបញ្ជាក់ថា ការលើកឡើងរបស់សម្ដេច អាចមិនសមស្របជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន ក៏ប៉ុន្តែ សុំធ្វើការសិក្សាឱ្យបានលម្អិត។ ប្រទេសកម្ពុជា មានភាពងាយស្រួលច្រើន ដូចជាការបង្កើតក្រុមហ៊ុន មិនតម្រូវឱ្យមានក្រុមហ៊ុនដៃគូក្នុងស្រុក និង ជាក្រុមហ៊ុនបរទេស ១00%។ ម្យ៉ាងទៀតកម្ពុជា អនុញ្ញាតឱ្យវិនិយោគិនប្រើប្រាស់រូបិយប័ណ្ណបរទេស ដោយមិនចាំបាច់មានការប្ដូរ ទៅជារូបិយប័ណ្ណក្នុងស្រុកឡើយ។
សម្ដេចតេជោ បានបន្ថែមពីការការវិនិយោគក្នុងរូបមន្ត ១+ និងគូសបញ្ជាក់ថា ក្រុមហ៊ុនដែលវិនិយោគ នៅក្នុងប្រទេសអាស៊ាន គួរវិនិយោគផងដែរនៅក្នុងប្រទេសកម្ពុជា ព្រោះថានៅពេលប្រទេសមួយមានបញ្ហា ក្នុងផលិតកម្ម គឺរូបមន្ត ១+ នេះ អាចធានាច្រវាក់ផលិតកម្មបាន។
សម្ដេចតេជោ ក៏បានលើកឡើងពីបទពិសោធរបស់ក្រុមហ៊ុនជប៉ុន Minebea ដែលបានវិនិយោគនៅប្រទេសជិតខាងកម្ពុជា ហើយក៏បានវិនិយោគនៅប្រទេសកម្ពុជាផងដែរ នៅពេលដែលប្រទេសជិតខាងកម្ពុជាជួបប្រទះនូវបញ្ហាទឹកជំនន់ រំខានដល់ខ្សែច្រវាក់ផលិតកម្ម រោងចក្រនៅកម្ពុជាអាចជំនួសបាន។
សម្ដេចតេជោ បានរំលឹកថា នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្ដេចធិបតី នៅប្រទេសកូរ៉េ គឺមានការព្រមព្រៀងគ្នាលើកកម្រិតក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ។ សម្ដេច ជឿជាក់ថា នៅពេលអនាគត ក្រុមហ៊ុនកូរ៉េ នឹងមានវត្តមានកាន់តែច្រើន និងមានរយៈពេលវែងនៅកម្ពុជា ដែលក្នុងនោះក៏ស្របទៅនឹងគំនិតរបស់ក្រុមហ៊ុនដែលលើកឡើងអំពីនិរន្តរភាព៕
-
ព័ត៌មាន1 week ago
រដ្ឋមន្រី្តក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយវិស័យឯកជន ផ្តោតលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការសាងសង់មណ្ឌលចាស់ជរា
-
ព័ត៌មាន1 week ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
ព័ត៌មាន1 week ago
រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies
-
ព័ត៌មាន5 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
ព័ត៌មាន1 week ago
ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញប្រគល់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេសផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្របាតិមោក្ខ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
-
ព័ត៌មាន1 week ago
ក្រុមមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាមបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week ago
សម្តេចធិបតីអញ្ជើញថ្លែង សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ
-
ព័ត៌មាន1 week ago
ពិធីបើកវេទិកាពិសេសស្តីពី «សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI