Connect with us

ព័ត៌មាន

កម្ពុជា-អាស៊ែបៃហ្សង់ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មទ្វេភាគី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូ​វការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលនៅថ្ងៃទី១២តុលា​នេះ មេ​ដឹក​នាំប្រទេសទសទាំងពីរ​បាន​បញ្ជាក់​អំពី​ការ​ជំរុញ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ និង​ពាណិជ្ជ​កម្ម​ទ្វេភាគី។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​គណៈ​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា បានអញ្ជើញដល់សាធារណរដ្ឋអាស៊ែបៃហ្សង់ កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២៦ ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម Samir Sharifov ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។

បន្ទាប់​អញ្ជើញ​ដល់សាធារណរដ្ឋអាស៊ែបៃហ្សង់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែ​តុលា​នេះ បានចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយ ឯកឧត្តម Ilham Aliyev ប្រធានា​ធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។

សម្ដេចធិបតី បានជួបជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ។

​មេដឹកនាំប្រទេសទាំងពីរ នៅរសៀលថ្ងៃទី១២ ខែតុលា នេះ បានអញ្ជើញ​ធ្វើ​សន្និសីទ​សារ​ព័ត៌​មាន​រួម​គ្នា ​ដោយបានបញ្ជាក់អំពីការជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យពាណិជ្ជកម្ម សកម្ម​ភាព​មីន និងការពារជាតិ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្តូរ​ឯកសារ​អនុស្ស​រណៈ​នៃការយោគយល់គ្នា ចំនួន២៖

១-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាង​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។

២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថានជាតិការទូត និង​ទំនាក់​ទំនង​អន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា និងសាកលវិទ្យាល័យ ADA ដែល ចំណុះឱ្យ ក្រសួងការបរទេសនៃ សាធារណ​រដ្ឋ​អាស៊ែ​បៃហ្សង់​។

យោង​តាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សន​កិច្ច​ការ​ងារ​នៅ​សាធារណ​រដ្ឋ​អាស៊ែ​បៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១២ ដល់​ថ្ងៃ​ទី​១៧​ ខែតុលា ឆ្នាំ២០២៦។ សម្តេចធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃ​សន្និសីទ​ស្ដីពី​អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៥​ ខែតុលា ឆ្នាំ២០២៦ និងផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំនៃប្រទេសសមាជិកដទៃទៀត ក្រោមមូលបទ «ពង្រឹងសន្និសីទ ស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូបនីយកម្ម និងកំណើនប្រកបដោយចីរភាពនៅ អាស៊ី»។ ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល សម្ដេចធិបតី ក៏គ្រោងនឹងជួបទ្វេភាគីជាមួយប្រមុខគណៈប្រតិភូនៃប្រទេស សមាជិក CICA ផ្សេងទៀតផងដែរ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការទ្វេភាគី។ ដំណើរទស្សនកិច្ចនាពេលនេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹង​ផ្ដល់​សន្ទុះ​ថ្មី​ដល់​ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការ​ដ៏​ជិត​ស្និទ្ធ​របស់​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ជាមួយនឹងសាធារណរដ្ឋ អាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និ​ង​សាធារ​ណ​រដ្ឋ​កាហ្សាក់​ស្ថាន​៕ អត្ថបទ៖ វ៉ាន់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia