ព័ត៌មាន
អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា ដាក់ចេញទិសដៅពង្រឹងធ្លុងមហាសាមគ្គីជាតិ និងការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិពីកម្លាំងអមិត្ត ឬក្រុមជ្រុលនិយម
ភ្នំពេញ៖ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី ៥ របស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន គណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុ ប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មា ធិការកណ្តាល។
តាមរយៈលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជារយៈពេលពីរថ្ងៃនេះ អង្គសន្និបាតបានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ ជាពិសេសអង្គសន្និបាតបានពិនិត្យឃើញថា សភាពការណ៍ជាតិនៅតែបន្តជួបការលំបាកជាច្រើន ដែលបណ្តាលមកពីទំនាក់ទំនងរវាងតម្រូវការនៃការលើកកម្ពស់ជីវភាពប្រជាជន និងលទ្ធភាពនៃការផ្គត់ផ្គង់របស់សេដ្ឋកិច្ចជាតិនៅមានកម្រិត ការលំបាកដែលបណ្តាលមកពីសកម្មភាពប្រទូសរ៉ាយឥតឈប់ឈររបស់ពួកប្រឆាំងជ្រុលនិយម ដែលមានមជ្ឈដ្ឋានអគតិខាងក្រៅមួយចំនួននៅពីក្រោយប៉ុនប៉ងផ្តួលរំលំ គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលដោយស្របច្បាប់ហើយព្រមជាមួយនេះ សភាពការណ៍អន្តរជាតិក៏កាន់តែស្លុគស្មាញឡើងៗ។
កត្តាទាំងនេះបាននិងកំពុងជះឥទ្ធិពលមកលើដំណើរការអនុវត្តគោលនយោបាយរបស់គណបក្ស លើគ្រប់ទិដ្ឋភាព ដូចជាបញ្ហាសន្តិភាព និងស្ថិរភាពនយោបាយ, បញ្ហាអធិបតេយ្យជាតិ, បញ្ហាព្រំដែន និងបូរណភាពទឹកដី, បញ្ហាដោះស្រាយជីវភាពប្រជាជន ជាដើម។ លើមូលដ្ឋាននេះដើម្បីការពាររាល់សមិទ្ធផល សង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត សន្និបាតបានដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ ២០២៥ គឺ៖ ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារ យ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុល និយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។
ក្នុងស្មារតីនេះ បន្តលើកកម្ពស់ការអនុវត្តពាក្យស្លោក «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិកមគ្គុ ទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ឈ្នះ! ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។ បំផុសស្មារតីប្រជាជនទាំងមូលឱ្យយល់ច្បាស់អំពី គុណតម្លៃនៃសុខសន្តិភាព ហើយចូលរួមថែរក្សា និងការពារ ឱ្យបានដាច់ខាតនូវ សុខសន្តិភាព ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។ គាំទ្រពេញទំហឹងដល់ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីធានាការអនុវត្តដោយជោគជ័យនូវកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព មានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នួល និងមានអាទិភាពគន្លឹះ ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅជំរុញសន្ទុះកំណើនសេដ្ឋកិច្ចធ្វើឱ្យប្រទេសកម្ពុជាក្លាយប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ នឹងកសាងមូលដ្ឋានឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
ព្រមជាមួយនេះសន្និបាតគាំទ្រយ៉ាងមុតមាំចំពោះវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការពារកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។ ពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋតាមកន្លងនីតិរដ្ឋ បង្កើនការ អប់រំ និងការអនុវត្តច្បាប់ ពង្រីកកិច្ចសហប្រតិបត្តិករជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានចម្រើនជឿនលឿនទាំងអស់ ដើម្បីការពារ សន្តិភាព ជំរុញភាពអភិវឌ្ឍជាតិ និងពង្រឹងសុខដុមនីយកម្មសង្គមៗ។ រក្សាស្ថិរភាពក្នុងការស់នៅ និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូបតាមរយៈការថែទាំសុខភាព ការបង្កើន ការងារធ្វើ ការពង្រីកមុខរបរចិញ្ចឹមជីវិត ការបណ្តុះបណ្តាលមុខជំនាញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការដោះស្រាយ ផ្នែកសិផល ការពង្រឹងសុវត្ថិភាពភូមិ ឃុំ សង្កាត់ និងជាពិសេសការពង្រឹងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខ សង្គម ឱ្យកាន់តែមានវិសាលភាព ប្រសិទ្ធភាព និងធានាចីរភាពខាងហិរញ្ញវត្ថុ ដោយត្រូវយកចិត្តទុកដាក់ជំរុញការ អនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ ព្រមទាំងយុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឆ្នាំ ២០១៣-២០២៨ របស់រាជរដ្ឋាភិបាល៕

-
ព័ត៌មាន1 week ago
PRESS BRIEFING | Update on the Implementation of the Immediate and Unconditional Ceasefire Agreement between Cambodia and Thailand
-
ព័ត៌មាន1 week ago
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនវីរភាពកងទ័ពពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week ago
PRESS BRIEFING | Update on the implementation of the Immediate and Unconditional Ceasefire Agreement between Cambodia and Thailand
-
ព័ត៌មាន6 days ago
PRESS BRIEFING | Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand
-
ព័ត៌មាន4 days ago
[BREAKING] Thai troops continue to violate Cambodian sovereignty by illegally encroaching in Anseh area
-
ព័ត៌មាន3 days ago
TOP STORY | Senate President Samdech Techo Hun Sen addresses circulating assassination claims and drone aid, amid ongoing Cambodia-Thailand border conflict:
-
ព័ត៌មាន5 days ago
TOP STORY | សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងចាត់វិធានការផ្សេងៗដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាទាំង១៨រូបដែលថៃចាប់ខ្លួនឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព
-
កីឡា4 days ago
ជឺជីតស៊ូកម្ពុជាបញ្ជូនកីឡាករ ២រូប ចូលរួមប្រកួតព្រឹត្តិការណ៍ World Games នៅចិន