ព័ត៌មាន
ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច
នាព្រឹកថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន ERIA បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការបន្តវិវឌ្ឍរីកចម្រើន នៅកម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។ លោកប្រធានវិទ្យាស្ថាន បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថាន ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ព្រមទាំង ការកសាងសមត្ថភាព។ លោកប្រធានវិទ្យាស្ថានបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូដ៏ល្អប្រសើរជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា និងបំណងជួយសម្របសម្រួលក្នុងការភ្ជាប់ទំនាក់ទំនងរវាងវិនិយោគគិនបរទេស ជាមួយនឹងប្រទេសកម្ពុជា ដែលមានសក្តានុពលច្រើន។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏ល្អប្រសើរវិទ្យាស្ថាន ERIA និងក្រសួង-ស្ថាប័នរបស់កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា អាទិភាពរបស់រាជរដ្ឋាភិបាលផ្តោតលើការធ្វើសមាហរណកម្មកម្ពុជាទៅតំបន់និងពិភពលោក តាមរយៈការធ្វើពិពិធកម្មពាណិជ្ជកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពង្រឹងមូលធនមនុស្ស និងធ្វើឱ្យប្រសើរឡើងថែមទៀតនូវបរិយាកាសវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតីបានចែករំលែកអំពីគោលនយោបាយ យន្តការ និងគំនិតផ្តួចផ្តើមមួយចំនួនរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើត និងធានាបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយភាពទាក់ទាញ។ សម្ដេចបវរធិបតីបានស្វាគមន៍បំណងរបស់វិទ្យាស្ថានក្នុងការសម្របសម្រួលនិងភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបរទេស ជាមួយប្រទេសកម្ពុជា ព្រមទាំងលើកទឹកចិត្តលោកប្រធានវិទ្យាស្ថាន បន្តកិច្ចសន្ទនា និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា៕



-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន6 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន5 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន6 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល