ព័ត៌មាន
ស្តង់ក្រសួងការងារទទួលអ្នកទស្សនា និងចែកខិត្តប័ណ្ណផ្សព្វផ្សាយបានជិត៣ម៉ឺននាក់ក្នុងពិធីបុណ្យអុំទូក
ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកកន្លងទៅនេះ ស្តង់ទាំង៣របស់ក្រសួងការងារ ទីតាំងរាជធានីភ្នំពេញចំនួន២ស្តង់ និងខេត្តសៀមរាប ១ស្តង់ បានដាក់បង្ហាញអំពីវិស័យបេឡាជាតិសន្តិសុខសង្គម, ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), និងវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ( TVET) ទទួលបានអ្នកទស្សនាស្តង់ និងបានចែកខិត្តប័ណ្ណផ្សព្វផ្សាយចំនួនជិត៣ម៉ឺននាក់។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកានេះ បានលើកឡើងក្នុងបណ្តាញសង្គមថា សម្រាប់ទីតាំងរាជធានីភ្នំពេញ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មានអ្នកទស្សនាស្តង់ និងបានចែកខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ១១,៩០៤នាក់ និងបានទទួលសមាជិកថ្មីតាមរយៈស្តង់ចុះបញ្ជីចល័តចំនួន ២៩៥នាក់ ក្នុងនោះអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៤៩នាក់។
ឯកឧត្តម បានឲ្យដឹងទៀតថា សម្រាប់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទទួលបានអ្នកទស្សនាបញ្ជរស្តង់ចំនួនសរុប ១,១៦៨នាក់។ ចំណែក វិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ទទួលបានអ្នកទស្សនាបញ្ជរស្តង់ TVET សរុប ១,១៦៨នាក់ និងបានចែកខិតប័ណ្ណសរុបចំនួន ៣,៨៧ សន្លឹក ផងដែរ។
ដោយឡែកនៅខេត្តសៀមរាប រយៈពេល៣ថ្ងៃដូចគ្នា ក្នុងព្រះរាជពិធីបុណ្យអុំទូក មានអ្នកទស្សនាស្តង់ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយសម្រាប់ ប.ស.ស. ចំនួន ១២,៤២៦ នាក់ និងបានទទួលសមាជិកថ្មីតាមរយៈស្តង់ចុះបញ្ជីចល័តចំនួន ២៨១នាក់ ក្នុងនោះអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៤៧នាក់។
ឯកឧត្តម កត្តា អ៊ន បានលើកឡើងថា ក្រៅតែពីការផ្សព្វផ្សាយតាមទីសាធារណៈ ប្រសិនបើសាធារណជនមានសំណួរ ចម្ងល់ទាក់ទងនឹងវិស័យនានារបស់ក្រសួងការងារ សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខ 1297 ឬ 1286 រៀងរាល់២៤ ម៉ោងផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រសួងការងារ បានរៀបចំស្តង់ដើម្បីផ្តល់ព័ត៌មានពី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), និងវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ( TVET) សម្រាប់សាធារណជន យុវជន រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រាប់ស្តង់នីមួយៗ មន្រ្តីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុវត្តនូវតួនាទីយ៉ាងល្អប្រសើតាមរយៈការផ្តល់ព័ត៌មានពីវិស័យធំៗទាំង៣របស់ក្រសួងការងារទៅសាធារណជន បានយ៉ាងទូលំទូលាយ៕








-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល