Connect with us

ព័ត៌មាន

គណៈកម្មការទី៨ នៃរដ្ឋសភាចុះពិនិត្យស្វែងយល់ពីវឌ្ឍនភាពការងារ និងការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហា​ប្រឈម និងការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលស្ថិតនៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ជម្រាប​ជូនមន្ទីរពេទ្យ​ពី​គោល​បំណង​នៃ​បេសក​កម្ម​នេះ គឺដើម្បីពិនិត្យលើកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និង​យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងការផ្តល់ការថែទាំ​សុខភាព​ឆ្ពោះ​ទៅ​កម្ម​វិធី​គ្រប​ដណ្តប់​សុខភាពជាសកល ការពង្រីកការថែទាំសុខភាពរបស់របបសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស. ទាំងសម្រាប់កម្មករ និយោជិត និងមន្រ្តីសាធារណៈ​ដែល​គ្រប​ដណ្តប់​បន្ថែម​ដោយ​សមាជិក​គ្រួសារនៅក្នុងបន្ទុក ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ និងមូល​និធិ​សមធម៌។

លោកជំទាវ យ៉ក់ សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់ គណៈកម្មការ រដ្ឋសភា ដែលបានចុះពិនិត្យវឌ្ឍនភាព និងទស្សន​កិច្ច​នៅ​មន្ទីរ​ពេទ្យ​ជាក់​ស្ដែង​នៅ​ផ្នែក​សង្គ្រោះបន្ទាន់ មន្ទីរពិសោធន៍ ពិគ្រោះជំងឺក្រៅ និងពិនិត្យសុខភាព រូបភាពវេជ្ជសាស្ត្រ (CT scan, MRI) សម្ភព និងរោគស្ត្រី ដើម្បីសួរសុខទុក្ខស្ដ្រី​ដែល​បាន​អញ្ជើញ​មក​ទទួលសេវា​ពិនិត្យ​ផ្ទៃ​ពោះ​នៅ​មន្ទីរពេទ្យជាតិ តេជោសន្ដិភាពផងដែរ។

លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ បានធ្វើបទ​បង្ហាញ​ស្ដីពី​វឌ្ឍនភាព​នៃ​ការ​ផ្ដល់​សេវា​របស់​មន្ទីរពេទ្យក្នុងឆ្នាំ២០២៤ ដោយបញ្ជាក់ថា មន្ទីរពេទ្យមានកំណើន​អ្នក​ជំងឺ​មក​ទទួល​សេវា​យ៉ាង​ច្រើនលើសលប់ មន្ទីរពេទ្យបានពង្រីកវិសាលភាពក្នុងការផ្ដល់សេវាបន្ថែមរួមមាន ទីតាំង​ពិគ្រោះជំងឺក្រៅ និងពិនិត្យសុខភាពបន្ថែម ឱសថស្ថានថ្មី១កន្លែង គ្លីនិកព្យាបាល​ដោយ​ចលនា និងសេវាប្រឹក្សាការអភិវឌ្ឍកុមារ សេវាត្រចៀក ច្រមុះ និងបំពង់ក គ្លីនិក​សុខភាព​មាត់​ធ្មេញ គ្លីនិកចក្ខុសាស្ត្រ និងបន្ទប់VIPសម្រាកព្យាបាលសម្រាប់ផ្នែកសម្ភព និងរោគស្ត្រី។

មន្ទីរ​ពេទ្យបានបណ្ដុះស្មារតីឥរិយាបថសីលធម៌គ្រូពេទ្យក្នុងការបម្រើសេវា និងការធ្វើ​ការ​បដិ​សណ្ឋារកិច្ច​យ៉ាងកក់ក្ដៅដល់ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាល និងពិនិត្យសុខភាព ហើយមន្ទីរពេទ្យក៏បានត្រៀមបម្រុងគ្រប់ពេលក្នុងការឆ្លើយតបការផ្ទុះឡើងនូវជំងឺឆ្លង និងប្ដេជ្ញា​បន្ដ​ផ្ដល់​សេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាពដោយមិនរើសអើង។

បន្ទាប់ពី​បានស្តាប់ការធ្វើបទបង្ហាញពីលោកនាយកមន្ទីរពេទ្យរួចមក លោកជំទាវ ឡោក ខេង បានកោតសរសើរចំពោះការដឹកនាំរបស់គណៈកម្មការមន្ទីរពេទ្យ ដោយលោក​ជំទាវ​មិននឹ​ក​ស្មាន​ថា មន្ទីរពេទ្យនេះមានការរីកចម្រើនបានឆាប់រហ័សបែបនេះនោះទេ។

លោកជំទាវប្រធានគណៈកម្មការក៏កោតសរសើរទៅលើទស្សនវិស័យដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងប្រធានព្រឹទ្ធសភា នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដែលបានកសាងមន្ទីរពេទ្យនេះឡើង សម្រាប់ផ្ដល់​ជា​ប្រយោជន៍​ដល់​សុខុមាល​ភាព​សាធារណៈ​។ លោកជំទាវប្រធានបានកោតសរសើរដល់ឯកឧត្តមរដ្ឋមន្ដ្រី ឈាង រ៉ា ដែលបាន​យក​ចិត្ត​ទុក​ដាក់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដោយច្ចុប្បន្នឯកឧត្តម​រដ្ឋ​មន្ដ្រី​បាន​ធ្វើ​យ៉ាង​សកម្ម និងផ្សព្វផ្សាយបានទូលំទូលាយដល់ប្រជាពលរដ្ឋ ក្នុងយុទ្ធនាការនៃការបង្ការជំងឺឆ្លង និង​ជំងឺ​មិន​ឆ្លង ហើយក៏សូមឱ្យ​មន្ទីរ​ពេទ្យ​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ដល់​ជំងឺ​មក​ទទួល​សេវា​នៅ​ទី​នេះ​បន្ថែម​ទៀត​។

លោកជំទាវ ឡោក ខេង ក៏បានស្នើឱ្យមាន​ការផ្សព្វ​ផ្សាយ​អំពី​សេវា​របស់​មន្ទី​រ​ពេទ្យ​នេះ​ឱ្យ​បាន​ទូលំ​ទំលាយ​ជ្រាបដល់ប្រជាពលរដ្ឋថែមទៀតផងដែរ។

ថ្នាក់ដឹកនាំមន្ទីរពេទ្យ​ក៏​បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដូចជាការខ្វះខាតធនធាន​មនុស្ស ដោយសារមានកំណើននៃការមកទទួលសេវាពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើង ហើយ​មន្ទីរ​ពេទ្យ​សំណូមពរ​ឱ្យ​ខាង​បេឡា​ជាតិសន្ដិសុខ​សង្គម​ជួយ​ពន្លឿន​ក្នុង​ការ​ទូទាត់​ថវិកា​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បីមន្ទីរពេទ្យមានលទ្ធភាពបន្ដនិរន្ដរភាពការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ។

ឆ្លើយតបនឹងនឹងការលើកឡើងខាងលើនេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង​បេឡា​ជាតិ​សន្ដិសុខ​សង្គម បានរៀបចំធ្វើការកែសម្រួលពីនីតិវិធីក្នុងការពន្លឿនការទូទាត់ថវិកា ដោយការ​ទូទាត់​ផ្អែកទៅលើឯកសារណាត្រឹមត្រូវតាមការណែនាំខាងប.ស.ស. នឹងបន្ដទូទាត់​ជា​បន្ដ​បន្ទាប់​រាល់​ឯកសារដែលបានកែតម្រូវរួច ហើយនឹងអនុវត្តចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៥នេះតទៅ ដោយ​ខុស​ពីនីតិវិធីចាស់ត្រង់ថា រាល់ឯកសារត្រឹមត្រូវទាំងអស់ទើបអាចទូទាត់បាន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia