Connect with us

ព័ត៌មាន

កុមារ​ជិត៨ម៉ឺន​នាក់​នៅខេត្ត​បាត់​ដំបង​ទទួល​បានការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូចដោយឥតគិតថ្លៃ​

លោកវេជ្ជ​បណ្ឌិត​ ចេងលី​ ស៊ុនឃាង​ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់​ដំបង​ បានឱ្យ​ដឹង​ថា​ កុមារ​នៅទូទាំង​ខេត្ត​បាត់​ដំបង​ដែលមាន​អាយុ​ចាប់​ពី​៩ខែរហូតដល់៥៩ខែ​ជិត ​៨ម៉ឺន​នាក់​ហើយ​បាន​ទទួល​​ការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូចដោយឥតគិតថ្លៃ​ ខណៈ​យុទ្ធនាការ​ចាក់​ជិត​ត្រូវ​បានបិទបញ្ចប់។

លោកវេជ្ជ​បណ្ឌិត​ ចេង​លី​ ស៊ុនឃាង​ បញ្ជាក់​ថា​ គិត​ចាប់​ពី​ថ្ងៃ​ទី​១ដល់ថ្ងៃទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​ មានកុមារចំនួន៧៩​ ៥២៥នាក់ទទួល​បានការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូ​ច​ដោយ​ឥត​គិតថ្លៃ​ ក្នុង​ចំនួនកុមារគោលដៅ​សរុប​៩៧​ ៤៣១នាក់។

លោកវេជ្ជ​បណ្ឌិត​ ចេង​លី​ ស៊ុនឃាង​ ឱ្យ​ដឹង​បន្ថែម​ថា​ ក្រុម​គ្រូពេទ្យ​បាននិង​កំពុង​បន្ត​យុទ្ធនាការ​បោសសម្អាត​ដោយចុះចាក់​វ៉ាក់សាំង​ដល់​កុមារ​នៅ​តាម​មូលដ្ឋាន​ដែល​ខក​ខាន​មិន​បាន​ចាក់​ក្នុង​ពេល​កន្លង​មក។

ជាមួយ​គ្នា​នេះ​ លោកវេជ្ជ​បណ្ឌិត​ ចេង​លី​ ស៊ុនឃាង​ អំពាវនាវ​ដល់មាតាបិតា និងអ្នក​អាណាព្យាបា​ល​នៅទូ​ទាំងខេត្តបាត់ដំបង ឱ្យ​បន្តនាំកូនៗ​ដែល​មាន​អាយុ​ចាប់​ពី​៩​ខែ​ដល់​៥៩​ខែទៅ​ទទួល​ការ​ចាក់​​វ៉ាក់​សាំងការពារជំងឺកញ្ជ្រឹល និងស្អូចឱ្យបាន​គ្រប់​ៗគ្នា​។

សូម​បញ្ជាក់ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូច​ដល់​កុមារ​អាយុ​ចាប់​ពី​៩​ខែ​ដល់​៥៩ខែបាននិងកំពុងធ្វើឡើងនៅទូទាំងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០២៤៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia