ព័ត៌មាន
អ្នកមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានចូលរួមក្នុងយុទ្ធនាការដើម្បីកម្ពុជាស្អាត ខណៈសំរាម និងសំណល់ផ្សេងៗមានការចូលរួមទុកដាក់បានល្អយ៉ាងផុសផុល
ភ្នំពេញ៖ សំរាមនិងសំណល់ផ្សេងៗ ក្នុងនោះមានសំណល់ប្លាស្ទិកផងដែរ ចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់ទៅលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញថា សំរាមដែលប្រមូលបាននៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកមានចំនួនប្រហាក់ប្រហែល នឹងតិន្នន័យនៃការប្រមូលសំរាមប្រចាំថ្ងៃ នៅទូទាំងរាជធានីភ្នំពេញ ខណៈប្រជាពលរដ្ឋ ដែលកម្សាន្តនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យប្រពៃណីដ៏ធំនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រកាសថាមានចំនួនកើនឡើងជាង១,១លាននាក់ បន្ថែមលើប្រជាពលរដ្ឋដែលកំពុងរស់នៅ នាពេលបច្ចុប្បន្នប្រមាណជាង២លាននាក់។ ក្នុងការប្រមូលទុកដាក់សំរាម និងការកាត់បន្ថយចំនួនសំរាម នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ចំនួនរថយន្តដឹកជញ្ជូនសំរាម ប្រមាណ ២០០គ្រឿង បានដឹកជញ្ជូនសំរាមជាង៥៣០ជើង រួមជាមួយអ្នកប្រមូលសំរាម មានប្រមាណ១០០០នាក់ផងដែរ។
បើតាមប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា ការប្ជេញសំណល់សំរាម និងសំណល់ផ្លាស្ទិក នៅក្នុងព្រះរាជធីបុណ្យអុំទូកឆ្នាំ២០២៤ ត្រូវបានប្រមូលទុកដាក់ នៅពេលពិធីត្រូវបានបញ្ចប់នៅអាធ្រាត ថ្ងៃប្រារព្ធពិធីប្រណាំងទូក រហូតដល់ព្រឹកព្រលឹម នៅអំឡុងថ្ងៃបន្ទាប់។ ការប្រមូលទុកដាក់សំរាម មានការចូលរួមយ៉ាងផុសផុល ពីអាជ្ញាធរ អ្នកទេសចរណ៍ យុវជន អ្នកស្រឡាញ់បរិស្ថាន មកពីបណ្តាស្ថាប័ន អង្គការ សមាគមនានា រួមទាំងវិស័យឯកជនផងដែរ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះអ្នកចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលបានបញ្ចេញនិងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកនិងការចូលរួមកាត់បន្ថយពីការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកទៅក្នុងទីសាធារណៈ។ ឯកឧត្តម ខ្វៃ អាទិត្យា នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងនោះកុំបោះចោលសំរាម សំណល់ប្លាស្ទិក ចូលនៅក្នុងទន្លេ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង ទៅថ្ងៃអនកាគត។
អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើងនូវអាកប្បកិរិយា ឥរិយាបទ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសង្គម ប្រសិនបើគ្មានការកាត់បន្ថយ និងបម្រូលទុកដាក់ឱ្យបានត្រឹម សំរាម សំណល់ប្លាស្ទិក ទាំងអស់នេះបង្កផលប៉ះពាល់ ជាអវិជ្ជមានច្រើន ទាំងផ្នែកបរិស្ថាន សោភណ្ឌភាព សុខភាពនិងជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិ។
សូមបញ្ជាក់ថា នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម បានបន្ថែមធុងសំរាមថ្មីចំនួនជាង១ពាន់ធុង លើធុងសំរាមដែលមានស្រាប់ប្រមាណ៣ពាន់ធុង សម្រាប់ដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា។ ជារៀងរាល់ថ្ងៃរាជធានីភ្នំពេញបានបញ្ចេញសំរាមប្រមាណចន្លោះពី៣០០០ តោន ទៅ៤០០០តោនក្នុង១ថ្ងៃ ហើយក្នុងនោះសំណល់ប្លាស្ទិកមានជាង២០%។ ទោះបីជាយ៉ាងណាក៏ដោយ សំរាម ២០% តែប៉ុណ្ណោះដែលត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញ នាពេលបច្ចុប្បន្ន៕




















-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល