ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសឡាវពីរថ្ងៃប្រកបដោយលទ្ធផលត្រចះត្រចង់
នារសៀលរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ ប្រកបដោយលទ្ធផលត្រចះត្រចង់។
វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃដំណើរទស្សនកិច្ចដំបូង ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍រាក់ទាក់ និងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។
នៅថ្ងៃទី៦ ខែកុម្ភៈ នៃដំណើរទស្សនកិច្ចផ្លូវការថ្ងៃដំបូងនេះ សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វីរៈជនពលី។ បន្ទាប់មកសម្តេចតេជោ ប្រធានព្រឹទ្ធសភា អញ្ជើញធ្វើជំនួបទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភាជាតិឡាវ។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាឡាវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ តាមការអញ្ជើញរបស់ឯកឧត្តម។
ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាឡាវ បានបន្តថា ទស្សនកិច្ចរបស់សម្តេចតេជោជាប្រធានព្រឹទ្ធសភា នាពេលនេះ មានសារៈសំខាន់បំផុត ដែលនាំមកនូវមេត្រីភាព មិត្តភាព ក្នុងនាមប្រទេសជាប់ភូមិផងរបងជាមួយគ្នា និងជាអ្នកជិតខាងល្អ ព្រមទាំងការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង។
នាឱកាសនោះ សម្តេចតេជោ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានរដ្ឋសភាឡាវ ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចផ្លូវការ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ សម្តេច និងគណៈប្រតិភូ។ សម្តេចតេជោ បានជូនពរ ឯកឧត្តមប្រធានរដ្ឋសភាឡាវ និងប្រជាជនឡាវ ប្រកបដោយ សិរីសួស្តី ជ័យមង្គល និងវិបុលសុខ ក្នុងឱកាសចូលឆ្នាំសកល២០២៥។ សម្តេចពិតជារីករាយដែលបានជួបឯកឧត្តម ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបចុងក្រោយ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នាឱកាសបំពេញទស្សនកិច្ចផ្លូវការនៅឡាវ ក្នុងនាមជានាយករដ្ឋមន្រ្តី។ សម្តេចតេជោ បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា និងរដ្ឋាភិបាលឡាវ ដែលសម្រេចបានដោយជោគជ័យតួនាទីជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥, ជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ACMECS លើកទី១០។
សម្តេចតេជោ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្ស និងរដ្ឋាភិបាលឡាវ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធ្វើឱ្យជីវភាពប្រជាជនប្រសើរឡើងជាលំដាប់។ សម្តេច ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋឡាវ មិត្តឡាវនឹងជម្នះបានរាល់បញ្ហាប្រឈមដោយជោគជ័យ និងបន្តសម្រេចបានសមិទ្ធផលធំៗ។ បន្ទាប់ពីបញ្ចប់ជំនួបនេះ សម្តេចតេជោ អញ្ជើញទស្សនាអាគារវិមានរដ្ឋសភាជាតិឡាវ និងបានអញ្ជើញដាំដើមឈើជាអនុស្សាវរីយ៍ផងដែរ។
មកដល់រសៀលថ្ងៃទី៦ ខែកុម្ភៈនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបន្តអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅការិយាល័យនាយករដ្ឋមន្ត្រីឡាវ។ ក្នុងឱកាសជំនួបនេះ តាងនាមឱ្យគណបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានសម្តែងនូវការអរគុណដល់គណបក្ស រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានគាំទ្រ ផ្តល់ជំនួយ និងរួមចំណែកដល់ភាពជោគជ័យរបស់ឡាវ ជាប្រធានអាស៊ាន និងក្នុងការរៀបចំកិច្ចប្រជុំព្រឹត្តការណ៍មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី ៤៥, កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូល ACMECS លើកទី១០។
ឯកឧត្តមបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរភាពជោគជ័យរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ នាំមកនូវភាពស៊ីវិល័យ ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងជីវភាពប្រសើរឡើងជាជំហានៗជូនប្រជាជន។ ឯកឧត្តម បានបន្ថែមថា កិត្យានុភាពរបស់កម្ពុជា កាន់តែល្អ នៅលើឆាកតំបន់ និង អន្តរជាតិ។ ឯកឧត្តម ក៏បានផ្តាំផ្ញើការសួរសុខទុក្ខដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង ជូនពរ សម្តេចធិបតី ប្រកបដោយសុខភាពល្អ សុភមង្គល ជោគជ័យក្នុងការអភិវឌ្ឍប្រទេស។
រហូតមកដល់ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមពិធីលាងសាយភោជន៍ផ្លូវការ ដែលរៀបចំដោយ ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ នៅសណ្ឋាគារហូលីដេអ៊ីន រដ្ឋធានីវៀងចន្ទន៍។
ថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ផ្លូវការនេះ ឯកឧត្តម បណ្ឌិត សាយ សំផន កូមិវិហាន បានសម្តែងក្តីរីករាយក្រៃលែង និងកិត្តិយសដ៍ខ្ពង់ខ្ពស់ដែលបានទទួលស្វាគមន៍សម្តេចតេជោជាលើកដំបូង បន្ទាប់ពីសម្តេចជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកនេះ ជាការរិតចំណងមេត្រីភាព មិត្តភាពនិងសាមគ្គីភាព ជាប្រពៃណីតាំងពីយូរលង់ណាស់មកហើយ ក្នុងឋានៈជាប្រទេសភូមិផង របងជាមួយគ្នានិងមានទំនាក់ទំនងល្អទៅវិញទៅមក ជាពិសេសជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាង រដ្ឋាភិបាល រដ្ឋភា ព្រឹទ្ធសភា និងប្រជាជននៃប្រទេសទាំងពីរ។
ថ្លែងនៅក្នុងពិធីជប់លៀងផ្លូវការនេះដែរសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានរៀបចំពិធីជប់លៀងសាយភោជន៍ ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល មិត្តភាព និងកិតិ្តយសដល់គណៈប្រតិភូកម្ពុជានាពេលនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណី ជាបងប្អូន និងយូរអង្វែងរវាងប្រជាជន និងប្រទេសទាំងពីរ។
សម្តេចតេជោ ជឿជាក់ថាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដែលប្រទេសទាំងពីរបានបង្កើតឡើងនៅឆ្នាំ២០១៩ នឹងបន្តឈានទៅមុខយ៉ាងស្វាហាប់ និងត្រូវបានលើកកម្ពស់ថែមទៀត ដោយការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិតទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងក្របខ័ណ្ឌបក្ស៕

-
ព័ត៌មាន6 days ago
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យការិយាល័យបុគ្គលិកសួរនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោកបណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ
-
ព័ត៌មាន5 days ago
សម្ដេចធិបតី ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយលូកលាន់លើកិច្ចការងារបច្ចេកទេស
-
ព័ត៌មាន5 days ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
-
ព័ត៌មាន5 days ago
សម្ដេចធិបតី៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធីប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពាន
-
ព័ត៌មាន5 days ago
សម្ដេចធិបតី លើកទឹកចិត្តនិស្សិតជ័យលាភីបន្តខិតខំស្វែងរកការងារធ្វើទាំងវិស័យសាធារណៈ និងជកជន
-
ព័ត៌មាន3 days ago
ដំឡូងមី និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងត្រូវនាំចេញទៅទីផ្សារចិនក្នុងគ្រាបន្ទាប់
-
ព័ត៌មាន5 days ago
ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ! សម្ដេចតេជោ អំពាវនាវឱ្យជនរួមជាតិក៏ដូចជាអ្នកពាក់ព័ន្ធបញ្ចប់តាមរបៀបឈ្នះ ឈ្នះ
-
កីឡា6 days ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ