ព័ត៌មាន
មន្រ្តីជាន់ខ្ពស់វប្បធម៌៖ «កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា»
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ សាលាជាតិវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអៈអាងថា កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។
ឯកឧត្តម ក៏សូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់នៃសាលាមធ្យមវិចិត្រសិល្បៈ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសិល្បៈវប្បធម៌ ក៏ដូចជាការ រួមចំណែកថែរក្សា លើកស្ទួយ និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិឱ្យបន្តមានជីវិតរស់រវើក និងរីកចម្រើនទៅមុខ។ កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលមិន ត្រឹមតែផ្តោតគោលដៅការពារអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមជាកម្លាំងជំរុញដល់កំណើន សេដ្ឋកិច្ចជាតិ និងទ្រទ្រង់ជីវភាពរស់នៅ តាមរយៈការបង្កើតការងារ ផលិតផល សេវាកម្មវប្បធម៌ ទេសចរណ៍ និង ការរីកចម្រើននៃវិស័យឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។ ដូចនេះហើយ សាលាជាតិវិចិត្រសិល្បៈ គឺជាថ្នាលដ៏មានសារៈសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលធនធាន មនុស្សក្នុងវិស័យវប្បធម៌ ដើម្បីធានាការផ្ទេរចំណេះដឹង និងការបន្តវេន សម្រាប់អ្នកជំនាន់ក្រោយ និងអនាគត របស់ជាតិ។
ឯកឧត្តម ហាប់ ទូច បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែចាត់ទុក”មនុស្ស»គឺជាធនធានដ៏សំខាន់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ វិន័យ សុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងសមត្ថភាពក្នុងការសម្របខ្លួនជាមួយនឹងការវិវត្តនៃ សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែង ឆ្ងាយរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្ត យកចិត្តទុកដាក់ ខ្ពស់លើវិស័យអប់រំ ដោយពង្រឹងអភិបាលកិច្ចសាលារៀន លើកកម្ពស់សកម្មភាពរៀននិងបង្រៀន និងការអប់រំ ផ្នែកវិន័យ សីលធម៌ ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាអ្នកបន្តវេនរបស់ប្រទេសជាតិ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំចំនួន៤ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះ ស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ដែលរួមមាន៖ ទី១). ការពង្រឹង អភិបាលកិច្ចសាលា រៀន, ទី២). ការអនុវត្តសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និង ឥរិយាបថរបស់សិស្ស, ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហា រូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, និងទី៤). ការជំរុញ និងលើកទឹក ចិត្តឱ្យមានការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋនិងសហគមន៍ ដើម្បីការអប់រំ។ ភាពជោគជ័យនៃការអប់រំបណ្តុះបណ្តាល ក៏អាស្រ័យផងដែរលើកត្តាសំខាន់ៗទាំង៤ គឺ៖ កត្តាសាលារៀន, កត្តា គ្រូបង្រៀន, កត្តាសិស្ស និងកត្តាគ្រួសារ។ ជាមួយគ្នានេះ សាលាត្រូវបន្តសហការឱ្យបានជិតស្និទ្ធជាមួយមាតាបិតា អាណាព្យាបាល សហគមន៍ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ដើម្បីចូលរួមគាំទ្រ តាមដានការសិក្សា លើកកម្ពស់ វិន័យ សីលធម៌ និងសុវត្ថិភាពក្នុងការសិក្សា។
សូមរំលេចឡើងវិញថា អនុលោមតាមអនុក្រឹត្យលេខ៦៥ អនក្រ.បក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សាលាមធ្យមវិចិត្រសិល្បៈ បានប្តូរឈ្មោះទៅជា សាលាជាតិវិចិត្រសិល្បៈ ស្របតាមកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។ ការផ្លាស់ប្តូរឈ្មោះនេះ គឺជាចំណុចរបត់ដ៏សំខាន់ដែលបង្ហាញពីការលើកកម្ពស់តួនាទី និងសក្តានុពលរបស់ សាលា ក្នុងការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសិល្បៈវប្បធម៌ កម្រិតបឋមសិក្សា និងកម្រិតមធ្យមសិក្សាបច្ចេកទេស។ ក្នុងន័យនេះ សាលាជាតិវិចិត្រសិល្បៈ ត្រូវយកចិត្តទុកដាក់រៀបចំ និង អភិវឌ្ឍកម្មវិធីសិក្សាឱ្យស្របតាមស្តង់ដារជាតិ សមត្ថភាព និងកម្រិតគុណវុឌ្ឍជាតិ ដើម្បីឆ្លើយតបទៅនឹងការ អភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ បរិវិត្តកម្មបច្ចេកវិទ្យា និងតម្រូវការទីផ្សាការងារ៕
អត្ថបទ រដ្ឋា







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី