Connect with us

ព័ត៌មាន

សម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំ និង សហការគ្នាយ៉ាងល្អក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍អមនានាប្រព្រឹត្តទៅ ដោយរលូន និងជោគជ័យយ៉ាងធំធេង ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានយ៉ាងល្អ។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការសាទរ និងគាំទ្រចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមនេះ។ ជោគជ័យនេះ បានបង្ហាញពីប្រសិទ្ធភាព និង សមត្ថភាពការទូតរបស់កម្ពុជា ក្នុងការសម្របសម្រួលរៀបចំព្រឹត្តិការណ៍ធំៗបែបនេះបានយ៉ាងល្អ ខណៈដែល ការចំណាយថវិកាគឺតិចតួចបំផុត។

សម្តេចធិបតី ចាត់ទុកជោគជ័យនេះថាជាការបង្ហាញឱ្យពិភពលោកបានឃើញថា កម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញដែលអនុញ្ញាតឱ្យភ្ញៀវបរទេស ជាពិសេស ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសនានាអាចដើរកម្សាន្តយ៉ាងសប្បាយរីករាយ ដោយគ្មានការព្រួយបារម្ភទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តនានា មិនថាពេលយប់ឬពេលថ្ងៃឡើយ។ នេះជាសារដ៏សំខាន់មួយប្រកបដោយភាពវិជ្ជមានពីកម្ពុជាទៅកាន់ពិភពលោក៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia