ព័ត៌មាន
សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជារយៈពេលពីរថ្ងៃបញ្ចប់ដោយស្មារតី ឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់
ភ្នំពេញ៖ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី ៥ របស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន គណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុ ប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មា ធិការកណ្តាល។
ចូលរួមក្នុងសន្និបាត រួមមាន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជា សមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្ស ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងអង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣ ៥៥៥ រូប។
អង្គសន្និបាតបានសម្តែងគារវភក្ដីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ សូមមានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សុខ ក្សេមក្សាន្តនៃប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី ជារៀងដរាប។
អង្គសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការ ទទួលខុសត្រូវខ្ពស់ដោយក្នុងរយៈពេលពីរថ្ងៃនេះ អង្គសន្និបាតបានសម្រេចការងារដូចជា៖
ទី១ ពិភាក្សា និងអនុម័តរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ច ឆ្នាំ២០២៥។ ទី២ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន ៤ រូប រួមមាន សម្តេចមហាមន្ត្រី គុយ សុផល, ឯកឧត្តម ធន់ វឌ្ឍនា, ឯកឧត្តម ម៉ម សារិន និងឯកឧត្តម តាក ស៊ុនអ៊ី ។ ទី៣ គាំទ្រទាំងស្រុងរបាយការណ៍បន្ថែមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពី «ស្ថានការណ៍ទូទៅ ជាពិសេសការងារសេដ្ឋកិច្ច សង្គម»។ ទី៤ បានជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សស្តីពីទស្សនៈសភាពការណ៍ជាតិសភាពការណ៍អន្តរជាតិ និងទិសដៅការងាររបស់គណបក្សសម្រាប់រយៈពេលបន្ត។
អង្គសន្និបាតសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យកអស់កម្លាំងកាយកម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយគោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។
អង្គសន្និបាត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ៤៦ ឆ្នាំកន្លងមកនេះធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជនប្រកបដោយជោគជ័យ។ គណបក្សប្រជាជនកម្ពុជាក៏អំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូលបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿង លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍៕








-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា