Connect with us

ព័ត៌មាន

សហគ្រិនខ្មែរបើកដំណើរការ «សហគ្រិនមហាវិទ្យាល័យ» រដូវកាលទី៣ ដែលមានការចូលរួមពីសាកលវិទ្យាល័យចំនួន៥០

ភ្នំពេញ៖ សហគ្រិនខ្មែរ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសបើកដំណើរការកម្មវិធី «សហគ្រិនមហាវិទ្យាល័យ» (UNIPRENEUR) រដូវកាលទី៣ ដែលមានការចូលរួមពីសាកលវិទ្យាល័យចំនួន៥០ មកពីទូទាំងប្រទេសកម្ពុជា។ សហគ្រិនខ្មែរមានបំណងកសាងសមត្ថភាពនិងជំនាញផ្នែកសហគ្រិនភាព និងនវានុវត្តន៍របស់យុវជននៅកម្ពុជា។ គួរកត់សម្គាល់ថា កម្មវិធីសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣នេះត្រូវបានទទួលមូលនិធិផ្គត់ផ្គង់ទាំងស្រុងពីសហគ្រិនខ្មែរ ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំ ក្នុងការពន្លឿន និងបណ្តុះបណ្តាលជំនាញសហគ្រិនភាពរបស់យុវជនកម្ពុជា។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីនេះ អនុញ្ញាតឱ្យយុវសិស្សរាប់ពាន់នាក់មានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់ គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តថា កម្មវិធីនេះរចនាឡើងជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យ មានគោលដៅធំក្នុងការបណ្តុះបណ្តាលនិស្សិតប្រមាណ ២,០០០នាក់ មកពី៥០ស្ថាប័នអប់រំ ដោយក្នុងនោះមានការបង្កើតធុរកិច្ចថ្មី ប្រមាណ៧៥ និងពង្រឹងសមត្ថភាពគ្រូបង្វឹក ៣៥នាក់ ជាមួយនឹងជំនាញ និងចំណេះដឹងផ្នែកសហគ្រិនភាពសំខាន់ៗ ដែលអាចយកទៅអនុវត្ត កម្មវិធីសហគ្រិន មហាវិទ្យាល័យក្នុងស្ថាប័នផ្ទាល់រៀងៗខ្លួន។ ក្នុងការកសាងប្រព័ន្ធ សហគ្រិនភាពដែលមានភាពប្រទាក់ក្រឡាគ្នា សហគ្រិនខ្មែរបាននិងកំពុងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា ដែលការងារនេះនឹងជម្រុញកំណើនសេដ្ឋកិច្ច និងជំរុញវឌ្ឍនភាពសង្គម។

កម្មវិធីសហគ្រិនមហាវិទ្យាល័យ ត្រូវបានរៀបចំឡើងដោយមានកម្មវិធីស្នូលចំនួនបួន ដែលកម្មវិធីនីមួយៗត្រូវបានរៀបចំឡើងដើម្បីបំពេញតាមបំណង និងតម្រូវការររបស់សហគ្រិននិស្សិត៖ ១.UnipreneurCamp ជាកម្មវិធី Hackthon មានរយៈពេល៣ថ្ងៃ ត្រូវបានបង្កើតឡើងសម្រាប់និស្សិត ដែលត្រៀមខ្លួនក្លាយជាសហគ្រិនដំបូង។ ២. UnipreneurSprint ជាកម្មវិធី បណ្តុះធុរកិច្ចបង្កើតថ្មី អនឡាញ រយៈពេល ៣ សប្តាហ៍ ដែលមានភាពបត់បែន និងងាយស្រួលសម្រាប់សហគ្រិនថ្មី ក្នុងការសិក្សាស្វែងយល់ពីវិធីសាស្ត្រ ក្នុងការស្វែងរកអតិថិជន (Customer Acquisition) និង ការកៀរគរទុន វិនិយោគ (Fundraising)។ ៣. UniPreneur National Challenge គឺជាកម្មវិធីប្រកួតប្រជែងប្រកបដោយកិត្យានុភាព ដែលនាំយកក្រុមសហគ្រិននិស្សិតដែលមានសក្តានុពលចេញពីកម្មវិធី UnipreneurSprint DRAFT មកពីសាកលវិទ្យាល័យ ផ្សេងៗគ្នាទូទាំងប្រទេសមកប្រកួតប្រជែងគ្នា។ និង៤. UnipreneurEducator គឺជាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេល ២ថ្ងៃ សម្រាប់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំក្នុងវិស័យអាជីវកម្មបច្ចេកវិទ្យា និងនវានុវត្តន៍ ដែលផ្តល់នូវចំណេះដឹងសំខាន់ៗអំពីសហគ្រិនភាព ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia