ព័ត៌មាន
សាលាដំបូងខេត្តកំពង់ឆ្នាំង បើកសវនាកាជំនំជំរះក្តីលើជនល្មើស៣នាក់ ដែលបានចូលទៅឈូសទន្ទ្រានព្រៃលិចទឹកតំបន់២ក្នុងស្រុកកំពង់លែងកាលពីដើមខែមេសា ឆ្នាំ២០២៤
កំពង់ឆ្នាំង៖ ជនសង្ស័យ៣នាក់ដែលពាក់ព័ន្ធក្នុងករណីឈូសបំផ្លាញព្រៃលិចទឹកតំបន់២ ក្នុងស្រុកកំពង់លែង ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន បញ្ជូនមកដាក់ពន្ធធនាគាកាលពីដើមខែមេសា ឆ្នាំ២០២៤នោះ ត្រូវបានសាលដំបូងខេត្តកំពង់ឆ្នាំង យកមកបើកសវនាកាសួរដេញដោលពេញ១ថ្ងៃ ដោយមានការចូលរួមពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោក ស៊ិន ច័ន្ទសុភ័ក្រ្ត ចៅក្រម, លោក កែវ វ៉ាន់នី ព្រះរាជអាជ្ញារង, លោក វ៉ែន កែវសារឿត ក្រឡាបញ្ជី និងមានការចូលរួមពីមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយចំនួន៥រូប រួមនិងមេធាវីការពារក្តីអោយជនល្មើស៤រូបផងដែរ។
លោក ហុង គឹមហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ មកដល់ថ្ងៃបើកសវនាកានេះ ជនល្មើសទាំង៣នាក់បានជាប់ពន្ធធនាគារអស់រយៈពេលជាង៧ខែហើយ ។ អង្គសវនាកា បានផ្តើមដំណើរការចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានដេញដោលសួរជនល្មើសទាំង៣នាក់ រួមនិងសាក្សីជាង១០នាក់ផ្សេងទៀត ដើម្បីយកចម្លើយមកផ្ទៀងផ្ទាត់។ ក្រោយសាកសួរពេញ១ថ្ងៃនោះ អង្គសវនាកា បានសម្រេចយកទៅពិចារណា និងដាក់ទោសទណ្ឌទៅលើបុគ្គលទាំង៣នាក់នេះប៉ុន្មានឆ្នាំ នឹងបានដឹងនៅពេលចេញសាលក្រម។
សូមរំលឹកថា៖ កាលពីវេលាម៉ោង១០និង៥៥នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ជនល្មើស៣នាក់ដែលបានពាក់ព័ន្ធនឹងការឈូសបំផ្លាញព្រៃលិចទឹកនៅចំណុចបឹងតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែងកន្លងទៅ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនមកដល់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងវិញ និងបានបញ្ជូនទៅពន្ធនាគារខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃដដែល។
ជនល្មើសទាំង៣នាក់ រួមមានឈ្មោះ ពុំ សុផល ជាអភិបាលរងស្រុកកំពង់លែង និងជាប្រធានក្រុមចំរុះទប់ស្កាត់បទល្មើសព្រៃលិចទឹកក្នុងដែនឃុំច្រណូក ស្រុកកំពង់លែង(ជាអ្នកអនុញាតអោយកើតមានបទល្មើស), ឈ្មោះ លឹម ដានីន ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង (ជាអ្នកសំរបសំរួលលុយកាក់អោយមន្ត្រី ឬសមត្ថកិច្ចដែលដឹងរឿងនេះ), ឈ្មោះ ជួន តុំ ជាអ្នករកស៊ីទិញលក់ដីក្នុងស្រុកកំពង់លែង (ជាអ្នកឈូសបំផ្លាញព្រៃលិចទឹក និងជាអ្នកសំរបសំរួលលុយកាក់ដល់មន្ត្រី ឬសមត្ថកិច្ចដែលដឹងរឿងនេះផងដែរ)។
ជនល្មើស២នាក់ ឈ្មោះ លឹម ដានីន និង ជួន តុំ ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង អយ្យការសាលាដំបូងខេត្ត និងមន្ទីរកសិកម្មខេត្ត ចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីពួកគេបានចូលទៅឈូសបំផ្លាញព្រៃលិចទឹកនៅចំណុចបឹងតាទុំ ស្ថិតក្នុងកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អស់ប្រមាណ៤ហិកតា ក្នុងចំណោម២០ហិកតា ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤កន្លងមក និងបានបញ្ជូនខ្លួនទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ដោយឡែកឈ្មោះ ពុំ សុផល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅអោយចូលខ្លួន ដើម្បីសាកសួរនៅថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៤ ហើយបានឃាត់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តវិញនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ តែម្តង។
កន្លងមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវអោយប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចូលរួមទប់ស្កាត់ ថែរក្សាព្រៃលិចទឹក កុំអោយមានការបំផ្លាញតទៅទៀត ក្រោយពីសម្តេចដឹងថា ព្រៃលិចទឹកជុំវិញបឹងទន្លេសាបជាច្រើនពាន់ហិកតារងការបំផ្លាញពីក្រុមជនល្មើស។ ក្រោយពីសម្តេចធិបតីមានប្រសាសន៍រួច អាជ្ញាធរខេត្តកំពង់ឆ្នាំង អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានសហការបង្ក្រាបបទល្មើសនេះបានចំនួន២ករណី និងចាប់បានជនល្មើសបំផ្លាញព្រៃលិចទឹកចំនួន៥នាក់ ផ្តន្ទាទោសតាមនីតិវិធី ហើយមួយចំនួនទៀតកំពុងរត់គេចខ្លួនផងដែរ ៕ កាំង ហុងវាស្នា














-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»