Connect with us

ព័ត៌មាន

តំណាងរដ្ឋមន្រី្តធម្មការ បើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៧

ភ្នំពេញ ៖ វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងចាត់ទុកថាជាការលើកម្ពស់ប្រពៃណី ទំនៀមទំលាប់ ព្រះពុទ្ធសាសនា នៅកម្ពុជា។

​ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខធិការ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា អញ្ជើញជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៧ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១-២៥ ខែតុលា ឆ្នាំ២០២៤ នៅទីសី្តការក្រសួង។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជាគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ទើបសម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ណែនាំឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យស្រាវជ្រាវ និងបង្កើតវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ។ បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ក្រសួងបានខិតខំស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងលោកអាចារ្យដែលមានចំណេះដឹង អាចចងចាំច្បាស់នៅពិធីកម្ម ចេះចាំទំនៀមស្រុកទេស ដែលមានសមត្ថភាព ខ្ពស់មានបទពិសោធន៍យូរឆ្នាំ ដើម្បីប្រជុំរៀបចំពិគ្រោះយោបល់ ពិភាក្សាអំពីការបើកវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ នៅក្នុងការផ្លាស់ប្ដូរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍គ្នាទៅវិញទៅមកលើកកម្ពស់ពិធីកម្មផ្សេងៗដែលមានតាមមូលដ្ឋានភូមិ ស្រុក ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក កែវ ហេង បន្តថា វគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឲ្យបានរុងរឿង និងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង។ ដោយឡែកសម្រាប់ វគ្គបណ្ដុះបណ្ដាលជំនាន់ទី៤៧នេះ គឺសិក្សារយៈពេល៥ថ្ងៃ មានសិក្ខាកាមអាចារ្យមកពីរាជធានី ខេត្ត ទូទាំងប្រទេសចំនួន២១៤អង្គ/នាក់ ព្រះសង្ឃ២៧អង្គ និងអាចារិនី៥នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២០រូប ជាអ្នកសិក្សាលើ២០មុខវិជ្ជា ចែកចេញជា៤ផ្នែកធំៗ។

នាឱកាសនោះឯកឧត្តម ហាក់ ប៊ុនធឿន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់លើគ្រប់វិស័យ ក្នុងនោះប្រពៃណី ទំនៀមទំលាប់ ព្រះពុទ្ធសាសនា ត្រូវបានយកចិត្តទុកដាក់ស្តារ និងអភិវឌ្ឍន៏ឡើងវិញ រហូតមានការរីកចម្រើន ទន្ទឹមនឹងការអភិរក្សរហូតដល់សព្វថ្ងៃ។ វគ្គបណ្ដុះបណ្ដាល ដែលរៀបចំដោយនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម ក្រោមការយកចិត្តទុកដាក់ស្របតាមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បានចង្អុលបង្ហាញឲ្យក្រសួង ដែលដឹកនាំដោយឯកឧត្តម ចាយ បូរិន ណែនាំឲ្យថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ចែករំលែកនូវចំណេះដឹងបន្ថែម ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិជាដើម។ តាមរយៈនេះឯកឧត្តម រដ្ឋលេខាធិការ បានសំណូមពរ ដល់សិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារិនី ចាំបាច់យកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ និងចែករំលែកចំណេះដឹងរបស់ខ្លួនឲ្យបានទូលំទូលាយ និងសូមជូនពរដល់សិក្ខាកាមទាំងអស់ទទួលបានជោគជ័យទៅតាមបែបបទជំនាញរៀងៗខ្លួន៕

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia