ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តក្រុមហ៊ុនចិនបង្កើនការវិនិយោគនៅកម្ពុជា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគចិន ឱ្យបង្កើនការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានច្រើនឡើង ស្របតាមកិច្ចព្រមព្រៀងនៃថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញនៅក្នុងការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូ អញ្ជើញទស្សនាសួនឧស្សាហកម្មនៅក្រុងសៀងហៃ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់និងគំាពារដល់អ្នកវិនិយោគទាំងបរទេសនិងក្នុងស្រុក តាមរយៈការកសាងច្បាប់ និងការដាក់ចេញនូវយន្តការ លើកទឹកចិត្ត ទាក់ទាញ ប្រកបដោយភាពជាក់លាក់និងបត់បែន។ អ្វីដែលសំខាន់នោះគឺកត្តាសុខសន្តិភាព ស្ថិរភាពសង្គម ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំប្តេជ្ញាការពារធានាជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទំាងអស់។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអនុវត្តនូវយន្តការសន្ទនាជាមួយវិស័យឯកជន ជាប់ជាប្រចាំ តាមរយៈការរៀបចំវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការគំាទ្រនិងលើកទឹកចិត្តដល់ការធ្វើវិនិយោគដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ អភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

ក្រុមហ៊ុនធំៗនៅក្រុងសៀងហៃ ដែលសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ អញ្ជើញទស្សនកិច្ចមាន ក្រុមហ៊ុន TIANMA និងក្រុមហ៊ុន SONGZ ។ ក្រុមហ៊ុន TIANMA ផលិតគ្រឿងបន្លាស់អេក្រង់ទូរស័ព្ទ និងអេក្រង់ផលិតផលជាច្រើនទៀត នៅក្នុងឧស្សាហកម្មរថយន្ត សម្ភារៈវេជ្ជសាស្រ្ត ជាដើម។ ចំណែក ក្រុមហ៊ុន SONGZ ជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់រថយន្ត និងរថភ្លើងល្បឿនលឿន។

បន្ទាប់មកគណៈប្រតិភូបានអញ្ជើញទស្សនាអគារ Oriental Pearl Tower ដែលជានិមិត្តរូបមួយនៃក្រុងសៀងហៃ ដែលនៅទីនោះគណៈប្រតិភូបានទស្សនា សារមន្ទីរសៀងហៃ ដែលមានការតំាងបង្ហាញរូបភាពពីដំណើរការគ្រប់គ្រងសង្គម សេដ្ឋកិច្ច របស់ក្រុងសៀងហៃ កាលពីអតីតកាលផងដែរ៕





-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ