ព័ត៌មាន
ឯកអគ្គរដ្ឋទូតគុយបា និងអភិបាលរាជធានីភ្នំពេញជួបពិភាក្សាការងារពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
មានប្រសាសន៌ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានរំលឹកឡើងនូវគុណនូបការរបស់សាធារណរដ្ឋគុយបា ដែលជាមិត្តចាស់បានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា លើវិស័យសុខាភិបាល អប់រំ និងកសិកម្មនាពេលកន្លងមក ពោលរាប់ចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋគុណបា នាអំឡុងឆ្នាំ១៩៧៩ និងអំឡុងទសវត្ស ៨០ ជាពិសេសការជួយរបស់គុយបា មកកាន់កម្ពុជា ក្រោយកម្ពុជារំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលគុយបា បានរួមចំណែកយ៉ាងធំធេង លើការអភិវឌ្ឍប្រទេសកម្ពុជា ក្រោយកម្ពុជារួចផុតពីសង្គ្រាម។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានរំលឹកថា ជាការពិតចំណងការទូត ដែលផ្តួចផ្តើមឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ និងឯកឧត្តម Fidel Castro បានធ្វើឱ្យកម្ពុជា និងគុយបា មានទំនាក់ទំនងការទូតតាំងពីបុរេប្រវត្តិមក ប៉ុន្តែមកដល់កម្ពុជា នៅសម័យរំដោះឱ្យរួចពីការកាប់សម្លាប់ពីរបស់ ប៉ុល ពត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គទេសការទូត ប្រចាំកម្ពុជានាពេលនោះ ក៏បានរៀបចំទំនាក់ទំនងជាមួយបណ្តាប្រទេសជាច្រើន ដោយឡែក គុយបា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានធ្វើកិច្ចការការទូត ជាមួយនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជា នាពេលនោះផងដែរ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ពាក្យស្លោកកម្ពុជា មួយ បានលើកឡើងថា ជួយគ្នាក្នុងគ្រាក្រ ហើយក្នុងពេលដែលកម្ពុជា ក្រ ក៏មានប្រទេសគុយបាមួយ បានជួយមកលើប្រទេសកម្ពុជា នូវជំនួយឥតសំណងសព្វបែបយ៉ាង ។
ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតគុយបា នូវការត្រៀមលក្ខណៈរួចរាល់របស់អាជ្ញាធររាជធានីភ្នំពេញ នៅក្នុងការជួយជ្រោមជ្រែង លើកិច្ចការងារចាំបាច់ ជាពិសេសក្នុងបេសកកម្មការទូតរបស់លោកជំទាវ ក្នុងទីក្រុងភ្នំពេញ និងការការពារសុខសុវត្ថិភាព របស់ស្ថានទូតគុយបា នៅទីក្រុងភ្នំពេញផងដែរ។
ជាការឆ្លើយតប លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា ឯកអគ្គរដ្ឋទូតគុយបា បានថ្លែងអំរគុណចំពោះ ឯកឧត្តម ឃួង ស្រេង ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាឱ្យលោកជំទាវ និងសហការី អញ្ជើញជួបសម្តែងការគួរសម ព្រមទាំងអរគុណដល់អាជ្ញាធររាជធានីភ្នំពេញ ដែលជានិច្ចជាកាល បានជួយដល់ស្ថានទូតគុយបា ទាំងការរក្សាអនាម័យបរិស្ថានជុំវិញស្ថានទូត និងជាពិសេស សុខសុវត្ថិភាពរបស់មន្ត្រីនៃស្ថានទូតគុយបា ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។
លោកជំទាវ ក៏បានរំលេច នូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ គុយបា-កម្ពុជា ដែលមានទំនាក់ទំនងការទូតយ៉ាងស្អិតរមួត ហើយប្តេជ្ញារក្សាឱ្យបាននូវតម្លៃមិត្តភាព សាមគ្គីភាព និងបន្តឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងនោះលោកជំទាវ ឯកអគ្គរដ្ឋទូតគុយបា ក៏បានស្នើដល់ឯកឧត្តម ឃួង ស្រេង ពិនិត្យលទ្ធភាព ក្នុងការស្វែងរក នូវសាលារៀន ដែលធ្លាប់បានប្រើប្រាស់ឈ្មោះថា ជាសាលាគុយបាកាលពីអតីតកាល នឹងអាចឱ្យស្ថានទូតគុយបា អាចចុះទស្សនកិច្ច និងមានបំណងចង់ដាំដើមឈើ សម្រាប់ទុកជាអនុស្សាវរីយ៍ដែលបង្ហាញពីចំណងមិត្តភាព រវាងគុយបា និងកម្ពុជា ខណៈដែលកិច្ចការងារនេះ ឯកឧត្តម ឃួង ស្រេង បានឯកភាពលើការផ្តល់នូវការគាំទ្រចំពោះកិច្ចការមួយចំនួន ដែលជាសំណើររបស់លោកជំទាវឯកអគ្គរដ្ឋទូត តែយ៉ាងណាមិញ ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់អនុសាសន៍ណែនាំ ឱ្យឯកអគ្គរដ្ឋទូតគុយបា ពិនិត្យ និងពិភាក្សាការងារខាងលើ ជាមួយឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំជាមុនសិន ថាតើអាចមានការរៀបចំបានលើអ្វីខ្លះ ដើម្បីឱ្យសាកសមនឹងតម្លៃនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
បន្ថែមលើនេះ ក្នុងជំនួបរវាងឯកឧត្តម ឃួង ស្រេង និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នា លើការជំរុញការផ្សព្វផ្សាយនូវទំនាក់ទំនងអំពីវប្បធម៌ប្រពៃណីដ៏ផូផង់ រវាងប្រទេសទាំងពីរ ទៅកាន់ប្រជាជនគ្នាទៅវិញទៅមក និងសង្ឃឹមថានឹងអាចមានការចុះអនុស្សារណយោគយល់គ្នា រវាងទីក្រុងឡាហាវ៉ាន និងទីក្រុងភ្នំពេញផងដែរ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា




-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប