ព័ត៌មាន
អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះដំណើរការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចរបស់រាជរដ្ឋាភិបាលស្របតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»
ភ្នំពេញ៖ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី ៥ របស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន គណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុ ប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មា ធិការកណ្តាល។
តាមរយៈលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជារយៈពេលពីរថ្ងៃនេះ អង្គសន្និបាតបានវាយតម្លៃចំពោះដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលត្រូវបាន យកចិត្តទុកដាក់ជំរុញអនុវត្តស្របតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ធ្វើឱ្យមានសន្ទុះរីកចម្រើនថ្មីៗទៀតក្នុងគ្រប់ការដ្ឋាននៃការកែទម្រង់។ ជាពិសេស តាមរយៈការអនុវត្តវិធានការគន្លឹះទាំង ៥ បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា, ការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម, ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សង្គម។ ជាមួយគ្នានេះ ការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវបានពង្រឹងជាប្រចាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងទិសដៅកសាងសង្គមប្រកបដោយភាពស្អាតស្អំ យុត្តិធម៌ និងភាពថ្លៃថ្នូរ។
អង្គសន្និបាតបានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែល បានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០%, អភិផរណាមានអត្រាទាប ០,៨%, អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល រីឯទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ២២ ៥១១ លានដុល្លារអាមេរិក ដែលអាចធានាការនាំចូលបានប្រមាណ៧ខែ ក្នុងឆ្នាំ២០២៤ ជាមួយនេះស្ថានភាពការងារក៏មានស្ថិរភាព។ លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ដែលបានឆ្លុះបញ្ចាំងតាមរយៈផលិតផលក្នុងស្រុកជាមធ្យមក្នុងមនុស្សមួយនាក់ ២៥២០ ដុល្លារ ក្នុងឆ្នាំ ២០២៣ ដល់ប្រមាណ ២៧១៣ ដុល្លារ ក្នុងឆ្នាំ ២០២៤។ លើមូលដ្ឋានការរីកចម្រើននេះ ឆ្នាំ ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងបន្តទើបក្នុងអត្រាកំណើន ៦.៣%។ ឆ្លងតាមការវិវឌ្ឍនេះ ឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករកស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ។
ជាមួយនឹងការរីកចម្រើនខាងសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានបន្តអនុវត្តយ៉ាងសកម្មនូវ «ក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០១៦-២០២៥ រួមទាំងកម្មវិធីគោលនយោបាយជាអាទិភាពទាំង ៦ ដែលបានផ្តល់ ផលវិជ្ជមានដល់ការរក្សាស្ថិរភាពជីវភាព និងការពង្រឹងសុខុមាលភាពប្រជាជន ការបណ្តុះបណ្តាលមុនជំនាញ និងដោះស្រាយការងារធ្វើ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការបង្កើតកិច្ចគាំពារសង្គមដល់ប្រជាជនក្រីក្រ និងងាយាងហានិភ័យ។
បច្ចុប្បន្ន វិសាលភាពនៃការគ្របដណ្តប់របស់ប្រព័ន្ធគាំពារសង្គមបានរីកធំជាងមុន២ដង បើធៀបនឹងឆ្នាំ ២០១៧ ដោយបានគ្របដណ្តប់ពលរដ្ឋជាង៧លាននាក់។ ប្រាក់បៀវត្សរបស់មន្ត្រីរាជការកងកម្លាំងប្រដាប់ អាវុធ និវត្តជន និងអតីតយុទ្ធជនត្រូវបានដំឡើងមួយកម្រិតទៀត។ ព្រមជាមួយនេះ ជីវភាពរបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក៏បានលើកកម្ពស់ជាលំដាប់តាមរយៈការពង្រឹងលក្ខខណ្ឌការងារ ការពង្រឹងរបេប សន្តិសុខសង្គម និងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ២០៨ ដុល្លារអាមេរិកក្នុងមួយខែសម្រាប់ឆ្នាំ ២០២៥ នេះ។ បើបូកសរុបទាំងអត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតអាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២២៥ ដល់ ២៣៦ ដុល្លារ យ៉ាងតិចក្នុង១ខែ៕










-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល