ព័ត៌មាន
រដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យវារីវប្បកម្មលើកស្ទួយកំណើនប្រាក់ចំណូលដល់ពលរដ្ឋ
ភ្នំពេញ៖ មកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្ម ដើម្បីចូលរួមធានាសន្តិសុខស្បៀងប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព។
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសប្តាហ៍កន្លងទៅ បានមានប្រសាសន៍ថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ គឺ៖ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន,ការដាក់ពង្រាយមន្ត្រីឃុំ សង្កាត់, ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
ឯកឧត្តម បានបន្តថា ផ្អែកតាមគោលនយោបាយរបស់រាជដ្ឋាភិបាល ក្រសួងកសិកម្មមានចក្ខវិស័យ កសិកម្មគឺបន្តធានាសន្តិសុខស្បៀងកម្ពុជា ភាពប្រកួតប្រជែងប្រកបដោយនិរន្តរភាព ហើយវិស័យកសិកម្មនៅតែ រួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ គោលនយោបាយកសិកម្មគឺ៖ ទី១.កសិករមានហូប ទី២.មានប្រើ ទី៣.មានបាន និងទី៤.មានរហូត។
ជុំវិញការលើកខាងលើនេះ លោក កូយ ចន្ឌី សព្វថ្ងៃជានិស្សិតឆ្នាំទី៤ នៃមហាវិទ្យាល័យជលផល និងវារីវប្បកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា តាមរយៈការរៀបចំពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ កន្លងទៅថ្មីៗនេះដែលផ្តួចផ្តើមឡើងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិតជាមានសារៈសំខាន់ណាស់ និងបានចូលរួមចំណែកជាច្រើនក្នុងការផ្តល់ចំណេះដឹង បច្ចេកទេស ដូចជាការចិញ្ចឹម ការគ្រប់គ្រង និងបង្កើតទំនាក់ទំនងជាដើមទៅដល់អ្នកកំពុងប្រកប អាជីវកម្មក្នុងវិស័យនេះឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀតក្នុងវិស័យទាំងនេះ។
លោក រី វុទ្ធី វារីវប្បករមកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានលើកឡើងស្រដៀងដែរថា ទៅថ្ងៃខាងមុខចង់ឲ្យក្រសួងកសិកម្ម រៀបចំកម្មវិធីបែបនេះបន្តទៀតដើម្បីជំរុញការធ្វើទំនាក់ទំនង ចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្ម។ ជាពិសេសបង្កើនការយល់ដឹងឲ្យបានទូលំទូលាយអំពីអនុវិស័យវារីវប្បកម្មនៅកម្ពុជា។
នៅថ្ងៃទី៦ និង៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគុណភាព និងលើកកម្ពស់ស្នាដៃរបស់វារីវប្បកម្មខ្មែរ បង្កើនការយល់ដឹងជាសាធារណៈ អំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់បច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការទំនាក់ទំនងកិច្ចសហការ រវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់្លវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម