ព័ត៌មាន
ផ្លូវថ្មើរជើងមាត់ទន្លេនឹងកាន់តែទាក់ទាញ ខណៈរដ្ឋបាលរាជធានីបង្កើតផ្ទាំងទស្សនិកភាពជាច្រើន
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បង្កើតផ្ទាំងទស្សនីយភាពបុរាណ សម័យ និងសេវានានា រួមទាំងបន្ថែមខ្សែរត់រថយន្តក្រុងដឹកពលរដ្ឋស្ទើរដល់ពាក់កណ្ដាលអាធ្រាត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅកំសាន្តលើផ្លូវថ្មើរជើងតំបន់មាត់ទន្លេ។
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើរជើង (Walk street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង ផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺត្រូវគិតគូររកគន្លឹះនៃការទាក់ទាញ។
ការបញ្ជាក់របស់ឯកឧត្ដម ឃួង ស្រេង បែបនេះបានធ្វើឡើងនារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងអង្គប្រជុំដកបទពិសោធន៍ ផ្លូវថ្មើរជើង នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោយពីបើកសាកល្បងផ្លូវថ្មើរជើង រយៈពេល២ថ្ងៃ នាសប្តាហ៍មុននេះ ឃើញថា មានអ្នកគាំទ្រ និងចូលទៅដើរលេងកំសាន្តច្រើន ពោលគឺនៅថ្ងៃទី២ បានកើនឡើងច្រើនជាងថ្ងៃទី១។ នេះបានបង្ហាញឱ្យឃើញពីភាពជោគជ័យមួយជំហានហើយ។ ទន្ទឹមនិងនេះរដ្ឋបាលរាជធានីក៏បានមើលឃើញពីចំណុចចន្លោះប្រហោងមួយចំនួនផងដែរ។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ដើម្បីរកធាតុចូលយកមកអនុវត្តឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានបញ្ជាក់ថា ជាជំហានបន្តនេះ ត្រូវដោះស្រាយរកចំណតសំរាប់ម៉ូតូ សំរាប់ប្រជាពលរដ្ឋដែលមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើងនេះ។ បន្តមកទៀតការរៀបចំឱ្យមានការប្រគំតន្ត្រីសម័យ បុរាណ ដូចជារបាំងគោះត្រឡោក ចាប៉ីដងវែង កន្លែងគូរគំនូរ កន្លែងអានសៀវភៅ កន្លែងលក់វត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។ តាមរយៈការបើកដំណើរការសាល្បងផ្លូវថ្មើរជើង ២ថ្ងៃកន្លងមកនេះ បើបន្ថែមការរៀបចំចំណតម៉ូតូ និងការរៀបចំការប្រគុំតន្ត្រីសម័យ បុរាណច្រើនទៀតនោះ ភ្ញៀវនឹងមកលេងកំសាន្តកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្ដម ឃួង ស្រេង ក៏បានជម្រុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ដាក់ភ្លើងបំភ្លឺនៅកន្លែងដែលមានភាពងងឹត បំពាក់អំពូលភ្លើងទាក់ទាញ ជម្រុញឱ្យមានការសម្អាតអនាម័យបរិស្ថាន សំខាន់ទីតាំងនេះត្រូវតែស្អាតមានសោភណ្ឌភាពជាកន្លែងទាក់ទាញ។ ជាមួយគ្នានេះត្រូវបន្ថែមខ្សែរត់ របស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈចំនួន ៣ខ្សែដែលមានស្រាប់មកកាន់ទីតាំងផ្លូវថ្មើជើង ដោយបន្ថែមម៉ោងរហូតដល់ម៉ោង១១យប់ ដើម្បីដឹកប្រជាពលរដ្ឋទៅលំនៅដ្ឋានវិញ។ ខ្សែរត់រថយន្តក្រុងដែលកំពុងប្រតិបត្តិការនៅក្បែរតំបន់ផ្លូវថ្មើរជើង មានចំនួនមាន ៣ខ្សែរត់ គឺខ្សែ ២A ចេញដំណើរពីស្ថានីយរថយន្តក្រុងកួចកាណុង ដល់ស្ថានីយរថយន្តក្រុងព្រែកសំរោង ក្រុងតាខ្មៅ។ ខ្សែលេខ៣ ចេញដំណើរពីស្ថានីយសួនច្បារឬស្សីកែវ ដល់ស្ថានីយបុរីសន្តិភាព ២ និងខ្សែរត់ទី៣ គឺខ្សែ៤A ចេញដំណើរពីស្ថានីយសួនច្បារឬស្សីកែវ ដល់ស្ថានីយបុរីសន្តិភាព២។
គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street)នេះ បើកនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង ផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

-
ព័ត៌មាន2 days ago
ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជាទាំងក្នុងថ្នាក់តំបន់ និងពិភពលោក
-
ព័ត៌មាន1 day ago
ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
-
ព័ត៌មាន2 days ago
នាវាកងស្វ័យការពារជើងទឹកជប៉ុន ពីរគ្រឿង ចូលសំចតទស្សនកិច្ចនៅកម្ពុជា
-
ព័ត៌មាន4 days ago
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង
-
ព័ត៌មាន4 days ago
សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរនិងពលរដ្ឋជាង៦សែននាក់បានចូលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្ត
-
ព័ត៌មាន5 days ago
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មាន1 day ago
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
-
ព័ត៌មាន1 week ago
កម្មករ កម្មការិនីជាង ២ពាន់នាក់ ជួបប្រជុំគ្នាដើម្បី អបអរឆ្នាំថ្មីប្រពៃណីជាតិ មុនឈប់សម្រាកពីការងារ