ព័ត៌មាន
រដ្ឋមន្រ្តីការងារស្នើភាគីពាក់ព័ន្ធចូលរួមលើកកម្ពស់ពលរដេ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ខួបលើកទី១២ ក្រោមប្រធានបទ “គាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅកម្ពុជា” ដោយមានអ្នកចូលរួមមកពីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតំណាងមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ សរុបប្រមាណ ២០០នាក់។
ក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះមុខសញ្ញាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបានដាក់ចេញនូវវិធានការនិងកម្មវិធីគាំពារឱ្យកាន់តែគ្រប់ជ្រុងជ្រោយសម្រាប់អ្នកប្រកបមុខរបរ និងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទន្ទឹមនេះរាជរដ្ឋាភិបាល ក៏បាននិងកំពុងជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ សំដៅចូលរួមកែលម្អជីវភាពប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា អ្នកប្រកបមុខរបរ និងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បុគ្គលស្វ័យនិយោជន៍) បាននិងកំពុងទទួលការគាំពារយ៉ាងពេញលេញទាំងសន្តិសុខផ្លូវកាយ និងសន្តិសុខផ្លូវចិត្ត ក៏ដូចជាសន្តិសុខសេដ្ឋកិច្ចសម្រាប់ជីវភាពគ្រួសារ ពីគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានប្រកាសដាក់អនុវត្តជាផ្លូវការ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលមានវិសាលភាពអនុវត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. រួមមានសហព័ទ្ធ និងកូនក្នុងបន្ទុក។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា រាជរដ្ឋាភិបាលក៏បាននិងកំពុងលើកទឹកចិត្ត និងផ្តល់ការគាំពារដូចជា ការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃដែលអ្នកប្រកបមុខរបរ និងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏អាចចូលរៀនដើម្បីទទួលបានជំនាញមួយពិតប្រាកដក្នុងជីវិតសម្រាប់ប្រកបមុខរបរ ឬធ្វើការងារដើម្បីទទួលបានប្រាក់ចំណូលសមរម្យទៀតផង។ ឯកឧត្តម ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រក្នុងការលើកកម្ពស់ និងរួមគ្នាគិត រួមគ្នាធ្វើក្នុងការធ្វើឱ្យប្រសើរឡើងជូនប្រជាជនកម្ពុជាដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕









-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ