ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល១០០ឆ្នាំ ដែលថ្នាក់ដឹកនាំកំពូលចិនរៀបចំនៅក្នុងសាលពិព័រណ៍ប្រវត្តិសាស្រ្ត១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន
ភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនកិច្ចសាលពិព័រណ៍ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ សាលពិព័រណ៍ប្រវត្តិសាស្រ្ត១០០ឆ្នាំ នៃបក្សកុម្មុយនិស្តចិន មានទីតាំងនៅចំនុចប្រសព្វនៃផ្លូវ Beichen East និង Datun North Road ក្នុងសង្កាត់ Chaoyang នៃទីក្រុងប៉េកាំង ប្រទេសចិន ដែលនៅជាប់នឹងស្តាតអូឡាំពិកបៃតង។
សាលពិព័រណ៍នេះត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានឃោសនាកណ្តាលនៃបក្សកុម្មុយនិស្តចិន។ គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តចិន បានសម្រេចចិត្តសាងសង់សាលប្រវត្តិសាស្រ្តនេះឡើង ដើម្បីបង្ហាញយ៉ាងពេញលេញនូវប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន បន្ទាប់ពីសមាជជាតិលើកទី១៩ នៃបក្សកុម្មុយនិស្តចិន។ គម្រោងសាងសង់បានចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ ហើយត្រូវបានបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១។
ការសាងសង់សាលពិព័រណ៍ប្រតត្តិសាស្រ្តនេះ ប្រើប្រាស់កម្លាំងកម្មករជិត៥ម៉ឺននាក់។ នៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២១ សារមន្ទីរបានប្រារព្វពិធីបើកជាផ្លូវការ។ នៅថ្ងៃដដែលនោះ មេដឹកនាំបក្ស ឯកឧត្តម Xi Jinping, Li Keqiang, Li Zhanshu, Wang Yang, Wang Huning, Zhao Leji, Han Zheng, Wang Qishan និងមេដឹកនាំគណបក្ស និងរដ្ឋផ្សេងទៀតបានទៅទស្សនាសាលពិព័រណ៍ប្រវត្តិសាស្រ្តមួយនេះ។
នៅក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចនោះ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល១០០ឆ្នាំ ដែលថ្នាក់ដឹកនាំកំពូលចិន បានរៀបចំនៅក្នុងសាលពិព័រណ៍នេះ ដែលនេះពិតជាបានរួមចំណែកដ៏ធំធ្វើឲ្យចិនសម្រេចបាន នូវគោលដៅសហសវត្ស ១០០ឆ្នាំទី១របស់ខ្លួន ហើយនឹងបន្តឈានទៅសម្រេចគោលដៅសហសវត្តទី២ ប្រែក្លាយចិនទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ២០៤៩។
សូមបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៦ ប្រទេសទាំងពីរកម្ពុជា-ចិន បានតម្លើងទំនាក់ទំនងទ្វេភាគីទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម វ៉េន ជាប៉ាវ នាយករដ្ឋមន្រ្តីចិនមកកាន់កម្ពុជា ពីថ្ងៃទី៧ ទី៨ ខែមេសា ឆ្នាំ២០០៦ នៅកម្ពុជា។ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ប្រទេសទាំងពីរបានដំឡើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០។ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ប្រទេសទាំងពីរកម្ពុជា-ចិនបានចុះហត្ថលេខាលើផែនការសកម្មភាពដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជាចិន (២០១៩-២០២៣) ក្នុងឱកាសសម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី២ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៣ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅប្រទេសចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជានិងចិនបានឯកភាពបង្កើត ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយមានវិស័យអាទិភាពចំនួន៦រួមមាន ១កិច្ចសហប្រតិបត្តិការនយោបាយ ២គុណភាព និងសមត្ថភាពផលិតកម្ម ៣កសិកម្ម ៤ថាមពល ៥សន្តិសុខ និង៦ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន និងច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីសម្រេចចក្ខុវិស័យអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងច្រករបៀងមច្ឆា និងអង្ករដើម្បីឲ្យជាប៉ូលសេដ្ឋកិច្ចទី៤ គ្រប់ដណ្តប់ខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ដែលសំបូរត្រី ស្រូវ និងទឹក។
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា និងចិន បានចុះហត្ថលេខាលើ ផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៤) ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង ប្រទេសចិន ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំចិន ហើយក្នុងជំនួបជាមួយឯកឧត្តម ស៊ី ជិនពីង ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា កំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន។
កម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៣ ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ហើយបានរួមគ្នាប្រារព្វពិធីអនអរសាទរជាច្រើន ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងមិត្តភាព រវាងប្រទេសទាំងពីរកម្ពុជា ចិន។ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជា ចិន បានសហការគ្នារៀបចំសកម្មភាពដ៏អធឹកអធមជាច្រើន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរួមទាំងការផ្លាស់ប្តូរលិខិតជូនពររវាងថ្នាក់ដឹកនាំកំពូល និងពិធីជប់លៀងរៀបចំដោយស្ថានទូតនៃប្រទេសទាំងពីររៀងៗខ្លួន៕
-
ព័ត៌មាន1 week ago
បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង បង្កឲ្យរងរបួសមនុស្ស ៤នាក់
-
ព័ត៌មាន6 days ago
រយៈពេល១៥ខែមកនេះ សម្ដេចធិបតីប្រើយុទ្ធសាស្រ្ដឈ្នះឈ្នះ ដោះវិវាទដីធ្លី ជូនពលរដ្ឋបានរាប់ម៉ឺនហិកតា
-
ព័ត៌មាន6 days ago
សម្តេចធិបតី អំពាវនាវដល់ពលរដ្ឋកុំជឿការញុះញង់របស់ក្រុមឧទ្ទាមក្រៅប្រទេស ត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព
-
ព័ត៌មាន1 week ago
មន្ត្រីជំនាញឆ្មក់បង្រ្កាបបទល្មើសជលផលពេលយប់នៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
-
ព័ត៌មាន6 days ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដោយបង្ហាញនវានុវត្តន៍ និងការរីកចម្រើនរបស់សហគ្រិនកម្ពុជា
-
ព័ត៌មាន1 week ago
សម្ដេចធិបតី៖ ទំនាក់ទំនងពិសេសជិតស្និទ្ធកម្ពុជា-ចិន គឺជាដៃគូវិនិយោគ និងយុទ្ធសាស្រ្ដដ៏ធំបំផុតនៅកម្ពុជា
-
ព័ត៌មាន1 week ago
សម្ដេចធិបបតី៖ កិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCET នឹងនាំមកនូវលទ្ធផលជាផ្លែផ្កាដល់ការវិនិយោគនៅកម្ពុជា