Connect with us

ព័ត៌មាន

បទល្មើសគ្រឿងញៀនកាន់តែមានលក្ខណៈស្មុគស្មាញ ផ្សារភ្ជាប់ជាមួយ Online Scams និង​បទ​ល្មើស​ច្រើន​ទៀត

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានបញ្ជាក់ថា បទល្មើសគ្រឿងញៀន មាន​លក្ខណៈ​កាន់​តែស្មុគស្មាញមួយកម្រិតថែមទៀត ដោយបាន​ផ្សារភ្ជាប់​ជាមួយ​នឹង​បទ​ល្មើស​មិន​ប្រពៃណី​ជា​ច្រើនទៀត ដូចជា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង​បទ​ល្មើស​ហិរញ្ញវត្ថុ ដែលទាមទារឱ្យមានការឆ្លើយតបប្រកបដោយលក្ខណៈសម្របសម្រួល និង​ដោះ​ស្រាយ​ជា​ពហុវិស័យ។

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទ្វេភាគី/ត្រីភាគី កម្ពុជា-វៀតណាម-ឡាវ លើកទី១៩ ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឧប​នាយ​ក​រដ្ឋ​មន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា បញ្ហា​គ្រឿង​ញៀន​ខុស​ច្បាប់ នៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញ និងមានលក្ខណៈឆ្លងដែន ដែលទាមទារ​ឱ្យ​មាន​ការ​ឆ្លើយតបប្រកបដោយភាពទូលំទូលាយ ស៊ីចង្វាក់គ្នា និង មានប្រសិទ្ធភាព​ពី​សំណាក់​ប្រទេស​ពាក់​ព័ន្ធទាំងអស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្ថានភាពគ្រឿងញៀនក្នុងតំបន់ និង​ពិភពលោកបានវិវត្តយ៉ាងឆាប់រហ័ស ទាំងក្នុងទម្រង់នៃការផលិត ការជួញដូរ ការដឹកជញ្ជូន និង​ការចែកចាយគ្រឿងញៀន។ បណ្តាញឧក្រិដ្ឋកម្ម ឆ្លងដែន បានប្រើប្រាស់​វិធី​សាស្ត្រ​កាន់​តែ​ស្មុគ​ស្មាញ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការទាញយកផលប្រយោជន៍ពីចន្លោះ ប្រហោង​ក្នុង​ការ​គ្រប់គ្រង និងការអនុវត្តច្បាប់។ ជាពិសេសការផលិតនិងជួញដូរគ្រឿងញៀនសំយោគ សារ​ធាតុញៀនប្រភេទថ្មី ដែល ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ ការបង្វែរសារធាតុគីមីផ្សំ និង​បុរេ​សារធា​តុ​គីមីផ្សំមុនយកទៅ ប្រើប្រាស់ក្នុងការផលិតគ្រឿងញៀនខុសច្បាប់ និងការ​ប្រើ​ប្រាស់​មធ្យោបាយ​ថ្មី​ៗ​ ដើម្បីសម្រួល ដល់ការដឹកជញ្ជូន និងចែកចាយគ្រឿងញៀន បាន​បង្កើត​នូវ​បញ្ហា​ប្រឈម​ថ្មី​ៗ​ចំពោះ​ស្ថាប័ន អនុវត្តច្បាប់។

ឯកឧត្តម បានបញ្ជាក់ថា កិច្ចប្រជុំនេះបានបង្ហាញយ៉ាងច្បាស់ពីស្មារតីមិត្តភាព សាមគ្គីភាព ការ​ជឿ​ទុក​ចិត្តគ្នា និងការប្តេជ្ញា​ចិត្ត​រួម​របស់​ប្រទេសទាំ​ង​បី​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ដើម្បី​ដោះ​ស្រាយបញ្ហាគ្រឿងញៀនខុសច្បាប់ ដែលជាបញ្ហាប្រឈមរួមចំពោះសន្តិសុខ សុវត្ថិភាព សុខភាព​សាធារណៈ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច របស់ប្រទេសទាំងបី។ តាមរយៈការជួបជុំ និង​ការពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងស្មារតី ជួយគ្នាទៅវិញទៅមកនេះ នឹង​អាច​ពង្រឹង​ទំនាក់​ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បី​រួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនដែលជាបញ្ហាប្រឈមរួម។ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​សូម​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសវៀតណាម និងឡាវ ដែលបាន​បន្ត​រក្សា​ស្មារតី​សហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ និងជានិច្ចកាលផ្តល់អាទិភាពចម្បង និងគុណត​ម្លៃ​ដល់​យន្ត​ការ​កិច្ចប្រជុំនេះ និងជាពិសេសបន្តយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញ កិច្ច​សហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ឱ្យមាននិរន្តរភាព និងកាន់តែមាន ប្រសិទ្ធភាព៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia