ព័ត៌មាន
ក្រសួងពាណិជ្ជកម្មបើកសិក្ខាសាលាផ្សព្វផ្សាយអត្ថប្រយោជន៍កិច្ចព្រមព្រៀងភាពជាដៃគូរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម
ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ក្រោយបញ្ចប់កិច្ចចរចារទ្វេរភាគីរយៈពេល ៦ខែកន្លងទៅ និងចូលជាធរមានជាផ្លូវការនាខែមករា ឆ្នាំ២០២៤នេះ។

លើកឡើងក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនេះ គឺដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសការបើកទីផ្សារកម្ពុជា ដែលក្នុងនោះក៏មានការជំរុញសម្រួលពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ហើយក៏មានពាក់ព័ន្ធទៅនឹងការបង្កើនក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។

លោកជំទាវ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផលមួយក្នុងការចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ លោកជំទាវបានបន្តថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនាំទំនិញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួមជាមួយអត្រាពន្ធសូន្យលើមុខទំនិញសំខាន់ៗដូចជា៖ កាបូបធ្វើដំណើរ, ស្បែកជើង, សម្លៀកបំពាក់, កង់, ផ្លែឈើ និងប្រភេទទំនិញកសិកម្មកែច្នៃ។ល។ កិច្ចព្រមព្រៀងនេះដែរ ក៏នឹងអនុញ្ញាតឱ្យកម្ពុជាអាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗដូចជា៖ សេវាកម្មអាជីពនិងធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន ជាដើម។
លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់ធុរជនទាំងអស់គ្រប់ជំហាន ទាំងការតភ្ជាប់ទំនាក់ទំនងជាមួយធុរជនអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាសម្របសម្រួលជំនួបពាណិជ្ជកម្មទៅតាមតម្រូវការធុរជនទាំងពីរប្រទេស។ លោកក៏បានលើកទឹកចិត្តធុរជនកម្ពុជា ពង្រឹងឧត្តមភាពធុរកិច្ចខ្លួន លើកកម្ពស់ស្តង់ដារ បង្កើនប្រសិទ្ធភាព និងបង្កើនគុណភាពផលិតផល ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសដទៃទៀតបាន។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមអ្នកវិនិយោគកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម ពិតជានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
យោងតាមក្រសួងពាណិជ្ជកម្ម គិតក្នុងរយៈ ១០ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមសម្រេចបានក្នុងទំហំទឹកប្រាក់សរុបចំនួនប្រមាណ ៧៥លានដុល្លារអាម៉េរិក កើនឡើង៧% ប្រៀបធៀបរយៈពេលដូចគ្នាទៅនឹង ឆ្នាំ២០២៣។ ក្នុងនោះ ទំនិញនាំចេញសំខាន់ៗគឺ សម្លៀកបំពាក់ ស្បែកជើង កាបូប យានយន្តនិងគ្រឿងបង្គុំ ផលិតផលកៅស៊ូ រីឯទំនិញនាំចូលសំខាន់ៗពីអេមីរ៉ាតអារ៉ាប់រួមរួមមាន៖ ប្រេងនិងកៅស៊ូប៊ីទីម ថ្នាំជក់ ផលិតផលប្លាស្ទិក ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ចំណីកែច្នៃសម្រាប់សត្វ និងគ្រឿងសង្ហារឹម -ល-៕





-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង