ព័ត៌មាន
កម្ពុជា-អូស្រ្តាលី ឯកភាពគ្នាបន្ដពង្រឹងផ្លាស់ប្ដូរព័ត៌មានសន្ដិសុខ ដើម្បីឆ្លើយតបទាន់ពេលជាមួយស្ថានភាពសកល
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយកិច្ចជំនួបនោះភាគីទាំងពីរបានឯកភាពគ្នាផ្លាស់ប្តូរព័ត៌មាន ដើម្បី ធ្វើយ៉ាងណាឆ្លើយតបឲ្យបានទាន់ពេលវេលាជាមួយស្ថានភាពសកល និងការទប់ស្កាត់ការរត់ពន្ធគ្រឿងញៀនជាដើម។
នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីស្ថានភាពសកលដែលមានភាពផុយស្រួយ ដូចពេលបច្ចុប្បន្ននេះ ដែលទាមទារឲ្យកម្ពុជា-អូស្ដ្រាលី ត្រូវបន្ដសហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាន ពិសេសការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការងារសន្ដិសុខ ដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងស្ថានភាពសកលទាំងនោះ។
ក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានស្វាគមន៍ចំពោះវត្តមានលោកឯកអគ្គរដ្ឋទូតអូស្ដ្រាលី ដោយលើកឡើងអំពីទំនាក់ទំនងការទូតទ្វេរភាគី ដែលមានរយៈពេល៧២ឆ្នាំមកហើយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា ការកសាងប្រទេសកម្ពុជា គឺតែងតែមានការចូលរួមពីអូស្ដ្រាលីជានិច្ច ពោលតាំងពីឆ្នាំ១៩៩៣ ដែលកាលនោះមានមេបញ្ជាការសម័យអ៊ុនតាក់ ជាជនជាតិអូស្ដ្រាលីផងដែរ។ ជាក់ស្ដែង អូស្ដ្រាលីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជា ដែលក្នុងនោះរួមមាន វិស័យអប់រំ ការដោះមីន យោធា សន្ដិសុខ ពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងការសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានបង្ហាញនូវក្ដីរំពឹងថា រដ្ឋាភិបាលអូស្ដ្រាលី នឹងបន្ដជួយដល់កម្ពុជា លើការងារសំខាន់ៗបន្ថែមទៀត ពិសេសការជំរុញវិនិយោគិនអូស្ដ្រាលីមកកម្ពុជា, ការបង្កើនទេសចរណ៍ និងការផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ព្រោះកម្ពុជាតែងតែចាត់ទុកអូស្ដ្រាលី ជាទិសដៅទេសចរណ៍ដ៏សំខាន់ និងជាកន្លែងដែលផ្ដល់នូវការអប់រំដ៏ល្អប្រសើរ និងបរិយាកាសរស់នៅប្រកបដោយសុខសុវត្ថិភាព ការគោរពសិទ្ធិគ្នាទៅវិញទៅមក។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូតអូស្ដ្រាលី បានបង្ហាញនូវមោទនភាពដែលអូស្ដ្រាលី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងកម្ពុជាតាំងពីអតីតកាល រហូតមកដល់សពថ្ងៃ ដោយក្នុងនោះអូស្ដ្រាលីបានបង្ហាញជំហរជួយដល់កម្ពុជា ពិសេសក្នុងការបន្ថែមអាហារូបករណ៍ ជំរុញវិស័យធុរកិច្ច វិនិយោគបន្ថែមទៀត។
ដោយឡែកពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឯកអគ្គរដ្ឋទូតអូស្ដ្រាលី សន្យាជំរុញតំណាងនគរបាលសហព័ន្ធអូស្ដ្រាលី ដែលមានវត្តមានៅប្រទេសកម្ពុជា ធ្វើការឲ្យបានជិតស្និតជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបង្កើនយន្ដការផ្លាស់ប្ដូរព័ត៌មាន ឈានដល់ការទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន និងការជួញដូរគ្រឿងញៀននានា ក៏ដូចជាជួយដល់ការបណ្ដុះបណ្ដាល សម្ភារៈបច្ចេកទេស និងការបន្សាបសារធាតុគីមីផ្សំមុនធ្វើការដុតបំផ្លាញផងដែរ។
លោកបានអះអាងទៀតថា ភាគីអូស្ដ្រាលី នឹងជួយដល់កម្ពុជាលើការងាររបស់គណៈកម្មាធិការសន្ដិសុខឌីជីថល ដែលមានឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជាអនុប្រធានប្រចាំការ ខណៈការជួយនេះសំដៅដល់ការចែករំលែកបទពិសោធ៍ វិធីសាស្ដ្រនានាក្នុងការពង្រឹងការងារសន្ដិសុខសាយប័រ នេះ ដោយនេះជាការងារថ្មីរបស់កម្ពុជា៕ អត្ថបទ៖ បាន ចក់
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ