ព័ត៌មាន
កម្ពុជាសហការជាមួយចក្រភពអង់គ្លេសរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការនាំចេញ
ភ្នំពេញ៖ សមាគមសហគ្រិនស្រ្តីកម្ពុជា (Cambodia Women Entrepreneurs’ Network (CamWEN)) សហការជាមួយចក្រភពអង់គ្លេស (SheTrades UK) បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ថ្ងៃទី១៨ និង១៩ ខែវិច្ឆិកានេះ នៅអគារពិព័រណ៍កោះពេជ្រ ដើម្បីជំរុញដល់ការនាំចេញ និងបង្កើតទំនាក់ទំនង រវាងអ្នកបញ្ជាទិញ និងអ្នកផលិត។

នៅក្នុងពិធីបើកពិព័រណ៍នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ព្រឹត្តការណ៍នេះរៀបចំឡើង តាមរយៈការសម្របសម្រួលការតភ្ជាប់ រវាងធុរកិច្ចកម្ពុជា ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ត្រី និងអ្នកបញ្ជាទិញ ក្នុងគោលបំណងជំរុញផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស និងដើម្បីបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេសលើផលិតដែលដាក់តាំងបង្ហាញក្នុងព្រឹត្តការណ៍នេះ។

លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជា និងចក្រភពអង់គ្លេស មានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យដែលមិត្តភាពដ៏រឹងមាំនេះ ត្រូវបានថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ លោកជំទាវ បានបន្ថែមថា ព្រឹត្តិការណ៍នេះដែរ នឹងជួយជំរុញ ក៏ដូចជាផ្តល់ជូនអ្នកចូលរួមនូវចំណេះដឹងបន្ថែមស្តីពីព័ត៌មានទីផ្សារថ្មីជាច្រើនពាក់ព័ន្ធនឹងវិស័យខាងលើ រួមទាំងប្រព័ន្ធអនុគ្រោះពន្ធ DCTS របស់ចក្រភពអង់គ្លេសផងដែរ។

ឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា សង្ឃឹមថា តាមរយៈកិច្ចសហការនៃការរៀបចំកម្មវិធីនាពេលនេះ នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ជាពិសេស តាមរយៈវេទិកាពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-ចក្រភពអង់គ្លេស នឹងបង្ហាញពីសក្ដានុពលដែលកំពុងរីកចម្រើនរបស់កម្ពុជាក្នុងពាណិជ្ជកម្មសកល ការបង្ហាញផលិតផលវាយនភណ្ឌ សំលៀកបំពាក់ សិប្បកម្ម និងស្បែកជើងទៅកាន់ទីផ្សារអន្តរជាតិ។

អ្នកចូលរួមតាំងបង្ហាញផលិតខ្មែរ ក្នុងកម្មវិធីពិព័រណ៌អន្តរជាតិនេះ បានដាក់ក្តីរំពឹងទុកថា ព្រឹត្តិការណ៍នេះនឹងជួយគាំទ្រដោយផ្ទាល់ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការពង្រីកទីផ្សារផ្គត់ផ្គង់ ក៏ដូចជាសេវាកម្មជាដើម ដែលមានការប្រកួតប្រជែង ផ្តល់អត្ថប្រយោជន៍ទាំងពណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា-ចក្រភពអង់គ្លេស សម្រេចបានក្នុងទំហំទឹកប្រាក់សរុប ៨៥០,៧៤ លានដុល្លារ កើនឡើង ១៥,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះទំនិញកម្ពុជានាំទៅអង់គ្លេស មានប្រមាណ ៨០៧,៣៥ លានដុល្លារ កើនឡើង ២១,១ភាគរយ និងទំនិញអង់គ្លេសនាំមកកម្ពុជា មានចំនួន ៤៣,៣៨ លានដុល្លារ ធ្លាក់ចុះ ៣៦,៧ ភាគរយ៕ អត្ថបទ ឈិត បូរ៉ាវី








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
