Connect with us

ព័ត៌មាន

កម្ពុជា-ដាណឺម៉ាក ពិភាក្សាត្រៀមអបអរខួប ៦០ឆ្នាំនៃចំណងការទូតប្រទេស​ទាំងពីរនៅឆ្នាំ២០២៧

នាថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៦នេះ នៅទីសី្តការក្រសួង, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Danny Annan ឯកអគ្គរាជទូតដាណឺម៉ាក ប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពីសកម្មភាពវប្បធម៌ ដែលមានសក្តានុពល ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឆ្នាំ២០២៧។

ជាកិច្ចចាប់ផ្តើមលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះឯកឧត្តម ឯកអគ្គរាជទូតព្រមទាំងវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងដាណឺម៉ាក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌។

ឆ្លងតាមរយៈជំនួបពិភាក្សារវាង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងឯកឧត្តម Danny Annan ក៏បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបតិ្តការជាក់ស្តែង ដោយផ្តោតលើការជំរុញ និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក ព្រមទាំងបានឯកភាពគ្នាពិចារណាលើការរៀបចំកម្មវិធីវប្បធម៌ធំៗចំនួន ៣ សម្រាប់ឆ្នាំ២០២៧ ខាងមុខ រួមមាន៖ ពិព័រណ៍ម្ហូបអាហារ (Food Exhibition): ការបង្ហាញពីសិល្បៈធ្វើម្ហូប និងរសជាតិអាហារបែបប្រពៃណី ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងការផ្លាស់ប្តូរចំណង់ចំណូលចិត្តរវាងប្រជាជាតិទាំងពីរ។ មហោស្រពភាពយន្ត (Film Festival): ការចាក់បញ្ចាំងខ្សែភាពយន្តដែលឆ្លុះបញ្ចាំងពីតថភាពសង្គម អត្តសញ្ញាណ និងសិល្បៈនៃការផលិតភាពយន្តរបស់ប្រទេសទាំងពីរ។ ការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក (Cultural Exchange Programs): ព្រឹត្តិការណ៍សិល្បៈចម្រុះដែលអនុញ្ញាតឱ្យសិល្បករ និងអ្នកជំនាញវប្បធម៌បានដកស្រង់បទពិសោធន៍ពីគ្នា។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ នឹងបន្តធ្វើការពិភាក្សាលម្អិតបន្ថែមទៀត ដើម្បីរៀបចំផែនការសកម្មភាពផ្សេងៗទៀត ឱ្យកាន់តែសម្បូរបែប ក្នុងគោលបំណងធ្វើឱ្យព្រឹត្តិការណ៍អបអរសាទរខួបអនុស្សាវីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ដាណឺម៉ាក ឆ្នាំ២០២៧នេះ ប្រព្រឹត្តទៅដោយរលូន និងមានអត្ថន័យជ្រាលជ្រៅបំផុត៕ អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia