ព័ត៌មាន
ដើមឆ្នាំ២០២៥ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីចុះពិនិត្យផ្ទាល់ចំពោះការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលដល់ពលរដ្ឋនៅមូលដ្ឋាន
ដើមឆ្នាំថ្មី ២០២៥នេះ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តចុះពិនិត្យដោយផ្ទាល់លើការអនុវត្តគោលនយោបាយនានារបស់ក្រសួង ស្ថាប័ន ចំពោះការផ្ដល់សេវា និងជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ខណៈកាលពីឆ្នាំដំបូងនៃអាណត្តិទី៧នេះសម្ដេចនាយករដ្ឋមន្រ្ដីធ្លាប់មានប្រសាសន៍ប្រាប់ទៅមន្រ្ដីនៅក្នុងឱកាសពិធីសម្ពោធសមិទ្ធផលនានាថា នៅឆ្នាំទី២ នៃអាណត្តិនេះសម្ដេចនឹងចុះពិនិត្យដោយផ្ទាល់លើការអនុវត្តគោលនយោបាយរបស់ក្រសួង ស្ថាប័ន និងតាមបណ្ដាខេត្ត។

ជាក់ស្ដែងក្រោយសម្ដេចបានដាក់បទបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ត្រៀមជួយដោះស្រាយបញ្ហាប្រជាកសិករខ្វះខាតទឹកធ្វើស្រែប្រាំងកាលពីដើមខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្រ្ដីរួចមក, នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចនាយករដ្ឋមន្រ្ដីបានចុះពិនិត្យដោយផ្ទាល់ចំពោះសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅស្រុកស្អាង ខេត្តកណ្ដាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលមានស្រូវរងគ្រោះខ្វះទឹកជិត ៦ ពាន់ហិកតា។ ក្នុងឱកាសនោះសម្ដេចធិបតីបានណែនាំឱ្យធ្វើការអន្តរាគមន៍ដែលឈរលើមានប្រភពទឹកគ្រប់គ្រាន់, ដោយរាជរដ្ឋាភិបាល ខិតខំគ្រប់លទ្ធភាពក្នុងការបូមទឹកសង្គ្រោះផង ហើយក៏បានអន្តរាគមន៍ពង្វាងទឹកចេញពីទំនប់ទឹកតាសាល មកបំពេញបន្ថែមក្នុងទន្លេបាទី ដើម្បីអាចនឹងធានាដល់ការប្រើប្រាស់នារដូវប្រាំងខាងមុខផងដែរ។

មកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបន្តចុះជួបជាមួយបងប្អូនប្រជាកសិករនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទី នៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីបានស្តាប់ផ្ទាល់ពីបងប្អូនកសិករអំពីស្ថានភាពស្វាយចន្ទី និងអត្ថប្រយោជន៍ ឬបញ្ហាប្រឈមនានានៃការចូលរួមជាមួយសហគមន៍កសិកម្មទំនើបដែលផ្តួចផ្តើម និងគាំទ្រដោយក្រសួងកសិកម្ម។
សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣ គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១០០០តោន។

ក្នុងឱកាសនោះសម្ដេចធិបតីបាន កោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៧០% និងគ្រាប់ស្វាយចន្ទីស្ងួត ៣០% ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥%។ បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្រ្ដីក៏បានវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្មក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។

សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាចទទួលបាននូវយន្តការគាំទ្រចំនួនពីរ ដូចជា៖ ១/. ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម និងទី២/. មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម។

ក្រោយជួបសំណេះសំណាលជាមួយប្រជាសហគមន៍ក្នុងស្រុកប្រាសាទសំបូរ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករប្រមាណជាង ១៦០០ ហិកតា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំផងដែរ។ ក្នុងឱកាសនោះសម្ដេចធិបតីបានមានប្រសាសន៍ថា ដើម្បីឱ្យការបង្កបង្កើនផលស្រូវប្រាំង បានកាន់តែច្រើន និងមានគុណភាពខ្ពស់ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពទឹកនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព៕




-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន3 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់
-
ព័ត៌មាន1 week agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន1 week agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង
-
ព័ត៌មាន4 days agoឯកឧត្ដម ហ៊ុន ម៉ានី៖ «តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់»
-
ព័ត៌មាន2 days agoក្រសួងមហាផ្ទៃបង្ហាញលទ្ធផលកោសល្យវិច័យ ខណៈបណ្ដាញព័ត៌មានថៃផ្សាយថា ពុំមានការស្លាប់នៅភូមិព្រៃចាន់