ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ហុងគ្រីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាស្នូល
នៅព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភាហុងគ្រី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវអនុប្រធានទី១ រដ្ឋសភាហុងគ្រី និងគណៈប្រតិភូទាំងអស់ រួមមានទាំងសមាជិករដ្ឋសភាមកពីគណបក្សប្រឆាំងនៅហុងគ្រី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកធ្វើទស្សនកិច្ចរបស់លោកជំទាវនាឱកាសនេះ ដែលវានឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងដ៏យូរអង្វែងបន្ថែមទៀតរវាងកម្ពុជា និងហុងគ្រី នៅខណៈដែលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងឈានចូលដល់ខួប៧០ឆ្នាំ នៅឆ្នាំ២០២៦។
នាឱកាសជំនួបនេះ លោកជំទាវអនុប្រធានទី១ រដ្ឋសភាហុងគ្រី បានសម្តែងនូវគារវកិច្ច កិត្តិយស និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតជូនលោកជំទាវ និងគណៈប្រតិភូរដ្ឋសភាហុងគ្រី ចូលជួបសម្តែងការគួរសម។ លោកជំទាវ ក៏បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី គោរពជូន សម្តេចតេជោ ផងដែរ។
លោកជំទាវបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី គឺជាទំនាក់ទំនងដែលមានការគោរពគ្នាទៅវិញទៅមក ហើយកម្ពុជា គឺជាដៃគូលេចធ្លោរបស់ហុងគ្រីនៅក្នុងតំបន់។ រដ្ឋសភានៃប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពជាមួយគ្នា ហើយគណៈប្រតិភូរដ្ឋសភាហុងគ្រី ក៏បានមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កាលពីខែវិច្ឆិកា កន្លងទៅនេះ។ នៅក្នុងបរិបទនេះ លោកជំទាវ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យការទូតសភា ដែលនឹងរួមចំណែកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកជំទាវបានសម្តែងនូវក្តីជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគីនានាផ្សេងទៀត ដូចជារវាងអាស៊ាន និងសហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ទំនាក់ទំនងកម្ពុជា និងហុងគ្រី កាន់តែមានភាពល្អប្រសើរឡើង។
បន្ថែមពីនេះ លោកជំទាវបានលើកឡើងអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហុងគ្រី ដោយនៅក្នុងនោះភាគីទាំងពីរបានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងកម្ពុជា និងហុងគ្រី នៅទីក្រុងប៊ុយដាប៉េស នៅឆ្នាំ២០២៤ ដោយផ្តោតទៅលើវិស័យគ្រប់គ្រងធនធានទឹក កសិកម្ម និងការផ្តល់គម្រោងឥណទាននានា ដូចជានៅក្នុងវិស័យសន្តិសុខស្បៀងជាដើម។ លោកជំទាវក៏បានរំលេចផងដែរថា ហុងគ្រីបានផ្តល់អាហារូបករណ៍ប្រចាំឆ្នាំប្រមាណ៣០កន្លែង ប៉ុន្តែពុំបានប្រើប្រាស់ឱ្យបានអស់សក្តានុពលនោះទេ។ នៅក្នុងន័យនេះលោកជំទាវ លើកទឹកចិត្តជំរុញឱ្យនិស្សិតកម្ពុជាចូលរួមដាក់ពាក្យយកអាហារូបករណ៍នេះ ដើម្បីជាផ្នែកមួយនៃស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជននិងប្រជាជន។ នៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម លោកជំទាវបានសម្តែងនូវក្តីសង្ឃឹមថា ភាគីនៃប្រទេសទាំងពីរនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នា ជាពិសេសការជំរុញទំហំពាណិជ្ជកម្ម ឱ្យសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។
នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិវិញ លោកជំទាវបានគូសបញ្ជាក់ថា រដ្ឋាភិបាលហុងគ្រីទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ។ ម្យ៉ាងទៀត ការអនុម័តធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី នៅក្នុងកិច្ចប្រជុំ IPTP នៅកម្ពុជា ក៏បានបង្ហាញអំពីគោលគំនិតដូចគ្នារវាងកម្ពុជា និងហុងគ្រីផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណលោកជំទាវ ចំពោះការពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី និងលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ ជាពិសេស ពាក្យពេចន៍ដ៏ល្អប្រពៃរបស់លោកជំទាវ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចបានគូសបញ្ជាក់ដោយក្តីរីករាយថា វត្តមានរបស់គណៈប្រតិភូមកពីគណបក្សប្រឆាំងនៅប្រទេសហុងគ្រីនាពេលនេះ បង្ហាញឱ្យឃើញច្បាស់អំពីកុងសង់ស៊ីសរបស់ប្រទេសហុងគ្រីលើទំនាក់ទំនងជាមួយកម្ពុជា ទោះបីជាប្រវត្តិនៃទំនាក់ទំនងនេះបានឆ្លងកាត់ដំណាក់កាល និងរបបខុសៗគ្នាអស់រយៈពេល៦៩ឆ្នាំក៏ដោយ។ សម្តេចបានបន្ថែមថា កម្ពុជាមិនដែលបំភ្លេចនូវការគាំទ្រនិងជំនួយឧបត្ថម្ភនានា ដែលហុងគ្រី បានផ្តល់ដល់កម្ពុជា នៅក្នុងដំណើរស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងដំណាក់កាលទាំងនោះឡើយ។ សម្តេច បានរំលឹកអំពីប្រវត្តិនៃដំណើរទស្សនកិច្ចជាញឹកញ៉ាប់របស់ សម្តេច ទៅហុងគ្រី ចាប់តាំងពីពេលសម្តេច ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ សម្តេចបានចង្អុលបង្ហាញថា ទោះបីស្ថានភាពកម្ពុជាមានការផ្លាស់ប្តូរ ដូចជាការផ្ទេរអំណាចរបស់សម្តេច ជូនអ្នកដឹកនាំបន្តវេនរាជរដ្ឋាភិបាលថ្ម៏ក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា និងហុងគ្រី មិនផ្លាស់ប្តូរដែរ។
ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចបានលើកឡើងជាអនុសាសន៍ឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាស្នូល ដោយភាគីទាំងពីរអាចស្វែងរកចំណុចកិច្ចសហប្រតិបត្តិការណា ដែលភាគីទាំងពីរអាចសម្រេចបាន ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងតាមសក្តានុពលដែលមាន។ ទោះយ៉ាងនេះក្តី សម្តេចបានលើកបន្ថែមថា ភាគីទាំងពីរក៏ត្រូវបន្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ផងដែរ ដូចជា វិស័យវប្បធម៌ និងជាពិសេស អប់រំ។ នៅក្នុងបរិបទនេះ សម្តេចបានអំពាវនាវឱ្យភាគីហុងគ្រី បន្តជួយគាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ តាំងពីពេល សម្តេច ជាប្រមុខរាជរដ្ឋាភិបាល។
នៅក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ សម្តេចតេជោ បានជម្រាបជូនលោកជំទាវអំពីការផ្តោតអាទិភាពរបស់ព្រឹទ្ធសភាកម្ពុជា ទៅលើវិស័យចំនួន២ ដែលនោះគឺ ការលើកកម្ពស់ការទូតសភា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលលើកិច្ចការការបរទេស នៅក្នុងបរិបទដែលស្ថានភាពភូមិសាស្រ្តនយោបាយតំបន់និងពិភពលោកមានភាពតានតឹង និងស្មុគស្មាញ និងការធ្វើគណនេយ្យភាពចំពោះអង្គបោះឆ្នោត ដើម្បីសមាជិកព្រឹទ្ធសភាសហការជាមួយអង្គបោះឆ្នោត ផ្សារភ្ជាប់ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ ក្នុងស្មារតីលើកកម្ពស់ការទូតសភា សម្តេច បានសម្តែងនូវបំណងប្រាថ្នាឱ្យមានការបង្កើតក្រុមមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាហុងគ្រីផងដែរ។
ចំពោះបញ្ហាសិទ្ធិមនុស្ស សម្តេចបានថ្លែងអំណរគុណហុងគ្រីដែលបានគ្រាំទ្រធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី ហើយសម្តេចបានគូសបញ្ជាក់ថា តើយើងអាចនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានដែរឬទេ នៅពេលប្រទេសមានសង្គ្រាម ដែលសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ ដូចស្តែងឱ្យឃើញនៅបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់នានា រួមទាំងអឺរ៉ុបផងដែរ។
ក្រៅពីនេះ សម្តេចតេជោ បានពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីស្ថានភាពនិងបញ្ហាតំបន់ និងអន្តរជាតិ និងគោលនយោបាយរបស់ប្រទេសមហាអំណាចផងដែរ។
ជាចុងក្រោយនៃជំនួប សម្តេចតេជោ បានផ្តាំផ្ញើនូវការសួរសុខទុក្ខ តាមរយៈលោកជំទាវអនុប្រធានទី១ រដ្ឋសភាហុងគ្រី ជូនចំពោះឯកឧត្តមប្រធានរដ្ឋសភា ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីហុងគ្រី ផងដែរ។ សម្តេចតេជោ បានជូនពរលោកជំទាវ Marta Martrai និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា៕

-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
-
ព័ត៌មាន5 days ago
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»
-
ព័ត៌មាន1 week ago
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤
-
ព័ត៌មាន1 week ago
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
-
ព័ត៌មាន1 week ago
អភិបាលខេត្តបន្ទាយមានជ័យ៖ ក្រុមការងារពាក់ព័ន្ធកំពុងត្រៀមទទួលពុកម៉ែបងប្អូនមានកន្លែងស្នាក់នៅបណ្តោះអាសន្ន រយៈពេលវែង និងសម្រួលឯកសារពាក់ព័ន្ធ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ អំពាវនាវឱ្យពលរដ្ឋខ្មែរងាកមកប្រើប្រាស់បន្លែផ្លែឈើក្នុងស្រុក ដោយព្រមានបិទការនាំចូលពីថៃ
-
ព័ត៌មាន2 days ago
ឯកឧត្តម ប៉ែន បូណា៖ «នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក»
-
ព័ត៌មាន1 week ago
[BREAKING NEWS] យន្តហោះមួយគ្រឿងទៀតហើយរបស់ Air India ហោះត្រឡប់ទៅហុងកុងវិញ បន្ទាប់ពីបញ្ហាបច្ចេកទេសពាក់កណ្តាលអាកាស